ឯកឧត្តម សោម អូន ក្នុងនាមជាមេសហជីពមួយនៅ ក្នុងប្រទេសកម្ពុជា បានប្រាប់និងជូនដំណឹងថ្មី ទៅក្រុមកម្មករ កម្មការិនី នៅខេត្តតាកែវ ថា លោកមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្តួចផ្តើមគំនិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឲ្យមានការធនារ៉ាប់រងសុខភាពកម្មករ និងនិយោជិត ព្រមទាំងការព្យាបាលអត់យកប្រាក់។
ការលើកឡើង និងបង្ហើបពីដំណឹងថ្មីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ខណ:ដែល ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជាដឹកនាំដោយ ឯកឧត្តម សោម អូន តំណាងឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំកុមារាជា បានដឹកនាំក្រុមការងារសហជីព បើកវគ្គសិក្ខាសាលាស្តីពីច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានផ្សេងៗ ដល់កម្មករនិយោជិតដែលរស់នៅក្នុងភូមិត្រពាំងផ្លុង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
ពាក់ព័ន្ឋទៅនិង បញ្ហាប្រាក់ឈ្នួលអប្បបរមាកម្មករ ឯកឧត្តម សោម អូន បានពន្យល់ថា ជាធម្មតាប្រាក់ឈ្នួលអប្បបរមា របស់កម្មករត្រូវបានពិភាក្សាតម្លើងជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ គឺមួយឆ្នាំម្តង ដោយធ្វើទៅតាមការកំណត់របស់គណកម្មការប្រាក់ឈ្នួល ដោយគ្មានការទាមទារ រឺ ការបង្ខិតបង្ខំពីភាគីណាមួយឡើយ ហើយសម្រាប់ការតម្លើងប្រាក់ ឈ្នួលកម្មករនៅឆ្នាំ២០១៦ ខាងមុខនេះ គឺភាគីពាក់ព័ន្ឋបាន និងកំពុងតែពិភាក្សា ដោយមានការចូលរួមផ្តល់យោបល់ពីអង្គការពលកម្មអន្តរជាតិ(ILO) ហើយការចរចានេះ នឹងបញ្ចប់នៅក្នុងរង្វង់ខែតុលា ឆ្នាំ២០១៥ និងចាប់ផ្តើមអនុវត្តនៅខែមករា ឆ្នាំ២០១៦ ។
លោក សោម អូន ក៏បានបង្ហើបឲ្យដឹងដែរថា កន្លងមកថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រីបានផ្តួចផ្តើម ដាក់ឲ្យអនុវត្តការធារ៉ាប់រងសុខមាលភាពកម្មករ ដែលកម្មករនិយោជិតទាំងអស់ នឹងទទួលបាននូវសេវាព្យាបាលសុខភាពដោយមិនគិតថ្លៃ។ នេះគឺជាគំរោងផែនការថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ដែលកម្រកើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា៕
អត្ថបទ៖ ក្រុមការងារចុះមូលដ្ឋាន ឃុំកុមាររាជា