Thursday, July 16, 2015

វិស័យវិស្វកម្មដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេស

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​បណ្ឌិត​សភា​ចារ្យ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​នៅថ្ងៃ​ទី​១៦​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ នៅទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បានមាន​ប្រសាសន៍​នៅក្នុង​ពិធី​បើក​បាឋកថា​ស្តីពី​ «បញ្ហា​ប្រឈម​ក្នុងវិស័យ​វិស្វកម្ម​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​ ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ២០១៦​-២០៣០​» ថា​ វិស័យ​វិស្វកម្ម​បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​តាមរយៈ​ការ​បង្កើត​មូលដ្ឋាន​សម្ភារៈ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​រូប​វន្ត​នានា​។
ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ​សុខ​ អាន​ បាន​បន្ត​ថា ​វិស្វក​រអាជីព​ម្នាក់​ គឺ​ជា​អ្នក​ប្រកប​វិជ្ជា​ជីវៈ​ របស់​ខ្លួន​ប្រកប​ដោយ​សមត្ថភាព​ និង​មាន​សីល​ធម៌​វិជ្ជា​ជីវៈ​ខ្ពស់ ​តាមរយៈ​ការ​អប់រំ​ និង​ការ​បណ្ដុះ​បណ្ដាល​ច្បាស់លាស់​លើ​វិស័យ​វិស្វកម្ម​ ហើយ​ដើម្បី​លើក​កម្ពស់​វិជ្ជាជីវៈ​របស់​ខ្លួន​ថែម​ទៀត​ វិស្វករ​គួរ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​នូវ​បច្ចេក​វិជ្ជា​ថ្មីៗ ​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ និង​ការ​វិវត្ត​ផ្នែក​វិស្វកម្ម​នេះ។​
ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ​សុខ​ អាន​ បាន​បញ្ជក់​ថា ​វិស័យ​វិស្វកម្ម​គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ ដែល​តម្រូវ​ឱ្យ​មាន​គោលការណ៍​វាយ​តម្លៃ​ និង​ការ​កំណត់​លើ​វិធី​សាស្រ្ត​ច្បាស់​លាស់។​ ក្នុង​ន័យ​នេះ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​សមត្ថភាព​វិស្វករ​ជាតិ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ដំណើរ​ការ​ពង្រឹង​វិស័យ​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចរន្ត​សមា​ហរណ​កម្ម​ និង​សាកល​ភាវូបនី​យកម្ម​សេដ្ឋកិច្ច​តំបន់​ និង​ពិភព​លោក​ ហើយនេះ​ចាំ​បាច់​ត្រូវ​មានការ​ផ្លាស់​ប្ដូរ​យោបល់​ បទពិសោធន៍​ជាក់ស្ដែង​ គំនិត​ និង​បច្ចេក​វិជ្ជាថ្មីៗ​ ព្រមទាំង​របក​គំហើញ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ចំណោម​សហគមន៍​វិស្វករ​ជាតិ​ និង​អន្តរជាតិ។​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ បាន​បន្តថា​ ដើម្បី​សម្រេច​នូវ​គោល​បំណង​នេះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ជំរុញ​ និង​បង្ក​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ​វិស័យ​វិស្វកម្ម​នៅ​កម្ពុជា​ តាមរយៈ​ការ​បង្កើត​គណៈ​វិស្វករ​កម្ពុជា ​សម្រាប់​លើក​កម្ពស់​សមត្ថភាព​វិស្វករ​ទាំង​អស់ ជា​ពិសេស​ការ​ប្រមូល​ផ្ដុំ ​ការ​ចុះ​បញ្ជី​វិស្វករ​ ការ​បណ្តុះ​បណ្តាល​ និងការ​គ្រប់​គ្រង​។ ដោយ​ឡែក​ ផ្នែក​ទន់​នៃ​វិស័យ​វិស្វកម្ម​ គណៈ​វិស្វករ​កម្ពុជា​ និង​ក្រសួង​នានា ​​ដែល​ពាក់ព័ន្ធ​ជាមួយ​ជំនាញ​វិស្វកម្ម​ បាន​ខិតខំ​និង​ធ្វើ​បាន​សម្រេច​នូវ​សមិទ្ធ​ផល​ច្បាប់​បទ​ដ្ឋាន​អនុវត្ត​ជំនាញ​វិស្វកម្ម​រៀង​ៗ​ខ្លួន​ជា​ច្រើន​ និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​បាន​យ៉ាង​សកម្ម​ និង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។

ជាមួយ​គ្នានេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​ មាស​ សុខុម​ ទីប្រឹក្សា​នៃគណៈ​វិស្វករ​កម្ពុជា​ និង​ជា​ប្រធាន​នៃ​បណ្ឌិត្យ​សភា​វិស្វកម្ម​ និង​បច្ចេក​វិទ្យា​អាស៊ាន​-កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​ពិធី​បើក​បាឋក​ថា​ស្តី​ពី​ «បញ្ហា​ប្រឈម​ក្នុង​វិស័យ​វិស្វកម្ម​នៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ២០១៦​-២០៣០​» នៅថ្ងៃ​នេះ ​មាន​គោល​បំណង​ចម្បង​ក្នុងការ​ផ្សព្វផ្សាយ​ពីគោល​ដៅ​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០៣០​ ពិសេស​លើ​ការ​អភិវឌ្ឍន៍​ និង​សារៈ​សំខាន់​ នៃ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ​និង​ការ​បង្កើត​ថ្មី ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ ​និង​នាំ​មនុស្ស​ជាតិ​ឆ្ពោះ​ទៅ​រក​ជីវភាព​រស់​នៅ​ដោយ​ថ្លៃ​ថ្នូរ​ ជាមួយ​អត្ថិភាព​ដោយ​តុល្យ​ភាព​ធនធាន​ធម្មជាតិ​នៃភព​ផែនដី​ និង​តម្រូវ​ការ​របស់​មនុស្ស​ជាតិ​។
នៅក្នុង​ពិធី​បើក​បាឋកថា​នេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​ ហុង​ លីពី​ ប្រធាន​បណ្ឌិត្យ​សភា​វិស្វកម្ម​ និង​បច្ចេក​វិទ្យា​អាស៊ាន​ ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​គោល​បំណង​មួយ​នៃគោល​បំណង​ទាំងអស់​របស់​បណ្ឌិត្យ​សភា​វិស្វកម្ម​ និង​បច្ចេក​វិទ្យា​អាស៊ាន​ គឺ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ ដោយ​និរន្តរ​ភាព​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​របស់​អាស៊ាន​ ដែល​វាមាន​ភាព​ស្របគ្នា​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ក្រោយ​ឆ្នាំ​២០១៥​។
ឯកឧត្តម​បណ្ឌិត​ ហុង​ លីពី​ បាន​មាន​ប្រសាសន៍​ថា ​ចាប់​តាំង​ពីការ​ចាប់​បដិសន្ធិ​នៃ​បណ្ឌិត្យ​សភា​វិស្វកម្ម​ និង​បច្ចេក​វិទ្យា​អាស៊ាន​មក​ គឺ​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​នូវ​កម្ម​វិធី​ជា​ច្រើន​រួម​មាន​៖ ទទួល​ពាន​រង្វាន់​បៃតង​ប្រចាំ​ឆ្នាំ ​(MCCC-AAETGreen Award) ​សម្រាប់​តំបន់​អាស៊ាន​, វេទិកា​វិស្វកម្ម​អាស៊ាន​-កូរ៉េ​និង​ RTM​ សហការ​រៀបចំ​ជាមួយ​នឹង​បណ្ឌិត្យ​សភាជាតិ​វិស្វកម្ម​កូរ៉េ​, សន្និសីទ​ថាមពល​អន្តរជាតិ​ (IEC),​ បទ​បង្ហាញ​ស្វាគមន៍​សម្រាប់​សហគ្រិន​ភាព​បច្ចេក​វិទ្យា ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​, កម្មវិធី​លុប​បំបាត់​ភាព​ក្រីក្រ​, ការ​រចនា​វិស្វកម្ម​បច្ចេក​វិទ្យា​វិទ្យាសាស្ត្រ​និង​ការ​ច្នៃ​ប្រឌិត​ (ESTI) ​និង​ការ​ប្រកួត​ប្រជែង​សរសេរ​អត្ថបទ​, ការ​ថែក្សា​នូវ​វប្បធម៌​នៃការ​ច្នៃប្រឌិត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៅ​ក្នុង​អាស៊ាន​ និង​ពិព័រណ៍​វិទ្យាសាស្ត្រ​វិស្វកម្ម​ប្រចាំ​ឆ្នាំនៃ​ទីក្រុង​គូឡា​ឡំាពួរ​ (KLESF)
អត្ថបទ៖ មៀច សុភាព