សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័តរួចហើយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយសម្លេង៦៨រូប លើសមាជិករដ្ឋសភា៦៨រូប របស់គណបក្សប្រជាជនកម្ពុជា ដែលចូលរួមប្រជុំ បើទោះបីជាមិនមានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិគាំទ្រក៏ដោយ។
សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមាន៩ជំពូក និង៣៩មាត្រា បានចែងលម្អិតពាក់ព័ន្ធ នឹងការចុះបញ្ជីអង្គការ និងការអនុវត្តកិច្ចការរបស់នានារបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
នៅក្នុងសេចក្តីថ្លែងហេតុ ដែលអានដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងរដ្ឋសភា នាព្រឹកមិញនេះ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និង អង្គការក្រៅរដ្ឋាភិបាល មានគោលបំណងធានាការពារសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរសាធារណៈ ព្រមទាំងមាន គោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ ដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចុះបញ្ជី ឬចុះអនុស្សារណៈ នៅក្រសួងមានសមត្ថកិច្ច ដោយត្រូវបំពេញលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ ។
សេចក្តីថ្លែងហេតុនេះដែរ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីចុះបញ្ជី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានទទួលនូវឋានៈ ជានីតិបុគ្គល មិនយកចំណេញ ដោយភ្ជាប់នូវសិទ្ធិកាតព្វកិច្ច និងការទទួលបានការការពារ ព្រមទាំងលើកទឹកចិត្ត និងការអនុគ្រោះនានា ពីច្បាប់នេះក្នុងការធ្វើសកម្មភាព នៅក្នុងប្រទេសកម្ពុជា។