Wednesday, September 30, 2015

ការដំាដុះ​និង​ទីផ្សារ​កសិផល​នៅ​ខេត្ត​ប៉ៃលិន​ល្អ​តែក​សិករ​ខ្វះ​បច្ចេក​ទេសនិងទឹក

ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានជម្រាបជូន គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ថាប្រជាកសិករនៅក្នុងខេត្តត្បូងពេជ្រនេះ បាននិងកំពុងដំាដុះដំណាំកសិកម្មជាច្រើនមុខ ដែលធ្វើឲ្យ​ជីវភាព​ពួកគាត់​មាន​ការរីកចម្រើនជាលំដាប់។ ការងារដែលកសិករនៅខេត្តប៉ៃលិនធ្វើមានដូចជា ធ្វើស្រែ ដំាដំឡូងមី ពោតក្រហម ម្រេច កៅស៊ូ តាង៉ែន និងដំណាំហូបផ្លែច្រើនមុខទៀត ។

បើតាមប្រសាសន៍របស់ ឯកឧត្តមអភិបាលរងខេត្ត កសិផលរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន បាននាំទៅលក់នៅប្រទេសថៃ ក្នុងចំនួនប្រមាណ៧០% និង៣០%ទៀត បាននាំទៅលក់នៅប្រទេសវៀតណាម។

ការលើកឡើងពីវិស័យកសិកម្ម របស់ថ្នាក់ដឹកនាំខេត្តប៉ៃលិនបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន​បទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងខណៈ ដែលគណៈកម្មការជំនាញរដ្ឋសភានេះ ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់វិស័យការងារទាក់ទងនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងខេត្តប៉ៃលិន។

ក្នុងឱកាសនោះ ឯកឧត្តម អៀង វុធ មានប្រសាសន៍បន្តថា កសិផលរបស់ប្រជាកសិករក្នុងខេត្តប៉ៃលិន ក្រៅពីធ្វើការនាំចេញទៅលក់នៅប្រទេសជិតខាង នៅមានទីផ្សារលក់ក្នុងខេត្តប៉ៃលិននេះតែម្តង ពិសេសពោតក្រហម។

 “បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិន មាន​ក្រុមហ៊ុនឯកជនផលិតចំណីសត្វរបស់ប្រទេសថៃ បានបើកដំណើរការផលិតចំណីសត្វនៅក្នុងខេត្តប៉ៃលិន ហើយរោងចក្រនេះ ត្រូវការទិញពោតក្រហម ពីកសិករច្រើនតោន ក្នុងមួយឆ្នាំៗ ប៉ុន្តែគេក៏ត្រូវការពោតដែលមានគុណភាពដែរ”។ នេះជាការគួសបញ្ជាក់របស់ឯកឧត្តម អៀង វុធ។

ជាមួយនឹងការលើកឡើងពីការរីកចម្រើនជីវភាពប្រជាកសិករ ឯកឧត្តម អៀង វុធ ក៏បានជម្រាប   ជូនគណៈកម្មការរដ្ឋសភា ពីផលលំបាក ក្នុងការប្រកបរបរកសិកម្មនៅក្នុងខេត្តជាប់ព្រំដែនថៃនេះផងដែរ។ បញ្ហាផលលំបាកសំខាន់មានពីរគឺ ការខ្វះទឹក និងខ្វះបច្ចេកទេសដំាដុះ។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានស្នើមកថ្នាក់ដឹកនាំខេត្ត ឲ្យ​ជួយ​​បណ្តុះបណ្តាលពួកគាត់បន្ថែមទៀតនូវចំណេះដឹង បច្ចេកទេសកសិកម្ម ដើម្បីបង្កើនគុណភាព និងបរិមាណកសិផល ឲ្យស្របទៅនឹងតម្រូវការទីផ្សារ។ ចំណែកប្រព័ន្ធធារាសាស្ត្រវិញ បច្ចុប្បន្នខេត្តមានប្រព័ន្ធធារាសាស្ត្រធំៗតែពីរប៉ុណ្ណោះ។ ធារាសាស្រ្តចំនួនពីរនេះ មិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ដល់ការដាំដំណាំកសិកម្ម ទូទាំងខេត្តឡើយ។

ឯកឧត្តម អៀង វុធ បានបញ្ជាក់ថា “បញ្ហានេះអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធកំពុង រិះរកមធ្យោ​បាយដោះស្រាយជូនប្រជាពលរដ្ឋ “។