ឯកឧត្តម ផៃ ស៊ីផាន បានគួសបញ្ជាក់ថា ដោយសារតែ សម្តេចតេជោនាយករដ្ឋមន្ត្រី កើតចេញពីប្រជាពលរដ្ឋភាគច្រើនរបស់កម្ពុជា តាមរយៈការទុកចិត្ត និងសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលបានផ្តល់ឲ្យ សម្តេចតេជោ នូវការងារ និងការទទួលខុសត្រូវខ្ពស់ ជានាយករដ្ឋមន្ត្រី គឺសម្តេចបានដើរតួជានាយករដ្ឋមន្ត្រី នៃការងាររដ្ឋគ្រប់គ្រង និងនាំមុខការងាររបស់គណៈរដ្ឋមន្ត្រី ដែលជាក្រុមបំរើប្រជាពលរដ្ឋ ហើយសម្តេចតេជោ លោកមានទស្សនៈទានយល់ឃើញវែងឆ្ងាយ ទាំងវិស័យសង្គម ដើម្បីសន្តិភាព ការរីកចំរើន និងឯកភាពជាតិ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបន្ថែមថា Facebook របស់សម្តេចតេជោ គឺជាលំហរទស្សនៈសាធារណៈមួយ ដែលសម្តេចទទួលបាន ដឹង និងយល់ពីសេចក្តីត្រូវការពិតប្រាកដ សេចក្តីបារម្ភពិតប្រាកដ ឬសំណូមពរពិតប្រាកដ របស់ប្រជាពលរដ្ឋ ដែលធ្វើអោយប្រជារាស្ត្រ និងនាយករដ្ឋមន្ត្រីនៅជិតស្និទ្ធជាមួយគ្នា។ មួយវិញទៀត ឯកឧត្តម ផៃ ស៊ីផាន ក៏បានចាត់ទុកថា Facebook របស់សម្តេចតេជោ គឺជាទិដ្ឋភាពរដ្ឋបាលប្រកបដោយប្រសិទ្ធិភាព រវាងរបាយការណ៍ជាផ្លូវការរបស់មន្ត្រី និងរបាយការណ៍របស់ប្រជាពលរដ្ឋជូនផ្ទាល់ដល់សម្តេចតេជោ។ ជាមួយគ្នានេះដែរ សម្តេចតេជោ នឹងមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងកិច្ចប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយមហាជនរបស់សម្តេច ដូចជាការបង្ហាញនូវទស្សនៈ ឬសេចក្តីអំពាវនាវរបស់សម្តេច ទៅកាន់សាធារណៈជន ក្នុងនាមជារាមច្បង ឬអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់នាំមុខរបស់រដ្ឋ។ ឧទាហរណ៍ជាក់ស្តែង នៅលើទំព័រហ្វេសប៊ុក របស់សម្តេចតេជោ សម្តេចបានអំពាវនាវដល់យុវជន ឲ្យយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងអនាគតរបស់ខ្លួន ជាជាងក្លាយទៅជាឧបករណ៍នយោបាយនៃគណបក្ស ដែលពុំទទួលខុសត្រូវចំពោះសកម្មភាពញុះញង់បំពានច្បាប់រដ្ឋ៕