យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ពលរដ្ឋខ្មែររងគ្រោះចំនូន ៦រូប ដែលបានជាប់ឃុំឃាំងនៅ Alor Setarប្រទេសម៉ាឡេស៊ី ត្រូវបានជួយសង្គ្រោះ នឹងរៀបចំឲ្យវិលត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃនេះ។
នៅវេលាម៉ោង 15:55 នាទី រសៀល ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០១៥ នេះ ពលរដ្ឋខ្មែរ ទាំង៦នាក់ដែលរងគ្រោះមកដល់កម្ពុជា តាមជើងយន្តហោះ AK 534 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រសួងការបទេស ក៏បានធ្វើការអំពាវនាវដោយទទូចដល់ពលរដ្ឋខ្មែរ ដែលមានបំណងស្វែងរកការងារនៅក្រៅប្រទេស គួរតែស្វែងរកការងារដែលមានស្រាប់នៅក្នុងស្រុក ចៀសវាងការឃ្លាតឆ្ងាយពីក្រុមគ្រួសារ បងប្អូន និងអាចជួបគ្រោះចាញ់ការបោកប្រាស់ ពីជនដែលមានគំនិតទុច្ចរិតបំរើផលប្រយោជន៍ផ្ទាល់ខ្លួន។
កន្លងមកនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ តែងតែបានណែនាំជាប្រចាំ ដល់ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស ឲ្យខិតខំជួយសង្រ្គោះពលរដ្ឋខ្មែររងគ្រោះ ដែលបានទៅធ្វើការ ឬចាញ់បោកមេ ខ្យល់នាំយកទៅបំរើការងារនៅក្រៅប្រទេស និងរៀបការជាមួយជនបរទេស ដើម្បីឲ្យបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ៕