សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម
ឯ.ឧ. ង្វៀន ជីវិញ [Quyen
Chivinh] នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែតុលានេះ ដើម្បីស្វែងយល់ពីលទ្ធផល
នៃជំនួបវិស័យការពារជាតិរវាងប្រទេសកម្ពុជា និងវៀតណាមដែលត្រូវបានរៀបចំធ្វើនៅកម្ពុជាកន្លងមកនេះ
ដែលចាត់ទុកជាកិច្ចសន្ទនាកំរិតនយោបាយមួយរវាង ថ្នាក់អនុរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិ
នៃប្រទេសទាំង២។
ឯ.ឧ. ង្វៀន ជីវិញ បានជំរាបជូនសម្តេចតេជោថា ក្នុងជំនួបវិស័យការពារជាតិកំរិតខ្ពស់លើកទី១
រវាងប្រទេសកម្ពុជា និងវៀតណាមនេះ គណៈប្រតិភូប្រទេសទាំង២ បានពិភាក្សា និងផ្លាស់ប្តូរ
យោបល់គ្នាពីការវិវត្តន៍វិស័យការពារជាតិ ទាំងទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។
ឯ.ឧ. ង្វៀនជីវិញ ក៏បានស្នើសុំឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា
បន្តយកចិត្តទុកដាក់លើវិស័យយោធា នៃប្រទេសទាំង២ កម្ពុជា-វៀតណាម ដោយប្រទេសទាំង២បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ
ទាំងវិស័យនយោបាយ សន្តិសុខ និងវិស័យការពារជាតិ។
ដូចគ្នានេះ សម្តេចតេជោ ក៏ចង់អោយបង្កើននូវកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង២
ឲ្យបានជិតស្និទ្ធថែមទៀត ដោយមើលឃើញថាស្ថានភាពនយោបាយអន្តរជាតិ ជាពិសេសក្នុងតំបន់
អាស៊ីប៉ាស៊ីហ្វិក កំពុងស្ថិតក្នុងស្ថានភាពក្តៅ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន
ក៏បានលើក ឡើងថា ជាក់ស្តែងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងកម្ពុជានិង
វៀតណាម គឺមិនត្រឹមតែ ថ្នាក់ជាតិនោះទេ គឺមានរវាងភូមិភាគនិងភូមិភាគនៃប្រទសទាំង២ផងដែរ
ដើម្បីផ្លាស់ប្តូរព័ត៌មាន និងយល់ដឹងពីគ្នា។