នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងជាព្រះរាជាអធិបតី ដ៏ខ្ពង់ខ្ពស់បំផុត សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌល ថែទាំមនុស្សចាស់ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរស្ស៊ី)។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលថា ការកសាង អគារមណ្ឌលព្យាបាលមនុស្សចាស់ “ព្រះសីហនុរាជ” នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺជាការរំលឹកនូវព្រះរាជគុណូបការៈ ដ៏ធំធេងរបស់ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលថា អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះនរោត្តម សីហនុ កាលដែលព្រះអង្គនៅគង់ព្រះជន្ម ព្រះអង្គ បានកសាងសមិទ្ធផល ផ្នែកសុខាភិបាល ដើម្បីថែទាំ និងព្យាបាលសុខភាពរបស់ប្រជារាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គ។
ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជបន្ទូលបញ្ជាក់ថា ថវិកាដែលបានចំណាយ លើការសាងសង់អគារ ព្យាបាលមនុស្សចាស់ ដែលមានទឹកប្រាក់ប្រមាណ ៣លានដុល្លារអាមេរិក នេះ បានមកពីព្រះមហាក្សត្រ និងតង្វាយរបស់សប្បុរសជនជាតិ-អន្តរជាតិ ដែលបានចូលជាវិភាគទាន ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ព្រះករុណា ព្រះនរោត្តម សីហនុ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ ព្រះសីហនុរាជ ដែលស្ថិតនៅក្នុងបរិវេណ មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត បានកសាងឡើង កាលពីដើមឆ្នាំ២០១៤ សម្រាប់ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា និងជាការអភិវឌ្ឍផ្នែកវិស័យសុខាភិបាលផងដែរ៕