Wednesday, September 30, 2015
ក្រសួងការងារបន្ថែមថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌ១ថ្ងៃទៀត ដើម្បីសម្រួលដល់ការឈប់សំរាករបស់កម្មករ និយោជិត
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់ឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ និយោជិត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្តីពីការងារអនុវត្តនូវចំណុច២៖ គឺទី១. អនុញ្ញាតឲ្យកម្មករ និយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងកំឡុងពេល៤ថ្ងៃគឺ ថ្ងៃទី ១១-១២-១៣ និងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៥ ជំនួសថ្ងៃអាទិត្យទី១១។ ទី២. ខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករ និយោជិតឲ្យបានមុនថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករ និយោជិតទទួលប្រាក់បុរេប្រទានយ៉ាងតិច ៥០% មុនពេលបុណ្យភ្ជុំបិណ្ឌ៕