ធនាគារអភិវឌ្ឍន៍អាស៊ី
ហៅកាត់ថា ADB បានអនុម័តលើកម្ចីក្នុងទឹកប្រាក់ ៦០ លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនផលិតកម្មកសិកម្ម
តាមរយៈការស្តារឡើងវិញនិងការធ្វើការធ្វើទំនើបកម្ម ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ធំ
និងខេត្តបាត់ដំបង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
សេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៩
ខែកញ្ញានេះ បានលើកឡើងថា លោក Raza Mahmood Farrukh អ្នកឯកទេសខាងធនធានទឹក
នៃនាយកដ្ឋានតំបន់អាស៊ីអាគ្នេយ៍របស់ ADB បានមានប្រសាសន៍ថា “ផលិតភាពកសិកម្មទាប
គឺជាបញ្ហាធ្ងន់ធ្ងរមួយ សម្រាប់កសិករខ្មែរ ដែលពឹងពាក់លើប្រព័ន្ធធារាសាស្ត្រ
ដែលមិនសូវទទួលបានការថែទាំ សម្រាប់បង្កបង្កើនផលស្រូវរបស់ខ្លួន។ ការផ្តល់ហិរញ្ញប្បទាននេះ
នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីពង្រីកទំហំដី
ដែលទទួលបានការស្រោចស្រព និងការគ្រប់គ្រងធនធានទឹកឲ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា ហិរញ្ញប្បទាននេះ នឹងកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាកសិករ
ដោយសារតែមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដូចជា ទឹកជំនន់ ជាដើម ដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។
គម្រោងនេះ នឹងបង្កើនប្រសិទ្ធភាព និងភាពធន់ទៅនឹងអាកាសធាតុនៃប្រព័ន្ធធារាសាស្ត្រ
ក្នុងខេត្តកំពង់ធំ និងបាត់ដំបង។
សេចក្តីប្រកាស លើកឡើងថា គិតត្រឹមឆ្នាំ២០២១
ផ្ទៃដីដាំដុះសរុប ទាំងរដូវប្រាំង និងរដូវវស្សា នឹងកើនឡើងទ្វេរដងដល់ ២៩៥០០
ហិចតា ពី ១៣៥០០ ហិចតា ក្នុងឆ្នាំ ២០១៥ ហើយប្រព័ន្ធធារាសាស្ត្រចំនួន ៣ នឹងសម្រេចបាននូវប្រសិទ្ធភាពស្រោចស្រពបាន
១០០%។
សេចក្តីប្រកាស
ក៏បានបង្ហាញថា តាមរយៈការកែលំអប្រព័ន្ធធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់
ដល់កសិករ ក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង កម្ចីនេះនឹងជួយបង្កើនផលិតភាពកសិកម្ម
និងបង្កើនប្រាក់ចំណូលដល់កសិករនៅតាមមូលដ្ឋាន ដោយសារតែពួកគេអាចមានលទ្ធភាពបង្កបង្កើនផលស្រូវ
បន្លែ និងដំណាំហូបផ្លែ ផ្សេងៗ បានម្តងទៀត នៅរដូវប្រាំង។
សេចក្តីប្រកាស
លើកឡើងថា គម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាល និងសហគមន៍កសិករប្រើប្រាស់ទឹក
អំពីរបៀបគ្រប់គ្រងធនធានទឹកឲ្យបានត្រឹមត្រូវ ដែលក្នុងនោះសមាជិកនិងអ្នកគ្រប់គ្រងសហគមន៍
នេះយ៉ាងតិចបំផុត ៣០% ត្រូវតែជាស្ត្រី។ សហគមន៍កសិករប្រើប្រាស់ទឹក នឹងទទួលខុសត្រូវលើការប្រើប្រាស់
និងការថែទាំប្រឡាយរងទី២។
គម្រោងនេះ
ក៏នឹងបំពេញបន្ថែមឲ្យគំនិតផ្តួចផ្តើម ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ីផ្សេងទៀត
ក្នុងតំបន់នេះ ដូចជា កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវដែលធន់នឹងអាកាសធាតុ
ដែលកំពុងតែអនុវត្ត ព្រោះកសិករអាចទទួលបានគ្រាប់ពូជដែលមានគុណភាពខ្ពស់
ដោយមានការបញ្ជាក់ត្រឹមត្រូវ។
សេចក្តីប្រកាស
លើកឡើងថា កម្ចីនេះ មានប្រភពពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាកម្ចីសម្បទានរបស់
ADB ហើយរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ថវិកាបដិភាគចំនួន ៦,១ លានដុល្លារ។ គម្រោងនេះ
នឹងមានរយៈពេល ៥ ឆ្នាំ ដោយនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២១៕