នៅល្ងាចថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក Qin Jun អភិបាលក្រុង Xingyang នៃខេត្ត Hubeiគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ ដែលផ្តោតទៅលើចំណងមេត្រីភាពរវាងខេត្ត Hubei ជាមួយខេត្ត តាកែវ និងការសំលឹងមើលពីឱកាសវិនិយោគលើវិស័យកសិកម្មក្នុងខេត្តតាកែវ។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានលើកតម្កើងលើវិស័យកសិកម្ម។ ឯកឧត្តមបន្តថា កន្លងមកថ្មីៗនេះខេត្តតាកែវ គឺជាខេត្តមួយដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការផលិតស្រូវ ហើយស្ទើរតែរាល់ឆ្នាំភាគច្រើនគឺខេត្ត តាកែវ ទទួលបានចំណាត់ថ្នាក់ល្អ ហើយឆ្នាំនេះ គឺទូទាំងខេត្តតាកែវ សល់ស្រូវប្រមាណជាកន្លះលានតោន។
អភិបាលក្រុង Xingyang នៃខេត្ត Hubei លោក Qin Jun មានប្រសាសន៍ថា «ដើម្បីធ្វើការ វិនិយោគលើវិស័យកសិកម្មនៅកម្ពុជាលោកមានគំនិតថា បើជាមធ្យមកសិករកម្ពុជា ប្រមូលផលស្រូវបាន ១ហិកតា ២តោនស្រូវ ដូច្នេះក្រុមហ៊ុនចិន អាចជួលដីកសិករយើង ដោយក្នុង១ហិកតាដដែល គឺឲ្យស្រូវទៅកសិករ២តោន និងជួលកសិករយើងឲ្យជួយធ្វើការនៅលើដីដែលក្រុមហ៊ុនចិនជួលពីកសិករកម្ពុជាវិញ។ ដូច្នេះកសិករកម្ពុជា នឹងទទួលបានទិន្នផលក្នុង ១ហិកតា ២តោនផង ហើយថែមទាំងបានទទួលនូវកំរៃពីកំលាំងពលកម្ម លើដីរបស់គាត់ផងដោយដីនោះគឺនៅតែជារបស់ប្រជាពលរដ្ឋកម្ពុជាដដែល»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានលើកឡើងថា នៅខេត្តតាកែវផលិតបានស្រូវប្រាំងច្រើនជាងស្រូវវស្សា តែទិន្នផលស្រូវប្រាំងលក់មិនបានថ្លៃដូចស្រូវវស្សានោះទេ ព្រោះស្រូវវស្សាច្រើនជាស្រូវក្រអូប។ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនមកវិនិយោគនៅក្នុងវិស័យកសិកម្ម ទាំងលើដំណាំស្រូវ និងការចិញ្ចឹមសត្វ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ធ្វើយ៉ាងណាឲ្យផលិតផលកសិកម្មរបស់កសិករកម្ពុជា នៅខេត្តតាកែវលក់បានតំលៃល្អ កុំឲ្យមានភាពរាំងស្ទះ។ ឯកឧត្តមបណ្ឌិតក៏បានជំរុញឲ្យក្រុមហ៊ុនចិនមកធ្វើការវិនិយោគក្នុងការនាំចេញស្រូវ បន្ទាប់ពីកិនរួចទៅទីផ្សារប្រទេសចិន ក៏ដូចជាប្រទេសផ្សេងៗទៀត។
ជាការឆ្លើយតប អភិបាលក្រុង Xingyang នៃខេត្ត Hubei លោក Qin Jun បានយល់ស្របនឹងការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ដោយលោក Qin Jun បានលើកឡើងថា ជាការពិតនៅប្រទេសចិនក៏ត្រូវការអង្ករច្រើនដែរ ហើយអង្ករមួយចំនួនដែលនាំទៅប្រទេសចិនតាមរយៈប្រទេសថៃ ក៏មានអង្ករក្រអូបមកពីប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកថា «នៅប្រទេសកម្ពុជាយើង មានសក្តានុពលខ្ពស់មិនត្រឹមតែផលិតស្រូវ អង្ករទេ ប៉ុន្តែយើងក៏មានសក្តានុពលខ្ពស់ ផ្អែកផលិតដំណាំកៅស៊ូផងដែរ ព្រោះយើងមានដីក្រហមស្អិត ដែលមានជីវជាតិសំរាប់ដំណាំកៅស៊ូ ហើយប្រទេសចិនដែលត្រូវការផលិតផលកៅស៊ូនេះ ក៏គួរតែក្រឡេកមើលការវិនិយោគនៅប្រទេសកម្ពុជា»។
គួរបញ្ជាក់ថា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៥នេះ ភាគីចិននឹងចុះទៅខេត្តតាកែវដើម្បីចុះអនុសារណៈស្តីពីសម្ព័ន្ធមេត្រីភាពរវាងខេត្ត Hubei និងខេត្តតាកែវ គឺរវាងអភិបាលនៃខេត្តទាំងពីរ។ ជាជំហ៊ានបន្ទាប់ទៀតភាគីទាំងសងខាង នឹងសំលឹងមើលទៅលើការអភិវឌ្ឍនិងជួយវិនិយោគទៅលើវិស័យកសិកម្ម នៅខេត្តតាកែវ។ សំរាប់ស្រូវក្រអូបនៅប្រទេសកម្ពុជាគឺមានគុណភាពខ្ពស់ ហើយក៏ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក៣ឆ្នាំជាបន្តបន្ទាប់គ្នា។ នេះគឺជាសារមួយដ៏ល្អ សំរាប់វិនិយោគិនអន្តរជាតិដើម្បីក្រឡេកមកមើលប្រទេសកម្ពុជាជាកន្លែងផលិតស្រូវដ៏ចំបង សំរាប់ការនាំចេញផលិតផលអង្ករចេញពីប្រទេសកម្ពុជា៕
អត្ថបទ៖ មៀច សុភាព