យោងតាមខ្សែវីដេអូឯកសារដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញពីការធ្វើបាតុកម្មនៅ ទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលដឹកនាំដោយលោកជំទាវ មួរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង និង លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ។
យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានហៅទង្វើរនេះថា ជាអំពើហិង្សាដ៍ឃោរឃៅព្រៃផ្សៃ អមនុស្សធម៌ និងរំលោភសិទ្ធិមនុស្ស ដែលបង្កឡើងដោយបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្រ្គោះជាតិមួយចំនួនក្រោមពាក្យស្លោកដោះលែងប្រជាធិបតេយ្យ។ សេចក្តីថ្លែងការណ៍ក៏បានបន្ថែមទៀតថា នេះជាអំពើឧក្រិដ្ឋកម្មដោយគ្រោងទុកជាមុន ដោយបានប្រើប្រាស់អាវុធមានដំបង ដុំថ្ម និងអាវុធផ្សេងទៀត ដោយមានចេតនាទុកជាមុនប៉ុនប៉ងមនុស្សឃាតមកលើកងកម្លាំងការពារសន្តិសុខប្រជាពលរដ្ឋ។
បើយោងតាម ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានឱ្យដឹងថា ឯកឧត្តមមានការសោកស្តាយខ្លាំង ណាស់ចំពោះទង្វើរដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ ដែលបានបង្ករបួសស្នាមដល់កងកម្លាំងការ ពារសន្តិសុខចំនួន៣៨នាក់ របួសធ្ងន់ ២២នាក់ ៣នាក់ស្ថិតក្នុងការសង្រ្គោះបន្ទាន់។ ឯកឧត្តមបានបន្ថែម ទៀតថា គណបក្សសង្រ្គោះជាតិមិនដែលបានជួយដោះស្រាយបញ្ហាអ្វីនោះទេ តែជាអ្នកបង្កើតបញ្ហាលើបញ្ហា ដាក់បញ្ហាដល់សង្គមជាតិតួយ៉ាងដូចអំពើហិង្សានេះជាដើម។ ឯកឧត្តម កែវ រ៉េមី ក៏បានមានប្រ សាសន៍បន្ថែមទៀតថា យោងតាមរដ្ឋធម្មនុញ្ញ មាត្រា៥២ចែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនិត្យានុ កូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
ទោះបីជាយ៉ាងណា គឺមានតែតុលាការទេដែលមានសិទ្ធិប្រើប្រាស់ផ្លូវច្បាប់សម្រេចថាជនជាប់ចោទទាំងនោះមានទោសឬក៏អត់។