យោងតាមលិខិតរបស់ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃររដ្ឋសភានិងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ ផ្ញើជូនលោក គ្រីស ដ័រ ចាងហ្វាង និងអគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍ ស្នើសុំចុះផ្សាយបំភ្លឺចំពោះអត្ថបទក្រោមចំណងជើងថា «នៅរដ្ឋសភាឥឡូវក៏មានបងតូចបងធំដែរ» បោះពុម្ពផ្សាយនៅលើកាសែតភ្នំពេញប៉ុស្តិ៍ លេខ ១៤៧៨ ថ្ងៃពុធទី០៨ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ទំព័រទី២ នៃទស្សនៈអត្ថបទវិភាគសង្គម របស់លោក តុង សុប្រាជ្ញ។
ឯកឧត្តម ឈាង វុន អត្ថបទរបស់លោក តុង សុប្រាជ្ញ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម និងកិត្តិយសរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ ការប្រើពាក្យបងធំបងតូចនៅក្នុងរដ្ឋសភា គឺយើងមិនអាចទទួលយកបានឡើយ។ ឯកឧត្តមស្នើសុំឲ្យលោក ចាងហ្វាង មេត្តាចុះផ្សាយនូវបទអន្តរាគមន៍បំភ្លឺដល់សាធារណៈជនតាមការកំណត់ក្នុងក្រមសីលធម៌នៃអ្នកសារព័ត៌មាន។
ចំពោះដើមចមដែលដំបូងនៃរឿងនេះ ត្រូវបានឯកឧត្តម ឈាង វុន បានរំលឹកឲ្យដឹងថា កាលថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥ មានកិច្ចប្រជុំរបស់អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីធ្វើការពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» ដែលគណៈកម្មការ កិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសការ និងព័ត៌មាន ទទួលភារកិច្ចនេះពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដោយមានការចូលរួមពីគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌។ គណៈកម្មការទាំងបីមានសមាជិកចំនួន២៧រូប ក្នុងនោះគណបក្សប្រជាជនមានចំនួន១៥រូប គណបក្សសង្គ្រោះជាតិ មាន១២រូប ហើយក៏មានឯកឧត្តម អ៊ុំ សំអាន ជាសមាជិកផងដែរ។
ឯកឧត្តម ឈាង វុន បន្តថា នៅពេលកិច្ចប្រជុំកំពុងដំណើរការ មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាម្នាក់បានយកក្រដាសតូចមួយគ្រល់មកឲ្យឯកឧត្តម ដោយនៅលើក្រដាសនោះមានសរសេរថា «ឯកឧត្តម គី វណ្ណដារ៉ា ស្នើសុំអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្តាប់ក្នុងកិច្ចប្រជុំ»។ បន្ទាប់មកឯកឧត្តម បានស្នើសុំការអនុញ្ញាតពីអង្គប្រជុំ តែអង្គប្រជុំមិនយល់ព្រមឡើយ ដោយអង្គប្រជុំបានសម្រេចប្រគល់ភារកិច្ចឲ្យឯកឧត្តម ជាប្រធានអង្គប្រជុំធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផល នៅក្រោយបញ្ចប់កិច្ចប្រជុំ។
ចំពោះមូលហេតុដែលឯកឧត្តម មិនអនុញ្ញាតឲ្យឯកឧត្តម អ៊ុំ សំអាន ធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលនោះ ព្រោះ ឯកឧត្តម អ៊ុំ សំអាន មិនបានទទួលសិទ្ធិធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីអង្គប្រជុំរបស់គណៈកម្មការទីបី នៃរដ្ឋសភានោះទេ គឺគណៈកម្មការទាំងបីនៃរដ្ឋសភាបានប្រគល់សិទ្ធិឲ្យមកឯកឧត្តម ដែលជាប្រធានអង្គប្រជុំ។
ឯកឧត្តម ឈាង វុន បញ្ជាក់ថា ឯកឧត្តមជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដែលមានតួនាទីភារកិច្ចក្នុងវិស័យព័ត៌មាន និងអង្គការសង្គមផ្សេងៗ ដែលជាការងារស្នូលនៃវិស័យឃោសនាការ និងព័ត៌មាន រួមជាមួយនឹងការងារកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភា។
ឯកឧត្តម ឈាង វុន បានបន្ថែមទៀតថា អ្នកសារព័ត៌មានខ្លះ ដែលចូលមករង់ចាំនៅក្រៅបន្ទប់ប្រជុំ ដើម្បីធ្វើកិច្ចសម្ភាសន៍ពីលទ្ធផលនៃកិច្ចប្រជុំបានដោយសារមានការយល់ព្រមពីឯកឧត្តម តាមការណែនាំពីអង្គប្រជុំគណៈកម្មការទីបី ហើយក្រុមរបស់ឯកឧត្តម អ៊ុំ សំអាន ត្រូវបានសម្តេចប្រធានរដ្ឋសភា បដិសេធមិនឲ្យធ្វើកិច្ចសម្ភាសន៍ម្តងរួមមកហើយ កាលពីពេលថ្មីៗកន្លងទៅ។
ឯកឧត្តម ឈាង វុន អះអាងថា ឯកឧត្តម មិនបានហាមឃាត់ឯកឧត្តម អ៊ុំ សំអាន ធ្វើកិច្ចសម្ភាសន៍ឡើយ តែចាំបាច់ត្រូវសុំការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា ជាមុនសិន។ ក្នុងនោះដើម្បីបានចូលក្នុងបរិវេណរដ្ឋសភា អ្នកសារព័ត៌មានដែលខ្វះវិជ្ជាជីវៈ បានប្រើមធ្យោបាយថោកទាប ភូតកុហក យកលេសស្នើសុំចូលធ្វើកិច្ចសម្ភាសន៍ជាមួយឯកឧត្តម តែពួកគេបែរជាប្រព្រឹត្តផ្ទុយពីការស្នើសុំទៅវិញ។ សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា គឺពួកគេបានឆ្លៀតលួចយកវេទិកានៃកិច្ចប្រជុំរបស់គណៈកម្មការទីបី លបធ្វើកិច្ចសម្ភាសន៍ដែលមិនបានទទួលការអនុញ្ញាត។
ឯកឧត្តម ឈាង វុន បន្តថាតាមការយល់ឃើញរបស់ឯកឧត្តមផ្ទាល់ ឯកឧត្តម អ៊ុំ សំអាន ពិតជាមានបញ្ហាខួរក្បាល ដែលចង់ឲ្យឯកឧត្តម ធ្វើការសុំទោសចំពោះអំពើមិនប្រកតីរបស់ខ្លួន។ ម៉្យាងទៀតឯកឧត្តមក៏មានការសោកស្តាយខ្លាំងណាស់ដែរ ចំពោះទង្វើខ្វះការទទួលខុសត្រូវរបស់អ្នកថតរូបវិទ្យុអាស៊ីសេរី ដែលតែងតែរកគ្រប់មធ្យោបាយថតរូបខ្ញុំ (រូបភាពអាក្រក់ៗ) ដើម្បីយកទៅបង្ហោះក្នុង ហ្វេសប៊ុក ក្នុងលក្ខណៈវាយប្រហារតាមរូបភាព។ ក្នុងហេតុផលដូចបានជម្រាបជូនខាងលើនេះហើយ ដែលធ្វើឯកឧត្តមសម្រេចមិនអនុញ្ញាតឲ្យថតតាមរបៀបដែលគេចង់ថតខ្ញុំនោះ។
ឯកឧត្តម ឈាង វុន សន្មតថាការប្រព្រឹត្តិអំពើថោកទាប ការប៉ុនប៉ងទប់ស្កាត់ធ្វើឲ្យមានការរអាក់រអួលក្នុងការអនុវត្តនីតិវិធីធ្វើច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» តាមរយៈការវាយប្រហារមកលើឯកឧត្តមផ្ទាល់ ដែលជាអ្នកទទួលដឹកនាំធ្វើការសិក្សា និងពិនិត្យសេចក្តីព្រាងច្បាប់នេះ ដោយប្រើមធ្យោបាយតាមគ្រប់រូបភាព គឺជាសកម្មភាពមិនអាចទទួលយកបានឡើយ៕