នៅព្រឹកថ្ងៃទី ២៦ តុលាឆ្នាំ ២០១៥ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយនឹងឯកឧត្តម ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ថា សម្តេចមានការរីករាយខ្លាំងណាស់ដោយបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកទី១ បន្ទាប់ពីការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសបារាំងកាលពីឆ្នាំ២០០៩។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចសូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនិងមួយរដ្ឋាភិបាលបារាំងនិងក្រុមគ្រួសារសព ចំពោះឧបទ្វហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បាន ថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលបារាំង ដែលបានផ្តល់នូវផែនទីជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ទៀងផ្ទាត់ជាមួយនិងប្រទេសជិតខាង។ សម្តេចតេជោមានប្រសាសន៍បន្តថា បញ្ហាផែនទីនេះគឺមិនមែន មានបញ្ហាជាមួយនិងប្រទេសជិតខាងឬបញ្ហារវាងកម្ពុជានិងវៀតណាមនោះទេ ប៉ុន្តែវាគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជាផ្ទាល់តែម្តង។ នៅក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា បារាំង សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែង នូវការពេញចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា បារាំងគឺចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ ២០១៥ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD កម្ពុជាបានទទួលកម្ចីសម្បទាន៤០៦លានអឺរ៉ូ ហើយថ្ងៃនេះនិងមានការផ្តល់បន្ថែមទៀតដល់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ថ្វីត្បិតមានកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏ពិតមែន ប៉ុន្តែសម្តេចមិនទាន់ ពេញចិត្តចំពោះទំហំពាណិ ជ្ជកម្ម នៃប្រទេសទាំង២ ឲ្យកាន់តែមានទំហំទ្វេឡើងថែមទៀត សម្រាប់ប្រទេសទាំងពីរ តាមរយៈនេះសម្តេចស្នើឲ្យឯកឧត្តមប្រធានាធិបតី ជួយជំរុញអ្នកវិនិយោគបារាំងទៅបណ្តាក់ទុននៅ កម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ភាគីបារាំង ផ្តល់នូវជំនួយបច្ចេកទេសទាំងហិរញ្ញវត្ថុនិងធនធាន មនុស្សដល់កម្ពុជា ក្នុងការជួយជំរុញឲ្យ ដំណើរការនៃការអនុវត្តគោល នយោបាយស្តីពី វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ទទួលបានជោគជ័យ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងនូវអំណរគុណ ចំពោះតួនាទីរបស់បារាំង ក្នុងនាមជាសហប្រធានគណៈកម្មា ធិការបេតិកភណ្ឌពិភពលោក ដែលបានរួមចំណែកយ៉ាងសកម្មដល់ការ ថែរក្សានិងអភិរក្សប្រាសាទអង្គរកម្ពុជា និងការរួមចំណែកជួយដល់ការជួយជំរុញកំណើនទេសចរ របស់ កម្ពុជា ពិសេសការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នៅលើទំនាក់ទំនងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ចូលរួមអបអរសាទរចំពោះប្រទេសបារាំង ក្នុងការធ្វើជា ម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលធាតុអាកាស ដែលគ្រោងធ្វើឡើងនៅខែធ្នូឆ្នាំ២០១៥ តាម រយៈនេះកម្ពុជាសូមគាំទ្រឲ្យសន្និសីទនោះ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់បំផុត។ ក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះសុន្ទរកថារបស់ឯកឧត្តមប្រធានាធិបតីដែលបាន ថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការសហ ប្រជាជាតិកាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោក៏បានគាំទ្រនូវការសំរេចរបស់រដ្ឋាភិបាលបារាំង ក្នុងការវាយ ប្រហារតាមជើងអាកាស ក្នុងការប្រឆាំងទៅទៅនឹងភេរវកម្មរបស់ក្រុម IS ។ ជាមួយគ្នានេះកម្ពុជានិងចូលរួមឲ្យកាន់តែសកម្មភាព និងឆាប់រហ័សថែមទៀត នៅក្នុងប្រតិបត្តិការក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដែលជាតំរូវការជាក់ស្តែង របស់អង្គការសហប្រជាជាតិ និងជាការតបស្នងសងគុណចំពោះអង្គការសហ ប្រជាជាតិ ដែលបានជួយដល់ ប្រទេសកម្ពុជាកាលពីពេលកន្លងទៅ
ជាការឆ្លើយតបឯកឧត្តម ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មានប្រសាសន៍ថា បារាំងនឹងជួយជំរុញអ្នកវិនិយោគបារាំងទៅបណ្តាក់ទុននៅកម្ពុជា ពិសេសការវិនិយោគលើវិស័យអាកាសចរណ៏ទឹកស្អាត និងរថភ្លើងក្នុងក្រុង។ ពាក់ព័ន្ធនិងការបើកសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលធាតុអាកាស ឯកឧត្តមប្រធានាធិបតីបារាំងមានប្រសាសន៍ថា ឯកឧត្តមចង់ឲ្យមានវត្តមានសម្តេចតេជោអញ្ជើញចូលរួមក្នុង សន្និសីទដ៏មានសារៈសំខាន់នោះ ដោយសារតែកម្ពុជាគឺជាប្រទេសមួយដែលងាយ ស្រួលនឹងការរងគ្រោះ ពី បម្រែបម្រួលធាតុអាកាស។ ពាក់ព័ន្ធនឹងតួនាទីរបស់កម្ពុជាក្នុងការចូលរួមថែរក្សាសន្តិភាព នៅប្រទេសម៉ាលី អាហ្រ្វីកកណ្តាល លីបង់ និងប្រទេសដ៏ទៃទៀតនោះ ឯកឧត្តមសូមសំដែងនូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះប្រទេសកម្ពុជាដែលបានបំពេញតួនាទីដ៏សកម្មនោះ។ ពាក់ព័ន្ធទៅនិងការប្រយុទ្ធប្រឆាំង IS ដែលជាការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមប្រធានាធិប តីបារាំង ហ្រ្វង់ស័រ ហូឡើង់ មាន ប្រសាសន៍ថា វាជាការត្រឹមត្រូវខ្លាំងណាស់ព្រោះវាគឺជា គ្រោះមហន្តរាយរបស់ពិភពលោកទាំងមូល មិនថាតែប្រទេសណាមួយនោះទេ ដែលនោះគឺទាមទារឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា និង ទាមទារឲ្យមានការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញ ទៅមក ជុំវិញការប្រយុទ្ធប្រឆាំងទៅអំពើរភេរវកម្ម។ ជាមួយគ្នានេះពាក់ព័ន្ធទៅនិងការប្រើប្រាស់ភាសាបារាំង ឯកឧត្តមមានប្រសាសន៍ថា បារាំងចង់ឃើញកម្ពុជាចូល រួមក្នុងការអភិវឌ្ឍហ្រ្វង់កូហ្វូនី ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ សម្តេចតេជោមានប្រសាសន៍ថា ការដែលកម្ពុជាបញ្ជូនកងកមលាំងថែរក្សាសន្តិភាពក្រោឆ័ត្ររបស់អង្គការ សហប្រជា ជាតិ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍហ្រ្វង់កូហ្វូនីផងដែរ ព្រោះប្រទេសដែលកម្ពុជាបញ្ជូន កងថែរក្សាសន្តិភាពទៅនោះ គឺជាប្រទេសដែលប្រើប្រាស់ភាសារបារាំង និងជាមហាគ្រួសារហ្រ្វង់កូហ្វូនីផង ដែរ។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមប្រធានាធិបតីបារាំងបានទទួលយកនូវ ព្រះរាជសារយាងអញ្ជើញ របស់ព្រះមហាក្សត្រកម្ពុជា ក្នុងការគោរពអញ្ជើញឯកឧត្តមប្រធានាធិបតីទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជា ណាចក្រកម្ពុជាក្នុងពេលវេលាដ៏សមស្របចខាងមុខ។