យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥នេះ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ការសម្រេចបានរបស់គម្រោងពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មីដែលមានរយៈពេល០៥ ឆ្នាំនេះ គឺ បានកាត់បន្ថយនូវ ចំងាយហោះហើរ និងកាត់បន្ថយពេលវេលា សម្រាប់ប្រតិបត្តិការអាកាសយាន ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ដែលនឹងមានការហោះហើរកើនឡើងច្រើនជាង ៦៤០០០ ជើង ក្នុងឆ្នាំ ២០១៨ ខាងមុខ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់តំបន់គណៈកម្មាការដឹកនាំសម្របសម្រួលលើកទី៤ នៃគម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មីនេះថា តាមរយៈការអនុវត្តគម្រោងនេះ ប្រទេសកម្ពុជា បានសម្រេចបាននូវសមិទ្ឋិផលថ្មីមួយទៀត គឺយើងបានទទួលនូវបច្ចេកវិទ្យាទំនើបដោយអនុវត្តការនាំផ្លូវហោះថ្មី តាមផ្កាយរណប ដែលធានាបាននូវសុវត្ថិភាពខ្ពស់ ចំពោះអ្នកដំណើរតាមផ្លូវអាកាស ចំណេញពេលវេលា កាត់បន្ថយនូវការចំណាយប្រេងសាំង និងរួមចំណែកនូវការការពារបរិស្ថាន កាត់បន្ថយនូវការភាយចេញនូវឧស្ម័នកាបូនិច (CO2) ពីម៉ាស៊ីនអាកាសយាន ជាពិសេសតាមរយៈការអនុវត្តគម្រោងនេះបានកាត់បន្ថយនូវចំណាយ លើប្រេងឥន្ទនៈគិតជាទឹកប្រាក់ ចំនួន១,១លានដុល្លា និង កាត់បន្ថយបាន៥៩០០ តោននៃការភាយចេញនូវឧស្ម័នកាបូនិច (CO2) លើស្រទាប់បរិយាកាសផែនដីជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា កិច្ចប្រជុំថ្នាក់តំបន់គណៈកម្មាធិការដឹកនាំសម្របសម្រួលលើកទី៤ នៃគម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មី តាមផ្កាយរណប នៅថ្ងៃនេះ ធ្វើឡើងនៅស្តីការគណៈរដ្ឋមន្រ្តី ក្រោមកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន អនុវត្តដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅថាអង្គការ JICA ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក Takayoshi Kuromiya ភារៈធារីស្ថានទូតជប៉ុន លោក Itsu Adachi ប្រធានអង្គការ JICA ប្រចាំប្រទេសកម្ពុជា មន្រ្តីជំនាញប្រទេសទាំង០៣ និងតំណាងក្រុមហ៊ុនវិស័យអាកាសចរក្នុងស្រុក សរុបចំនួន១៥០នាក់។
អត្ថបទ៖ ច័ន្ទ ទេវី