សម្ព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥នេះ បានបង្ហាញនូវសេចក្តីសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ បន្ទាប់ពីតុលាការបានផ្ដន្ទាទោសសកម្មជនគណបក្សសង្រ្គោះជាតិ ១១នាក់ ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ដែលមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ បានលើកឡើងប្រាស់ចាកពីការពិតថា « មិនមានការបង្ហាញភស្តុតាងនៅក្នុងតុលាការដែលអាចបញ្ជាក់ថា ចុងចោទបានប្រព្រឹត្តអំពើហិង្សាដោយផ្ទាល់ ឬក៏ហិង្សា»។
សម្ព័ន្ធយុវជនកម្ពុជា បានចាត់ទុកសម្តីបែបនេះ ថា បានធ្វើឲ្យគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា « ហើយការដែលពួកគេចោទថា រដ្ឋាភិបាលជ្រៀតជ្រែកក្នុងករណីនេះ បានធ្វើឲ្យទំនុកចិត្តរបស់សាធារណជនកាន់តែធ្លាក់ចុះសម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាថែមទៀតផង»។
សម្ព័ន្ធយុវជនកម្ពុជា យល់ឃើញថា៖ សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជាសេចក្តីថ្លែងការណ៍ដែល «មិនមានលក្ខណៈកត្តវិជា្ជ និងមិនមានយុត្តធម៌» សម្រាប់រាជរដ្ឋាភិបាល និងស្ថាប័នតុលាការនៃប្រទេសកម្ពុជា ដែលជារដ្ឋអធិបតេយ្យ ប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ និងមានការបែងចែកអំណាចដាច់គ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ។
សម្ព័ន្ធយុវជនកម្ពុជា ដែលគេដឹងថា ដឹកនាំដោយលោក សៅ សុភៈ បានហៅសេចក្តីថ្លែងការណ៍ដដែលរបស់អ្នកនាំពាក្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ថាបានតាក់តែងឡើង ដោយមិនទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយនៃអង្គហេតុ លើបញ្ហាជុំវិញចំណាត់ការតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដែលបង្កទ្បើងដោយបុគ្គលទាំង១១រូប។
សម្ព័ន្ធយុវជនកម្ពុជា បានលើកឡងើងថា ក្នុងនាមឧត្តមស្នងការអង្គការសហប្រជាជាតិ លោកស្រីគួរណាស់តែបែងចែកឲ្យច្បាស់រវាងការអនុវត្តច្បាប់ និងសេរីភាពនៃការបញ្ចេញមតិ ហើយមិនត្រូវយកករណីព្រហ្មទណ្ឌមកលាយលំជាមួយបញ្ហាសិទ្ធិមនុស្ស ឬនយោបាយដើម្បីឲ្យជនប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ដែលជាហេតុបង្កើតឲ្យមាននីទណ្ឌភាពនៅកម្ពុជា។ ដូចនេះការកាត់ទោសអ្នកប្រព្រឹត្តបទល្មើស គឺមិនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សទេ តែវាជាបញ្ហារបស់អ្នកដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលផ្ទុយអំពីច្បាប់តែប៉ុណ្ណោះ ហើយមិនពាក់ពន្ធនឹងរាជរដ្ឋាភិបាលនោះទេ។
សម្ព័ន្ធយុវជនកម្ពុជា បានទទូចឲ្យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការចោទប្រកាន់រាជរដ្ឋាភិបាល ប្រជាជាតិអធិបតេយ្យ នីតិរដ្ឋ តំណាងឆន្ទៈប្រជាពលរដ្ឋ ថាជ្រៀតជ្រែកទៅលើសេចក្តីសម្រេចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យជាឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយសម្ព័ន្ធយុវជនកម្ពុជា បានពិនិត្យឃើញថា គ្មានស្ថាប័នណាមួយជ្រៀតជ្រែក ឬបង្គាប់បញ្ជានូវដំណើរការយុត្តិធម៌នេះបានទ្បើយ៕