ឯកឧត្តមជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥នេះថា ដោយមានការអន្តរាគមន៍របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ពលរដ្ឋខ្មែរ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តនគររាជសីម៉ា ចំនួន ៥៨ នាក់ក្នុងចំណោម ៩២ នាក់ ពីបទចូលទៅកាប់ឈើខុសច្បាប់ក្នុងព្រៃឧទ្យានជាតិ ខេត្តនគររាជសីម៉ា ប្រទេសថៃ ត្រូវបាន អាជ្ញាធរថៃដោះលែងកាលពីថ្ងៃទី១១ខែ កញ្ញា ឆ្នាំ ២០១៥ តាមច្រកឆុងចម-អូស្មាច់ ដោយ គ្រាន់តែបង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួន ៤២៥០ បាត។
ឯកឧត្តម ជុំ សុន្ទរី បានបន្ថែមថា ពលរដ្ឋខ្មែរខាងលើបានអោយដឹងថា មេខ្យល់បានបោកប្រាសពួកគាត់អោយចូលទៅ ធ្វើការក្នុងទឹកដីថៃ ដោយប្រាប់ថាជាការងារស្របច្បាប់ត្រឹមត្រូវអាចទទួលកំរៃ ១០០០ បាត ក្នុង មួយថ្ងៃ។
អ្នកនាំពាក្យក៏បានឲ្យដឹងដែរថា កន្លងមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាយ៉ាងស្វិតស្វាញជាមួយអាជ្ញាធរថៃ អោយជៀសវាងការបាញ់ប្រហារទៅលើពលរដ្ឋកម្ពុជា ដែល ចូលទៅកាប់ឈើក្នុងទឹកដីថៃ៕