ការប្រកាសបន្តសាងសង់ស្ពានឆ្លងកាត់ទៅតំបន់ អរិយក្សត្រ របស់ប្រមុខរាជរដ្ឋាភិបាលនេះជាភាពត្រេកអរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ រស់នៅតំបន់អរិយក្សត្រ បន្ទាប់ពីបានលឺប្រសាសន៍ដ៏ប្រពៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសិក្សាដើម្បីបន្តសាងសង់ស្ពាន ឆ្លងទន្លេមេគង្គ ទៅតំបន់អរិយក្សត្រ តាមសំណើប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រនោះ នាពេលខាងមុខ។
ក្រៅពីការប្រកាសបន្តសាងសង់ស្ពានអរិយក្សត្រជាបន្តទៀតនោះ សម្តេចតេជោ ក៏បានលើកឡើងអំពីការបន្តសាងសង់ស្ពាន១ទៀត (សរុបស្ពានចំនួន២) នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចតេជោបានបញ្ជាក់ថា«យើងកំពុងតែធ្វើការសិក្សាស្រាវជ្រាវ ឲ្យក្រុមហ៊ុនសាជីវកម្មចិនគម្រោងរបស់យើងគឺនឹងសិក្សាស្ពាន២ ស្ពានទី១គឺស្ថិតនៅភូមិស្វាយជ្រុំ ខ័ណ្ឌឬស្សីកែវ ទៅសង្កាត់ជ្រោយចង្វារ ខ័ណ្ណជ្រោយចង្វារ រាជធានីភ្នំពេញ ស្ពានទី២ គឺស្ថិតនៅភូមិអរិយក្សត្រសុ្រកល្វាយឯម ឆ្លងទន្លេមេគង្គក្រោម ភ្ជាប់ទៅភូមិក្តីតាកុយ សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅរាជធានីភ្នំពេញ។»
សូមជំរាបថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋដែលចង់បានស្ពាន រស់នៅតំបន់អរិយក្សត្របាននិយាយថា «បើបានស្ពានមែនកុំថាឡើយប្រជាពលរដ្ឋ ឃុំអរិយក្សត្រ ត្រេកអរ សូម្បីតែប្រជាពលរដ្ឋនៅខាងកើតទន្លេក៏សប្បាយចិត្តដែរ គឺស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ធ្វើដំណើរ និងដឹកទំនិញលែងយឺតយ៉ាវដោយទឹកទន្លេជាឧបសគ្គហើយ»។
ម្យ៉ាងវិញទៀតប្រសិនជាមានស្ពាននេះជាការល្អណាស់ ព្រោះរថយន្តធំៗ មិនចាំបាច់ឆ្លងកាត់ទីក្រុង ដោយពួកគេអាចវាងទៅតាមស្ពាននេះ ជាផ្នែកមួយជួយរំដោះចរាចរណ៍ ក្នុងទីក្រុងដែលមានភាពកកស្ទះ នៅពេលបច្ចុប្បន្នឲ្យមានភាពធូរស្បើយមួយកម្រិត។ បើគិតពីភ្នំពេញ ទៅកាន់ឃុំអរិយក្សត្រ មានចម្ងាយប្រហែល២គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍន៍នៅតំបន់នេះ នាពេលកន្លងមកហាក់ដូចជា មានភាពយឺតយ៉ាវណាស់ ដោយសារទឹកទន្លេជាឧបសគ្គក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ។