Monday, July 20, 2015

សម្តេចតេជោបានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីរុស្ស៊ី​មក​កាន់​កម្ពុជា​ដើម្បី​លើក​កំពស់​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ

ភ្នំពេញ៖សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោហ៊ុន​សែន​តាម​រយៈ​រដ្ឋមន្ត្រី​ទូរ​គម​នាគមន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហ​ព័ន្ធ​រុស្ស៊ី​នៅសៀល​ថ្ងៃទី១៧​ខែកក្កដា​ឆ្នាំ២០១៥​បាន​ស្នើ​ឱ្យមាន​ការជួយ​ជំរុញ​ការហោះ​ហើរ​ត្រង់​ពីរុស្ស៊ី​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយ​សម្តេច​ចាត់​ទុក​ថា​ជា​ផ្នែកមួយ នៃ​ការពង្រឹង ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​។នេះ​បើ​តាម​ឯក​ឧត្តម​ អ៊ាង សុ​ផល្លែត ជំនួយ​ការ​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យដឹង។
 នៅ​វិមាន​សន្តិ​ភាព​ពេល អនុញ្ញាត​ឱ្យឯក​ឧត្តម​នីកូ​ឡៃនី​គីហ្វូរ៉ូ​វ​ (Nikolai Nikiforov ) រដ្ឋ​មន្ត្រី​ទូរ គម​នា​គមន៍ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សហ​ព័ន្ធរុស្ស៊ី និង​ជា​សហ​ប្រធាន​គណៈកម្ម ការ​ចម្រុះ​អន្តរ​រដ្ឋាភិ​បាល​រុស្ស៊ី​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការ ងារឯក​ឧត្តម អ៊ាង សុ​ផល្លែត​បាន​ឲ្យដឹង​ថា៖ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឯក​ឧត្តម​នីកូឡៃ( Nikolai )ធ្វើ​យ៉ាង​ណា​ជួយ​ជំរុញ​ឱ្យ​មាន​ការហោះ​ហើរ​ផ្ទាល់​ពីរុស្ស៊ី​មក​កាន់​ព្រះ​កម្ពុជា ដែល​ជា​ចំណែក​មួយ​ក្នុង​ការជំរុញ ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ។ ដោឡែក​ចំពោះ​ការ​អញ្ជើញ​សម្តេច​ទៅធ្វើទស្សនកិច្ច​នៅ​សហពន្ធ័​រុស្ស៊ី​សម្តេចតេជោបាន​បញ្ជាក់ថាសម្តេចនឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅមុន ​ឬ​ក្រោយពេល​កិច្ចប្រជុំ​កំពូល​រុស្ស៊ី-អាស៊ាន​។
សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ ​ចំពោះ​អតីត​សហ​ភាព​សូវៀត បច្ចុប្បន្ន​សហ​ព័ន្ធរុស្ស៊ី ​ដែល​កាលពី​ទសវត្ស​រ៍៦០​បាន​ជួយ​កម្ពុជាឱ្យ​មាន​សា​លា​បច្ចេកទេស​ដ៏​ធំ​មួយនិង​មន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី ហើយ​បន្ត​មក​ទៀត​នៅ​ទសវត្ស​រ៍ឆ្នាំ​៨០បាន​ជួយ​កម្ពុជា​បន្ទាប់ពី​កម្ពុជា​បាន​រំដោះខ្លួន​ចេញផុត​ពីរ​បបប៉ុល ពត ហើយ​ឥឡូវនេះ​ក៏​មាន​វត្តមានអ្នក​វិនិយោគ​រុស្ស៊ី​មកកាន់​កម្ពុជាជាច្រើន​ផង​ដែរ ដូចជា​ការ​វិនិយោគ​នៅ​កោះពស់ខេត្តព្រះសីហនុ​ជា ដើម​ដែល​នៅទី​នោះ​បាន​ធ្វើ​ឱ្យមាន​ស្ពាន​ត​ភ្ជាប់​ទៅ​កោះ ​ពស់ ដែល​ជួយ​ជំរុញ​ឱ្យមាន​ការវិនិយោគ និង​ទេសចរណ៍​មក​កាន់​ព្រះ​រាជា​ណា ចក្រ​កម្ពុជា។
ក្នុង​ជំនួប​នោះឯក​ឧត្តម​នីកូ​ឡៃ​នីគី​ហ្វូរ៉ូវ (Nikolai Nikiforov ) រដ្ឋ​មន្ត្រីទូរ គម​នាគម​ន៍ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សហ​ព័ន្ធរុស្ស៊ី បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អំពី ដំណើរ​ទស្សន​កិច្ច​រប​ស់​ឯក​ឧត្តម​មកកាន់​កម្ពុជា​នាពេល​នេះ គឺដើម្បី​បន្តអនុវត្តន៍​តាម​ស្មារតី​កិច្ចប្រជុំ​អន្តរ​ក្រសួង​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុងមូ​ស្គូ​លើក​ទី​៨នាពេល​កន្លងមក ។ឯកឧត្តម​នីកូឡៃ​នីគី​ហ្វូរ៉ូវ (Nikolai Nikiforov )​បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា ឯកឧត្តម​បាន​ធ្វើ​ការចរចា​យ៉ាង​ល្អ​ជាមួយនឹង​ឯក​ឧត្តម​ឧប នាយ​ករដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុ​ជា និង​បាន​សម្រប​សម្រួល​គ្នា​បាន​កិច្ចសន្យា​មួយចំនួន ដែល​អាច​ចុះហត្ថ​លេខា​បាន​ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង​រុស្ស៊ី នា​ពេលខាងមុខ ។ ​ឯក​ឧត្តមក៏បាន​គោរព​អញ្ជើញ​សម្តេច​តេ​ជោទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ក្នុងឱកាស​ខួប​ទី​៦០​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី និង​ស្របគ្នា​ជាមួយនឹង​ខួប​លើក​ទី​២០ នៃ​ទំនាក់ ទំនង​រវាង​រុស្ស៊ី និង​អាស៊ាន​ផងដែរ ៕