សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៥កន្លងទៅ បានសរសេរលិខិតដើម្បីស្នើសុំផែនទី ពីប្រទេសមហាអំណាចទាំងបីដែលរួមមាន៖ អាមេរិក បារាំង និងអង់គ្លេស ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងផែនទីដែលកម្ពុជាកំពុងប្រើប្រាស់ក្នុងការបោះបង្គោល និង ខណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា ជាមួយនិងប្រទេសជិតខាង។
នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥នេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់សមណនិស្សិតពុទ្ធិកសកលវិទ្យាល័យសីហនុរាជនៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលដែលរាជរដ្ឋាភិបាល ទទួលបានផែនទីពីប្រទេសមហាអំណាចដែលពាក់ព័ន្ធទាំងនោះ សម្តេចនឹងបើកឲ្យបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលទាំងអស់ចូលរួមពិនិត្យនិងផ្ទៀងផ្ទាត់ទាំងអស់គ្នា ជាមួយផែនទីដែលរាជរដ្ឋាភិបាលប្រើបច្ចុប្បន្ន។ ការបើកឲ្យពិនិត្យរួមគ្នានេះ គឺដើម្បីស្វែងរកការពិត និងជម្រះមន្ទិលដែលតំណាងរាស្រ្តបក្សសង្គ្រោះជាតិ តែងតែចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា ប្រើប្រាស់ផែនទីក្លែងក្លាយរហូតមក។
សម្តេចតេជោ បានបង្ហាញសង្ឃឹមយ៉ាងមុតមាំថា អាមេរិក បារាំង និងអង់គ្លេសច្បាស់ជាមានផែនទីរបស់កម្ពុជា ខ្នាត ១/១០០.០០០ មិនខាន។ សម្តេចបានបន្តថា កន្លងមកឯកឧត្តម សម រង្ស៊ី មិនដែលចោទរាជរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយទេ គឺមានតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយចំនួនទេ ដែលចោទថារាជរដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានអះអាងបន្ថែមថា ការប្រើប្រាស់ផែនទីតាមមូលដ្ឋានច្បាប់ត្រឹមត្រូវដែលទទួលស្គាល់ជាអន្តរជាតិ គឺដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ប៉ុន្តែមុននិងដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង គឺដំបូងយើងត្រូវឲ្យមានឯកភាពផ្ទៃក្នុងជាមុនសិន៕