សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា គម្រោងសរុបចំនួន ប្រាំពីរ ទៅ ដប់ នឹងរំពឹងថាទទួលជំនួយឥតសំណង ដែលមួយគម្រោងថវិកាចាប់ពី ៥០.០០០ រហូតដល់ ១០០.០០០ដុល្លាអាមេរិក។ នៅក្នុងពីធីប្រកាសចាប់ផ្តើម លោក ស៊ុំ ធី ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន និងជាប្រធានគ្រប់គ្រងនៃកម្មវិធី CCCA បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្ស និងអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់គោលបំណងអភិវឌ្ឍន៍ដោយចីរភាពថា “ការពង្រឹងសមត្ថភាពមនុស្ស និងបច្ចេកទេស គឺជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់របស់កម្មវិធី CCCA ដើម្បីគាំទ្រការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ហេតុនេះ កម្មវិធី CCCA ដែលទទួលពហុជំនួយពីសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអែដ (SIDA) បានឯកភាពរួមគ្នាវិភាជមូលនិធិទៅកាន់ស្ថាប័នដែលមានសមត្ថភាពស្វែងរកបច្ចេកវិទ្យា និងវិធីសាស្រ្តច្នៃប្រឌិតថ្មីៗឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលទាំងការស្រាវជ្រាវ”។
ចំនុចផ្តោតនៃមូលនិធិស្រាវជ្រាវ និងការច្នៃប្រឌិត រួមមាន ១) ការងារបន្ស៊ាំ ២) ការកាត់បន្ថយ និងសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ ៣) ការងារបន្ស៊ាំ និងកាត់បន្ថយ។ ការស្រាវជ្រាវ និងច្នៃប្រឌិត គឺជាចំនុចសំខាន់នៃសំណើគម្រោង (មិនមែនជាគម្រោង “តាមទម្លាប់ធម្មតា”) ដែលត្រូវបញ្ជាក់ច្បាស់អំពីគុណតម្លៃបន្ថែមទៅលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ សកម្មភាពដែលស្នើឡើង ត្រូវបង្ហាញអំពីសក្តានុពលដែលត្រូវអនុវត្តសម្រាប់ជាកាតាលីករកៀរគរប្រភពហិរញ្ញប្បទានកាបូន ហើយស្ថាប័នដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដាក់សំណើរ រួមមាន ១) ក្រសួង ឬស្ថាប័នរាជរដ្ឋាភិបាលដែលបានអនុម័តផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឬនាយកដ្ឋាន/វិទ្យាស្ថាននៃស្ថាប័ននោះ ២) អង្គការមិនមែនរដ្ឋាភិបាល (អង្គការក្នុងស្រុក ឬអន្តរជាតិដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា) និង ៣) សាកលវិទ្យាល័យ ឬវិទ្យាស្ថានស្រាវជ្រាវ (មានមូលដ្ឋានក្នុងប្រទេសកម្ពុជា)៕