លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយនូវសារនយោបាយដ៏សំខាន់១នៅថ្ងៃទី២០
ខែតុលា ឆ្នាំ២០១៥នេះ ក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ឈ្មោះ Samdech Hun
Sen,Cambodian Prime Minister ដែលដាក់ចំណងជើងថាទិសដៅនយោបាយបក្សប្រឆាំង
គឺនាំអន្តរាយដល់ប្រទេសជាតិ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាងស្រុងនៃសារនយោបាយរបស់លោក ហ៊ុន
សែន៖
« ទិសដៅនយោបាយបក្សប្រឆាំង
គឺនាំអន្តរាយដល់ប្រទេសជាតិ»
ដូចសាធារណៈជនបានដឹងស្រាប់ហើយថា គណបក្សប្រឆាំងតែងតែឃោសនាភ្ជាប់ជាមួយផ្នត់គំនិតចងគំនំ
និងចង់ផ្តួលរំលំ ដែលធ្វើអោយបាក់បែកដល់ការបង្រួបបង្រួមជាតិ សន្តិភាព និង ចុងក្រោយអាចឈានទៅរកសង្រ្គាមដែលផ្តើមចេញដោយបក្សប្រឆាំងខ្លួនឯងតែម្តង
ក្នុងចំណោមសមាជិកអ្នកគាំទ្ររបស់ខ្លួន។ តើមូលហេតុអ្វីបានជាដូច្នោះ?
ចំណុចឃោសនាគ្រោះថ្នាក់ធំៗមួយចំនួនរបស់បក្សប្រឆាំងដូចជា
នៅពេលដែលគណបក្សប្រឆាំងជាប់ឆ្នោត គឺគណបក្សប្រឆាំងនឹងបង្កើតតុលាការកាត់ទោសអ្នករកស៊ីខុសច្បាប់។
អញ្ចឹងអ្នករកស៊ីមានបាននៅកម្ពុជាសព្វថ្ងៃគឺសុទ្ឋតែជាអ្នករកស៊ីខុសច្បាប់? ហើយបើខុសច្បាប់
ចុះម៉្តេចមិនប្តឹងទៅតុលាការនៅពេលនេះតែម្តង? អញ្ចឹងនៅពេលដែលបក្សខ្លួនជាប់ឆ្នោតគឺនឹងបង្កើតច្បាប់និងអ្វីៗថ្មីទាំងអស់
រួមទាំងរចនាម្ព័ន្ឋក្រសួងមន្ទីរ តួនាទីមុខតំណែងរបស់មន្រ្តីរាជការដូចជា កងទ័ពជាតិ
និងនគរបាលជាតិជាដើម ។ល។ តើអាចទៅរួចទេ? ហើយនឹងមានអ្វីកើតឡើងនៅពេលសភាពការណ៍ផ្លាស់ប្តូរច្របូកច្របល់កើតឡើង?
មួយវិញទៀត គឺបក្សប្រឆាំងតែងតែឃោសនាអូសទាញអ្នកគាំទ្រដោយសន្យាថា
អ្នកដែលមានមុខងារតួនាទីសព្វថ្ងៃ គឺមិនផ្លាស់ប្តូរចេញទេអោយតែគាំទ្របក្សខ្លួន
ចំណែកឯអ្នកគាំទ្រ
ថ្មីៗ បើបក្សឈ្នះឆ្នោតគឺនឹងបានទទួលតំណែងតួនាទីជាមិនខាន។
ពលរដ្ឋដែលចង់បានបុណ្យសក្តិគឺពិតជាបានចំណាយទុន ដោយលក់សព្វលក់គ្រប់យកមកជួយបក្ស។
ឧបមារថាបក្សប្រឆាំងឈ្នះពិតមែន បើតាមការសន្យា គឺអ្នកចាស់មិនដក
រីឯអ្នកថ្មីក៏ចូលមិនបាន។ តើពេលនោះនឹងមានអ្វីកើតឡើង? មន្រ្តីរាជការ
និងអ្នកគាំទ្រដែលអស់លុយកាក់មួយចំនួនធំប្រាកដជាមិនព្រមទេ អំពើហឹង្សា ការបះបោរនឹងកើតមានឡើងដែលឈានទៅរកសង្រ្គាមដណ្តើមអំណាចបុណ្យសក្តិ
ដែលកើតចេញពីការសន្យារបស់បក្សប្រឆាំងខ្លួនឯង។
សូមប្រជាពលរដ្ឋ មន្រ្តីរាជការ និងយុវជនដែលកំពុងលង់ខ្លួនអស់លុយកាក់នឹងការសន្យាអូសទាញអោយមានការផ្លាស់ប្តូរ
ដែលអាចឈានទៅរកសង្រ្គាម និងការបែកបាក់ត្រូវពិចារណា។ ការឃោសនារបស់បក្សប្រឆាំងសព្វថ្ងៃគឺគ្មានអ្វីខុសពីការឃោសនារបស់ខ្មែរក្រហមឡើយ
ដែលមុននឹងបានកាន់កាប់អំណាចគឺខ្មែរក្រហមបានឃោសនាថានឹងកាត់ទោសមន្រ្តីរាជរបស់អតីតរដ្ឋាភិបាលពីមុនចំនួន៧
នាក់ ដោយចោទថាពួកគេក្បត់ជាតិ។ តែក្រោយពីគេក្តាប់អំណាចពេញដៃហើយ
គឺខ្មែរក្រហមបានចោទប្រកាន់ពលរដ្ឋខ្លួនឯងសុទ្ឋតែជាខ្មាំង និងជនក្បត់ជាតិទាំងអស់ដែលខ្មែរក្រហមបានសម្លាប់ចោលអស់៣លាននាក់។