Tuesday, October 27, 2015

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ​ថ្លែងទៅកាន់​កិច្ចប្រជុំក្រុម​ប្រឹក្សាធុរកិច្ច​បារាំង-កម្ពុជា រៀបចំ​ដោយ MED​EF INTERNA​TIONAL នៅទីក្រុង​ប៉ារីស

លោក ហ្វ្រេដឺរិច សាន់ហ្សេស (FREDERIC SANCHEZ) ប្រធានក្រុមប្រឹក្សាធុរកិច្ចបារាំង-កម្ពុជា ឯកឧត្តម ហ្សង់ក្លូដ ពាំបឺស (Jean-Claude POIMBOEUF) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី !


ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ​ក្រៃលែងដែលបាន​មកចូលរួមក្នុង​ពិធីជំនួបជាមួយ​ក្រុមប្រឹក្សាធុរកិច្ច បារាំង-កម្ពុជា ដែលបានរៀប​ចំឡើងដោយ​សហព័ន្ធនិយោជក​បារាំងអន្តរជាតិ (MEDEF International) បន្ទាប់ពីការចូលរួមរបស់​ខ្ញុំម្ដងរួចមកហើយ កាលពីឆ្នាំ ២០០៥។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះសហព័ន្ធ​និយោជកបារាំងអន្តរជាតិ និងក្រុម​ប្រឹក្សាធុរកិច្ចបារាំង-កម្ពុជា ដែលបានផ្ដួចផ្ដើម​រៀបចំកម្មវិធីដ៏​មានសារៈសំខាន់នេះ ផ្ដល់លទ្ធភាព​ឲ្យខ្ញុំបានចែករំលែក​ព័ត៌មានថ្មីៗអំពីការវិវត្តសំខាន់ៗ ពាក់ព័ន្ធនឹងស្ថាន​ភាពសង្គម និងសេដ្ឋកិច្ច​នៅកម្ពុជា ជាពិសេសកាលានុវត្ត​ភាពសម្រាប់កិច្ចសហ​ប្រតិបត្តិការផ្នែកធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្វាគមន៍ចំពោះវត្ត​មានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងជាតំណាង​ក្រុមហ៊ុនបារាំង​ដែលបានអញ្ជើញចូលរួមក្នុង​ពិធីនាពេលនេះ។ ប្រការនេះ បង្ហាញឲ្យឃើញពី​ការចាប់អារម្មណ៍កាន់​តែច្រើនឡើងពី​សហគមន៍ធុរកិច្ចបារាំង​មកលើកម្ពុជា។

ក្នុងរយៈពេលជាងពីរ​ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាត្រូវ​បានគេទទួលស្គាល់​ថា មានការផ្លាស់ប្ដូរយ៉ាងល្អ​ប្រសើរគួរឲ្យកត់សម្គាល់ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងវិនិយោគ។ ល្អប្រសើរជាង​សុន្ទរកថាវែងឆ្ងាយ ក្នុងឱកាសនេះ ខ្ញុំសូមលើកជូននូវសូចនាករជាក់​ស្ដែងមួយចំនួន ដែលឆ្លុះបញ្ចាំង​ការជឿនលឿន និងការវិវត្តរបស់កម្ពុជា រួមមាន (១) តម្រូវការការប្រើប្រាស់អគ្គីសនី៖ ក្នុងខណៈពេលដែលតម្រូវ​ការអគ្គិសនីមានទំហំប្រមាណ ១០៧ មេហ្កាវ៉ាត់ នៅឆ្នាំ២០០០, តម្រូវការនេះបាន​កើនឡើងដល់ ៥៧២ មេហ្កាវ៉ាត់ នៅឆ្នាំ ២០១០ និងកើនឡើងរហូត​ដល់ប្រមាណ ៩៣១ មេហ្កាវ៉ាត់ នៅឆ្នាំ ២០១៥, (២) ការនាំចូលប្រេងឥន្ធនៈ៖ បរិមាណប្រេងឥន្ធនៈ​ដែលបាននាំចូលក្នុងឆ្នាំ ២០០៥ ដែលមាន​ចំនួនប្រមាណ ៧៣៤ ពាន់តោន បានកើនឡើងដល់ ១,៥ លានតោន នៅឆ្នាំ ២០១០ និង ១,៧ លានតោននៅឆ្នាំ ២០១៤, (៣) ការស្ដារ និងស្ថាបនាហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់៖ ក្នុងប្រវែងផ្លូវជាតិសរុប ១៥.៣១៥ គីឡូម៉ែត្រ កម្ពុជាបានស្ដារ និងស្ថាបនាហេ​ដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ប្រវែង ២.១៨៦ គីឡូម៉ែត្រ នៅឆ្នាំ ២០០៥។ ការស្ដារ និងស្ថាបនាប្រព័ន្ធផ្លូវនេះ​បានកើនដល់ ៤.៣៦២ គីឡូម៉ែត្រ នៅឆ្នាំ ២០១០ និង ៥.៩៨២ គីឡូម៉ែត្រ នៅឆ្នាំ ២០១៤, (៤) ការនាំចេញ​ផលិតផលវិស័យកាត់ដេរ៖ កម្ពុជាបាននាំចេញផលិតផលវិស័យកាត់ដេរ ក្នុងទំហំទឹកប្រាក់ចំនួន ១.១២៥ លានដុល្លារ​អាមេរិក នៅឆ្នាំ ២០០០, បានកើនឡើង​រហូតដល់ ៣.០០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១០ និង ៥.៦៣២ លានដុល្លារ​អាមេរិក នៅឆ្នាំ ២០១៤, (៥) ការនាំចេញ​កសិផល៖ កម្ពុជាបាននាំចេញ​កសិផលក្នុងទំហំទឹក​ប្រាក់ចំនួនប្រមាណ ៣៥ លានដុល្លារអាមេរិក ប៉ុណ្ណោះ នៅឆ្នាំ ២០០០ តែការនាំចេញនេះបាន​កើនឡើងដល់ ១៣១ លានដុល្លារអាមេរិក នៅឆ្នាំ ២០១០ និង ៤៩៣ លានដុល្លារអាមេរិក នៅឆ្នាំ ២០១៤, ក្នុងនោះ ការនាំចេញអង្ករ៖ ដែលមានចំនួន​ត្រឹមតែ ២១៦ ពាន់ដុល្លារអាមេរិក នៅឆ្នាំ ២០០០ បានកើនឡើង​ដល់ចំនួន​ប្រមាណ ៣៥ លានដុល្លារ​អាមេរិក នៅឆ្នាំ ២០១០ និង ២៤៩ លានដុល្លារអាមេរិក នៅឆ្នាំ ២០១៤, និង (៦) វិស័យទេសចរណ៍៖ ភ្ញៀវទេសចរបរ​ទេសដែលមកកម្ពុជា នៅឆ្នាំ ២០០០ មានចំនួន​ត្រឹមតែ ៤៦០ ពាន់នាក់ បានកើនឡើងដល់ ២,៥ លាននាក់ នៅឆ្នាំ ២០១០ និងកើនឡើងរហូតដល់ ៤,៥ លាននាក់ នៅឆ្នាំ ២០១៤។ ម្យ៉ាងវិញទៀត កម្ពុជាសម្រេចបាន​កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជា​មធ្យម ៧,៧% ក្នុងរយៈពេលពីរទស្សវត្សរ៍​ចុងក្រោយ ដែលត្រូវបាន​ធនាគារពិភពលោកចាត់​ទុកជាប្រទេសក្នុងក្រុម​ឯកទគ្គករកំណើនទាំង ប្រាំបីនៅលើ​ពិភពលោក។ ផលិតផលក្នុងស្រុក​សរុបសម្រាប់ប្រជាជនម្នាក់ បានកើនឡើងគួរជាទីមោទនៈ ពី ២៥៣ ដុល្លារអាមេរិក នៅឆ្នាំ ១៩៩៨ ដល់ ១.២២៥ ដុល្លារអាមេរិក នៅឆ្នាំ ២០១៥។ ឈរលើមូលដ្ឋាន និងសូចនាករ​ខាងលើនេះ អត្រាភាពក្រីក្រ​ត្រូវបានកាត់បន្ថយពី ៥៣,២% នៅឆ្នាំ ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤ ដែលធ្វើឲ្យ​កម្ពុជាទទួល​បានចំណាត់ថ្នាក់​ជាប្រទេសជោគជ័យបំផុតទី ៤ លើពិភពលោក​ក្នុងការកាត់បន្ថយ​ភាពក្រីក្រ។ នៅពេលនេះ កម្ពុជាកំពុងឈានឡើងពី​ប្រទេសមានចំណូលទាប ទៅជាប្រទេស​មានចំណូលមធ្យម​កម្រិតទាបក្នុងអនាគតដ៏​ខ្លីខាងមុខនេះ ហើយបន្ត​ឆ្ពោះទៅសម្រេច​ឲ្យបានជា​ប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ ជារួមយើងមិនត្រឹម​តែរក្សាបានយ៉ាង​រឹងមាំនូវស្ថិរភាពម៉ា​ក្រូសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យមាន​ការរីកចម្រើនគួរជាទីមោទនៈ​លើគ្រប់វិស័យ ទាំងវិស័យនយោបាយ និងសង្គមទៀតផង។ ក្នុងនោះ ការបែងចែកផលនៃ​កំណើនបានដល់ប្រជាជនគ្រប់រូប ជាពិសេស លទ្ធភាពនៃការទទួលបាននូវការងារធ្វើ ហេដ្ឋារចនា​សម្ព័ន្ធគ្រប់ប្រភេទ និងចំណូលកាន់​តែប្រសើរឡើង ដែលបានរួមចំណែក​យ៉ាងច្រើនក្នុងការកាត់​បន្ថយអត្រាភាពក្រីក្ររបស់​ប្រជាជន។

ឈរលើ​ទស្សនវិស័យវែង​ឆ្ងាយរបស់កម្ពុជា​ឆ្ពោះទៅឆ្នាំ ២០៣០ ជាពិសេស “យុទ្ធសាស្ត្រចតុកោណ ដំណាក់​កាលទី៣” ដើម្បី “កំណើន ការងារ សមធម៌ និងប្រសិទ្ធិ​ភាពនៅកម្ពុជា” រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញ​កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥ នូវ “គោលនយោបាយអភិវឌ្ឍន៍វិ​ស័យឧស្សាហកម្ម ២០១៥-២០២៥” ដើម្បីជាមគ្គុទេសក៏​ជំរុញការអភិវឌ្ឍវិស័យឧស្សាហ​កម្មនៅកម្ពុជា ដែលនឹងចូលរួម​ចំណែកដល់ការរក្សាកំណើន​សេដ្ឋកិច្ចខ្ពស់ប្រកប​ដោយចីរភាព និងបរិយាប័ន្ន តាមរយៈការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច ការពង្រឹងភាព​ប្រកួតប្រជែង និងការលើក​កម្ពស់ផលិតភាព។ ការរៀបចំ និងការដាក់ចេញនូវគោល​នយោបាយនេះ គូសបញ្ជាក់​ពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការបង្កើតនូវ “យុទ្ធសាស្ត្រកំណើន​សេដ្ឋកិច្ចថ្មី” ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល​រចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាពការ​ណ៍ប្រែប្រួលនៃនិម្មាបន​កម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក រួមមាន

ទី១). ភាពអំណោយផល​នៃកត្តាភូមិសាស្ត្រនយោបាយ​សម្រាប់ការតភ្ជាប់​សេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជាទៅនឹងតំបន់ ពិសេសក្នុងក្របខ័ណ្ឌ​នៃការបង្កើតសហគមន៍​សេដ្ឋកិច្ចអាស៊ាន និងសេរីភាវូបនីយ​កម្មសេដ្ឋកិច្ចតំបន់

ទី២). តួនាទីនៃវិស័យឧស្សាហ​កម្មក្នុងការបង្កើតនូវ​កំណើន និងការងារថ្មីនៅ​ក្នុងបរិការណ៍ នៃសេដ្ឋកិច្ចបើកចំហ កត្តាផលលាភ​ប្រជាសាស្ត្រ និងការប្រែប្រួល​រចនាសម្ព័ន្ធសំខាន់ៗ ដែលអំណោយ​ផលចំពោះការរីកលូតលាស់​នៃវិស័យឧស្សាហកម្ម

ទី៣). តួនាទីនៃវិស័យឧស្សាហកម្ម ជាឧបករណ៍គោលនយោបាយ​សម្រាប់ពង្រឹងការតភ្ជាប់រវាងវិស័យជន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យកសិកម្ម និងសេវាកម្ម ដែលនឹងរួមចំណែកដល់ការលើកកម្ពស់​កំណើនសេដ្ឋកិច្ច​បន្ថែមទៀត និង

ទី៤). សារៈសំខាន់នៃវិស័យឧស្សាហកម្ម ជាការដ្ឋាននៃការ​កែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់ផលិតភា​ពសេដ្ឋកិច្ចសម្រាប់រយៈពេលវែង និងបញ្ចៀសបាននូវ “អន្ទាក់ប្រទេសមាន​ចំណូលមធ្យម”។

ក្នុងន័យនេះ គោលនយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្ម ២០១៥-២០២៥ ជាឯកសារក្របខ័ណ្ឌមួយ ដែលបញ្ជាក់​ទៅដល់តួអង្គ​ពាក់ព័ន្ធទាំងអស់ (ក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករផ្នែកឯកជន) នូវទិសដៅដែល​កម្ពុជាចង់ដើរឆ្ពោះទៅមុខ។ ដើម្បីជារង្វាស់​នៃការអនុវត្តគោល​នយោបាយនេះ រាជរដ្ឋាភិបាលបាន​ដាក់ចេញនូវ​វិធានការជាក់ស្ដែង​គន្លឹះបួនយ៉ាង ឲ្យសម្រេច​បាននៅមុន​បំណាច់ឆ្នាំ ២០១៨ រួមមាន៖ ទី១- ការបញ្ចុះថ្លៃផ្គត់​ផ្គង់អគ្គិសនីសម្រាប់តំបន់​ឧស្សាហកម្ម​គោលដៅ រួមទាំងការពង្រីក​វិសាលភាព​គ្របដណ្ដប់ និងការលើកកម្ពស់ភាពទុក​ចិត្តក្នុងការផ្គត់​ផ្គង់ចរន្តអគ្គិសនី, ទី២-ការរៀបចំ និងការអនុវត្ត​ផែនការមេសម្រាប់អភិវឌ្ឍ​ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក​ពហុមធ្យោបាយ, ទី៣-ការពង្រឹង និងការអភិវឌ្ឍយន្តការគ្រប់គ្រង​ទីផ្សារពលកម្ម និងការបណ្ដុះ​បណ្ដាលជំនាញ និង ទី៤-ការអភិវឌ្ឍ និងការប្រែក្លាយ​ខេត្តព្រះសីហនុទៅ​ជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណង។

ក្នុងក្របខ័ណ្ឌ​នៃគោលនយោបាយនេះ គោលដៅនៃការ​ទាក់ទាញការវិនិយោគ នឹងផ្តោតលើមុខសញ្ញាបីសំខាន់ រួមមាន ទី១). រក្សា និងពង្រីកសកម្មភាព​ដែលមាននាពេល​បច្ចុប្បន្ន និង ទី២). ទាក់ទាញសកម្មភាពថ្មី​ដែលផ្ដល់នូវតម្លៃបន្ថែមខ្ពស់ ជាពិសេសគឺធ្វើការ​កែច្នៃឱ្យអស់លទ្ធភាពនូវអ្វីដែល​កម្ពុជាមានស្រាប់ និង ទី៣). បញ្ចូលកម្ពុជាជា​ផ្នែកនៃខ្សែចង្វាក់​ផលិតកម្មតំបន់ និងសកល។

ជាមួយគ្នានេះ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ រាជរដ្ឋាភិ​បាលកម្ពុជា ក៏បានប្រកាសដាក់ឲ្យអនុវត្តនូវ “គោលនយោបាយ​ជាតិស្ដីពីមុខរបរ និងការងារ ២០១៥-២០២៥” សំដៅបង្កើនឱកាស​ការងារសមរម្យ​ជូនដល់ប្រជាជនកម្ពុជា និងលើក​កម្ពស់ផលិត​ភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធន​ធានមនុស្ស ព្រមទាំង​ពង្រឹងអភិបាលកិច្ច​ទីផ្សារការងារ។ ការដាក់​ចេញនូវគោល​នយោបាយនេះ មិនត្រឹមតែ​មានភាព​ប្រទាក់ប្រឡា និងបំពេញឲ្យគ្នា​ទៅវិញទៅមកជាមួយ “គោលនយោ​បាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ក្របខ័ណ្ឌរួមមួយ​សម្រាប់ស្ថាប័ន​ពាក់ព័ន្ធនានា ធ្វើសកម្មភាព​ដោយមានការសម្រប​សម្រួលទៅ​តាមគោលដៅរួម និងមានការទទួល​ខុសត្រូវច្បាស់លាស់​ទៀតផង។

ដូចដែលយើង​បានដឹងហើយថា នៅចុងឆ្នាំ២០១៥ នេះ កម្ពុជា និងប្រទេសសមា​ជិកអាស៊ានចំនួន ៩ទៀត នឹងឈានចូល​ទៅក្នុងសករាជ​មួយថ្មី គឺសករាជ​សហគមន៍សេដ្ឋកិច្ច​អាស៊ាន ដែលយើង​ដឹងច្បាស់ថា នឹងនាំមកនូវ​កាលានុវត្តភាព ទន្ទឹមគ្នានឹងការប្រឈម។ ដូចនេះ ចាប់ពីពេលនេះតទៅ សូមអស់លោក​ឈប់គិតថា វិនិយោគនៅ​កម្ពុជាក្នុងគោលបំណង​បម្រើទីផ្សារកម្ពុជាដែល​មានត្រឹមតែ ១៥ លាននាក់ គឺត្រូវគិតពីទីផ្សា​រប្រទេសនៅតាមដង​ទន្លេមេគង្គ (GMS) ដែលមាន​ប្រជាជនចំនួន ៣២៦ លាននាក់ និងធំជាង​នេះទៅទៀត គឺបម្រើទី​ផ្សារតំបន់អាស៊ានទាំង​មូលដែលមាន​ប្រជាជនរហូតដល់​ទៅ ៦៣០ លាននាក់។ ក្នុងន័យនេះ ខ្ញុំចង់ឃើញក្រុមហ៊ុន​បារាំងមកបណ្ដាក់ទុន និងផលិត​នៅកម្ពុជា និងនាំចេញទៅទីផ្សា​រអាស៊ាន ដែល​ទំនិញទាំងនោះមិន​ត្រូវបានជាប់ពន្ធទេ។ ជាមួយគ្នានេះដែរ ខ្ញុំសូមស្វាគមន៍​ក្រុមហ៊ុនបារាំងមក​បណ្ដាក់នៅកម្ពុជា ដើម្បីបម្រើទីផ្សា​រសហគមន៍អឺរ៉ុប ដែលបានផ្ដល់​ភាពអនុគ្រោះការនាំចូល​មុខទំនិញ/ផលិតផលពីកម្ពុជា ដោយគ្មានការ​កំណត់បរិមាណ និងមិនជាប់ពន្ធឡើយ (Quota Free-Duty Free)។

ខ្ញុំដឹងថា នៅតំបន់អាស៊ី មានក្រុមហ៊ុនបារាំងមួយចំនួន​មានទីតាំងនៅ​ប្រទេសចិន ឬប្រទេសថៃឡង់ដ៍ និងនៅប្រទេសមួយចំនួនទៀត។ ក្នុងសម័យកាល “ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ –Regional Supply Chain” ដែលមានន័យថា គ្មានទំនិញណាផលិតពីដើមដល់ចុងនៅលើទីតាំងតែមួយ នៅក្នុងប្រទេសតែមួយឡើយ, ខ្ញុំយល់ឃើញថា ក្រុមហ៊ុនបារាំងទាំងនោះអាចធ្វើការពិចារណាឲ្យមានផ្នែកណាមួយ នៃសង្វាក់ផលិតកម្មរបស់ខ្លួន មានសកម្មភាពនៅកម្ពុជា ដោយផ្អែកលើសក្ដានុពលសំខាន់ៗរបស់កម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃ, ឧស្សាហកម្មកម្មន្តសាល, និងនៅតាមផ្នែកផលិតកម្ម និងសេវាកម្មផ្សេងទៀត និងផ្អែកទៅលើឧត្តមភាព​ប្រៀបធៀបពិសេស​របស់កម្ពុជា ដែលជាប្រទេសបើកចំហរ, មានប្រាក់ឈ្នួល​សមរម្យ, មានកម្លាំង​ពលកម្មវ័យក្មេង និងសកម្ម (មានអាយុចន្លោះពី ១៥ ដល់ ៥៤ ឆ្នាំ ចំនួនប្រមាណ ៩,២ លាននាក់ ត្រូវនឹងប្រមាណ ៥៩,៤% នៃចំនួនប្រជា​ជនកម្ពុជាសរុប) ព្រមជាមួយនឹង​ភាពអំណោយផល​នៃអាកាសធាតុ, ដី និងធនធានធម្មជាតិ។ សក្ដានុពលទាំង​អស់នេះ កំពុងតែរង់ចាំ​ការវិនិយោគ និងការអភិវឌ្ឍ​ប្រកបដោយចីរភាពរបស់ក្រុមហ៊ុន​របស់អស់លោក។

សូមជម្រាបថា ចាប់តាំងពីមាន​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីសនៅឆ្នាំ ១៩៩១ មកដល់​សព្វថ្ងៃនេះ រដ្ឋាភិបាល និងប្រជាជន​បារាំង បានផ្ដល់កា​រឧបត្ថម្ភ​គាំទ្រទាំងផ្នែក​នយោបាយ ហិរញ្ញប្បទាន និងបច្ចេកទេស ដែលមិនអាច​កាត់ថ្លៃបាន ក្នុងការស្វែងរកសន្តិភាព ព្រមទាំងការស្ដារ និងអភិវឌ្ឍន៍កម្ពុជា។ លើសពី​នេះទៀត ក្នុងក្របខ័ណ្ឌ​នៃការ​អភិវឌ្ឍធន​ធានមនុស្ស រដ្ឋាភិបាលបារាំងបាន​ស្វាគមន៍ និងផ្ដល់អាហា​រូបករណ៍ដល់​និស្សិតកម្ពុជា​មកបន្តការសិក្សា​ថ្នាក់ឧត្តមសិក្សាក្នុង​ជំនាញផ្សេងៗ ដូចជា ច្បាប់ ពេទ្យ វិស្វកម្ម។ ការជួយជ្រោម​ជ្រែងទាំ​ងអស់នេះ បានរួមចំណែក​ធ្វើឲ្យកម្ពុជាមាន​លទ្ធភាពក្រោក​ឈរឡើងវិញជា​ប្រជាជាតិមួយ ដែលធ្លាប់​មានកេរ្តិ៍ឈ្មោះ និងអរិយធម៌​ល្បីល្បាញ។ ក៏ប៉ុន្តែ ជាការ​គួរឲ្យកត់សម្គាល់​កម្រិតនៃសកម្មភាព​វិនិយោគ និងធុរកិច្ច​របស់បារាំង​នៅកម្ពុជា គឺនៅមានចំនួន​តិចនៅឡើយ ជាក់ស្ដែងក្រុមហ៊ុន​បារាំងនៅកម្ពុជា មានចំនួនត្រឹមតែ​ប្រមាណ ៥០ ក្រុមហ៊ុន​ប៉ុណ្ណោះ រួមបញ្ចូលទាំង​ក្រុមហ៊ុនតូចៗដែលបម្រើក្នុង​វិស័យផ្សេងៗដទៃទៀត ចំនួន​ប្រមាណ ១០០ ក្រុមហ៊ុន។

ក្នុងនាមរាជ​រដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមឆ្លៀតឱកាស​នេះថ្លែងអំណរគុណ និងវាយ​តម្លៃខ្ពស់ចំពោះ​ការចូលរួម​របស់ក្រុមហ៊ុន​បារាំង ទាំងតូច ទាំងធំ ដូចជា ក្រុមហ៊ុនវ៉ាង់ស៊ី (VINCI) ក្រុមហ៊ុនតូតាល់ (Total) ជាដើម ដែលបានចូលរួមក្នុង​ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា​នាពេលកន្លងមក។ ប្រាកដណាស់ សកម្មភាព​ទាំងអស់នេះ មិនត្រឹមតែបានចូលរួម​ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានជួយពង្រឹងដល់​ទំនាក់ទំនងការទូត និងនយោបាយ​ជាប្រវត្តិសាស្ត្ររវាង​ប្រទេសយើងទាំងពីរ។

មុននឹង​បញ្ចប់ ខ្ញុំសូមអញ្ជើញ​អស់លោក លោក​ស្រីទាំងអស់ មកវិនិយោគនៅក្នុង​ប្រទេសកម្ពុជា និងចូលរួមជា​ដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគ​ទានជាក់ស្តែងនានា នៅក្នុងកិច្ចការរៀបចំអនាគតដ៏ភ្លឺ​ស្វាងមួយ​សម្រាប់កម្ពុជា។ ខ្ញុំសូមបញ្ជាក់ផង​ដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងតែងតែចាត់​ទុកវិស័យឯក​ជនជាក្បាល​ម៉ាស៊ីននៃកំណើន​សេដ្ឋកិច្ច ហើយដោយឈរ​លើមូលដ្ឋាននៃ​ទស្សនទាននេះ រាជរដ្ឋាភិ​បាលបានដាក់​ចេញនូវយន្តការ​ពិគ្រោះយោបល់រវាង​រាជរដ្ឋាភិបាល ជាមួយនឹងវិស័យ​ឯកជនលើ​គ្រប់វិស័យ សម្រាប់ជួបប្រជុំ​ពិភាក្សាលើបញ្ហា​ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក្នុងគោលបំណងធ្វើឲ្យ​ប្រសើរឡើងនូវបរិ​ស្ថានវិនិយោគ សំដៅទាក់ទាញលំហូរវិនិ​យោគបរទេសមកកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានា​ជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន​គ្រប់បែបយ៉ាង​ដែលអនុគ្រោះ និងជួយជំរុញដល់​ការវិនិយោគ ពិសេសគឺ សន្តិភាព សន្តិសុខ និងស្ថិរភាព​នយោបាយ ក៏ដូចជាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកប​ដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ​ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួល បានជោគជ័យ​គ្រប់ភារ​កិច្ចរៀងៗខ្លួន៕