នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ទណ្ឌិត ថោង សារ៉ាត់ ២ ឆ្នាំ៦ខែ និងពិន័យជាប្រាក់ ៦លានរៀល ក្នុងរឿងរក្សាអាវុធខុសច្បាប់។
ចំណែក លោក ថោង ចំរើន ជាឪពុករបស់ ទណ្ឌិត ថោង សារ៉ាត់ និងអ្នកស្រី កែវ សារី ជាម្តាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៦លានរៀល ក្នុងសំណុំរឿងរក្សាអាវុធចំនួន១១ដើមដោយខុសច្បាប់។ សាលក្រមនៅព្រឹកមិញនេះ គឺត្រូវបានប្រកាសដោយ លោកចៅក្រមជំនុំជម្រះ ឃី ឆៃ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនេះលើសំណុំរឿង គឺគ្រាន់តែជាករណីមួយក្នុងចំណោម ករណីជាច្រើនទៀតដែលមិនទាន់ត្រូវបានជំនុំជម្រះ ដូចជាសំណុំរឿង ឃាតកម្មលើ ឧកញ៉ា អ៊ឹង ម៉េងជឺ និងសំណុំរឿងដីធ្លីមួយចំនួនទៀត៕
អត្ថបទ៖ សុ ភាព