នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រុមការងារកម្ពុជា-វៀតណាម ចុះទៅពិនិត្យមើល តំបន់បង្គោលព្រំដែនលេខ ២០២-២០៣ ដើម្បីស៊ើបអង្គេតទៅលើករណីហិង្សា រវាងតំណាងរាស្រ្ត-ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រជាពលរដ្ឋ-អាជ្ញាធរវៀតណាម កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ ។
ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀង ដែលជាសមាជិកក្រុមការងារនេះបានឱ្យដឹងថា ការចុះស៊ើបអង្កេត នឹងធ្វើឡើងជាលក្ខណៈទ្វេរភាគី រវាងកម្ពុជា និងវៀតណាម នៅថ្ងៃនេះដើម្បីរកមូលហេតុ និងរកខុសត្រូវ ក្នុងករណីហិង្សារវាងពលរដ្ឋកម្ពុជា-វៀតណាមនាពេលកន្លងមក។
គួររំលឹកដែរថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ មានករណីប៉ះទង្គិចគ្នាមួយ រវាងប្រជាពលរដ្ឋ-ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ជាមួយនឹង អាជ្ញាធរ-ពលរដ្ឋវៀតណាម នៅចំណុចព្រំដែន ភូមិឆ្លោក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ អំពើហិង្សានេះបណ្តាលឱ្យ ឯកឧត្តម រៀល ខេមរិន្ទ្រ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ រួមទាំងពលរដ្ឋខ្មែរ៩នាក់ ផ្សេងរៀងរងរបួស ចំណែកខាងភាគីវៀតណាម ត្រូវបានអាជ្ញាធរ ខេត្តស្វាយរៀងរាយការណ៍ថា របួសធ្ងន់ស្រាល ៨នាក់។ បន្ទាប់ពីមានករណីនេះកើតឡើង កម្ពុជា-វៀតណាម ព្រមព្រៀងគ្នា បង្កើតក្រុមការងារ ដើម្បីស្រាវជ្រាវរកខុសត្រូវផងដែរ៕
អត្ថបទៈ តាំង ថៃហេង