សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហាញសេចក្តីអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនជាថ្មីម្តងទៀតនេះ ក្នុងខណៈដែលសម្តេច បានអនុញ្ញាតឱ្យ ឯកឧត្តម កាហ្ស៊ុយុគី ណាកាណេ (Kazuyoki Nakane) សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖ នៅក្នុងជំនួបនេះ ឯកឧត្តម កាហ្ស៊ុយុគី ណាកាណេ បានជំរាបជូនសម្តេចតេជោថា ជារៀងដរាបមក ឯកឧត្តម បានប្រឹងប្រែង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ។ នោះសោតគឺឯកឧត្តមបានជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាជាប្រចាំ ដើម្បីជាការស្វែងយល់ពីទំនាក់ទំនង ការងារផ្សេងៗ។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រចំពោះនាវាយុវជន ជប៉ុន-អាស៊ាន ក៏ដូចជាគាំទ្រទៅលើគម្រោងផ្សេងៗ ដែលជប៉ុនបានជួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាគម្រោងប្រព័ន្ធលូទឹកនៅទីក្រុងភ្នំពេញ គម្រោងចំណងមិត្តភាពកម្ពុជា-ជប៉ុនទីក្រុងភ្នំពេញ និងទីក្រុងគីតា ប្រទេសជប៉ុន ក៏ដូចជាគម្រោងផ្សេងៗទៀត រួមមានគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជប៉ុន បាននិងកំពុងជួយដល់កម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាលលើវិស័យវិស្វកម្ម វិស័យឧស្សាហកម្ម ធ្វើយ៉ាងណាឧបត្តម្ភចូលរួមចំណែក ទៅដល់គោលនយោបាយ ឧស្សាហកម្ម កម្ពុជា។
ឯកឧត្តម ក៏បានជម្រាបជូនសម្តេចតេជោផងដែរថា នឹងមានការបើកការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈមួយ នៅកម្ពុជា ដោយបាននឹងកំពុងប្រឹងប្រែង ក្នុងការសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សំដៅធ្វើយ៉ាងណាជម្រុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានជំរាបជូនថា ជប៉ុននឹងបន្តជួយដល់ការកែទម្រង់ការបោះឆ្នោត ដោយធ្វើយ៉ាងណា ឲ្យការបោះឆ្នោតនោះមានដំណើរបានល្អ យុត្តិធម៌ និងអាចទទួល យកបានដោយប្រជាជនទូទៅ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចបានឯកភាពចំពោះការលើកឡើង របស់ឯកឧត្តម ណាកាណេ ដែលលើកឡើងពីការបើកការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈ និងគាំទ្រទៅសកម្មភាពនាវាយុវជនជប៉ុន-អាស៊ាន ដែលជាការចូលរួមចំណែកលើកស្ទួយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ចំពោះជំនួយដល់ការកែទម្រង់ការបោះឆ្នោតនោះសម្តេចក៏បានថ្លែងអំណរគុណចំពោះជប៉ុន ដោយសម្តេចមានប្រសាសន៍ថា សម្តេចបានជំនឿលើបច្ចេកវិទ្យាថ្មី សម្ភារៈថ្មី ដែលជប៉ុន នឹងជួយដល់កម្ពុជា៕