សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង អនុប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសព បានអញ្ជើញត្រួតពិនិត្យទីតាំង សាងសង់មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានទីតាំងស្ថិតនៅមុខវត្តបុទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ។
នៅក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យដល់ទីកន្លែង នៃការសាងសង់មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោនាយករដ្ឋមន្រ្តី បានពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើគំរោងប្លង់មេ ដែលរៀបចំរចនាដោយក្រុមហ៊ុនសំណង់។ តាមរយៈនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមហ៊ុនសំណង់ត្រូវយកចិត្តទុកដាក់រៀបចំ កសាងមេនបូជាសពស្របតាមរចនាបទខ្មែរ និងមានលក្ខណៈបច្ចេកទេសរឹងមាំ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់នូវវិធានការមុតមាំ ដល់ក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណា ខិតខំសាងសង់មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ឲ្យបានហើយរួចរាល់ទៅតាមពេលវេលាដែលបានគ្រោងទុក ពិសេសត្រូវរៀបចំកសាងនូវសោភណភាពឲ្យមានលក្ខណៈស្របបំព្រង និងប្រកបទៅដោយការទាក់ទាញ សក្តិសមទៅនឹងកត្តិនាមដ៏ឧត្តង្គឧត្តមរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលក្នុងមួយជីវិតរបស់សម្តេច សម្តេចបានបូជានូវកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្ររហូតដល់ដំណាក់កាលចុងក្រោយដែលគ្មានការវិលត្រឡប់វិញបាននោះ។
សូម បញ្ជាក់ដែរថា មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ត្រូវបានក្រុមហ៊ុនសំណង់ បានខិតខំកសាងយ៉ាងសំរិតសំរាំង ស្របទៅតាមស្តង់ដានិងរចនាបទខ្មែរ ពិសេសការសាងសង់នូវសោភណភាពនៅ ជុំវិញបរិវេណនៃទីកន្លែងបូជាសព តាមរយៈការតុបតែងភ្លើងពណ៌ផ្កាភ្ញីផ្សេងៗ។ បើតាមការអះអាងពីក្រុមហ៊ុនសាងសង់បានឲ្យដឹងថា មេនបូជាសពដែលបានសាងសង់រយៈពេលជិត១សប្តាហ៍មកនេះ រាល់សំណង់ដែលជាផ្នែករឹងស្ទើរតែបញ្ចប់ការងារសាងសង់រួចរាល់ហើយ នៅឡើយតែការតុបតែងលំអនិងការកែសំរួលនៅតាមបណ្តាផ្នែកមួយចំនួន នៃទីតាំងបូជាសពទាំងមូល។ តំណាងក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា រាល់សំណង់ទាំងអស់នៃការដ្ឋានសាងសង់មេនបូជាសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នឹងបញ្ចប់ទៅតាមពេលវេលាដែលបានគ្រោងទុក។ សូមបញ្ជាក់ដែរថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពកាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី៨មិថុនាឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
សពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានប្រារព្ធតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងត្រូវបានអនុញ្ញាតឲ្យគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ចូលគោរពវិញ្ញាណក្ខន្ធពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែមិថុនា ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រិតដោយកំណត់យកថ្ងៃទី១៩មិថុនា ជាថ្ងៃបុណ្យកាន់ទុក្ខជាផ្លូវការ ចំពោះសពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ដែរថា សពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នឹងប្រារព្ធពិធីដង្ហែ ចាកចេញពីភូមិគ្រឹៈចំការមន មកប្រារព្ធពិធីបូជាសពជាផ្លូវការនៅថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៥ នៅសួន ឧទ្យានមុខវត្តបុទុមវតី រាជធានីភ្នំពេញ។
ក្នុងការសាងសង់មេនបូជាសព និងទីតាំងនៃកន្លែងប្រារព្ធពិធីបូជាសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម រហូតមកដល់ពេលនេះ ជិតបញ្ចប់ការសាងសង់១០០%ហើយ។
សូមបញ្ជាក់ដែរថា ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី៨មិថុនា បានចាត់ទុកថា មរណភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាការបាត់បង់ដ៏ធំធេងរបស់សង្គមជាតិកម្ពុជាទាំងមូល។ សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ប្រជាជនកម្ពុជាគ្រប់រូបនឹងចងចាំជានិច្ច នៅក្នុងក្រអៅបេះដូង នូវគុណូបការៈដ៏ប្រពៃថ្លៃថ្លារបស់សម្តេចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមាតុភូមិជាទីស្នេហា នៃយើង ដែលនេះគឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមបំផុត សម្រាប់ប្រជាជាតិខ្មែរទាំងមូលចងចាំមិនអាចបំភ្លេចបាន ៕