យោងតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៥នេះ ក្រសួងកិច្ចការនារី បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការចេញនូវសេចក្តីថ្លែងការណ៍រួមរបស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលមានចំណងជើងថា «រួមគ្នាលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្រ្តីដោយពិតប្រាកដ» កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ទាក់ទងនឹងប្រសាសន៍របស់ សម្តេចតេជោ ដែលបានថ្លែងក្នុងឱកាសបើកឲ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនិងស្រ្តីជាបាតុករមួយរូប ដែលបានយកជើងធាក់ថែម ទៅលើសន្តិសុខមួយរូបដែលកំពុងមានរបួសធ្ងន់ធ្ងរ។ ក្រសួង កិច្ចការនារី សង្ឃឹមថា អង្គការមិនមែនរដ្ឋាភិបាល នឹងរក្សាគោលជំហរអព្យាក្រឹតចៀសវាងផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈបំប៉ោង និងពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងភាពជាដៃគូរក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចំរើន។
ក្រសួងកិច្ចការនារី សូមធ្វើការកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់អង្គការមួយចំនួន គឺ មានគោលបំណងបំភ្លៃព័ត៌មាន និងវាយប្រហាររាជរដ្ឋាភិបាល ព្រោះសម្តេចតេជោ បានមានប្រសាសន៍ផ្តោតទៅលើស្រ្តីមួយរូបតែប៉ុណ្ណោះ ដែលបានទាត់ធាក់លើកសន្តិសុខមួយរូប កំពុងរងរបួសធ្ងន់ និងគ្មានបំណងរើសអើងលើស្ត្រីទូទៅនោះទេ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា «មិនមែនជាការរំលោភលើសិទ្ធិស្ត្រីទេ ប៉ុន្តែវាអាក្រក់ហួស...»។ ការលើកឡើងរបស់ សម្តេចតេជោ ក៏ជាសារមួយបង្ហាញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនគាំទ្រដាច់ខាតចំពោះរាល់ការប្រព្រឹត្តអំពើហិង្សា ទោះជនប្រព្រឹត្តនោះជាស្ត្រីឬបុរសក៏ដោយធ្វើយ៉ាងណាសំដៅលើកកម្ពស់នូវវប្បធម៌អហិង្សាដើម្បីភាពសុខដុមរមនាក្នុងសង្គម។
ក្រសួងកិច្ចការនារីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិ និងស្ថានភាពរបស់ស្ត្រី តាមរយៈការអនុវត្តគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) គាំទ្រ និងផ្តល់ឱកាសឲ្យស្ត្រីបានចូលរួមក្នុងគ្រប់វិស័យការងារ មានតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់លំដាប់ថ្នាក់ទាំងក្នុងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការ៕
អត្ថបទ៖ សុភាព