ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥ បានសំរេចប្រោសព្រះរាជទានគោរមងារ ជូនឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានគោរមងារជា សម្តេចក្រឡាហោម ស ខេង។
នៅក្នុងព្រះរាជក្រឹត្យ របស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ពីស្នាដៃ និងភាពលេចធ្លោមួយចំនួន ដែលឯកឧត្តម សាយ ឈុំ បានធ្វើកន្លងមកក្នុងជិវិតជាអ្នកនយោបាយរបស់ឯកឧត្តម ដែលបានលះបង់បំរើជាតិមាតុភូមិកម្ពុជា។ ឯកឧត្តម សាយ ឈុំ បានចូលរួមកសាងប្រព័ន្ធច្បាប់ សំរាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។
ព្រះរាជក្រឹត្យដដែលបានឲ្យដឹងថា ឯកឧត្តម សាយ ឈុំ ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តីចំពោះរាជបល្ល័ង្គ ការពារនិងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គមដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ព្រះមហាក្សត្រក៏បានប្រោសព្រះរាជទានគោរមងារ ជូន ឧត្តម ស ខេង ជាសម្តេចក្រឡាហោម ស ខេង ដោយឯកឧត្តមត្រូវបានចាត់ទុកជាវីរជនដ៏ឆ្នើម ដែលបានបំរើជាតិរយៈពេលជាង៣០ឆ្នាំ ដោយឯកឧត្តម ស ខេង បាន កសាងបាននូវសន្តិភាពជាតិ ស្តិរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាព សន្តិសុខសង្គមបានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រទានគោរមងារជូន ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង គឺជាការលើកទឹកចិត្ត ជូនចំពោះឯកឧត្តម ទាំងពីរដែលបានបំរើជាតិមាតុភូមិរបស់ខ្លួន ដោយស្មោះស និងលះបង់ទាំងកំលាំងកាយ និងចិត្តអស់រយៈពេលជាង៣០ឆ្នាំ និងបានកសាងនូវស្នាដៃជាច្រើនជូនជាតិ និងប្រជាជនខ្មែរ។
អត្ថបទ៖ សុភាព