រាជរដ្ឋាភិបាលកម្ពុជាគាំទ្រគម្រោងស្តីពីការវិភាគផលប៉ះពាល់
នៃលិខិតបទដ្ឋានគតិយុត្ត ដោយទទួលស្គាល់ថាគម្រោងនេះបានជួយគាំទ្រធ្វើឲ្យការអនុវត្តន៍ច្បាប់
របស់កម្ពុជាកាន់តែមានភាពប្រសើរឡើង មានតម្លាភាព និងបានរួមចំណែកដល់ការកាត់បន្ថយអំពើពុករលួយ។
ជំនួបរវាងឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយលោក Kelly Bird នាយកផ្នែកគ្រប់គ្រងសាធារណផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី
(ADB)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅវិមានមិត្តភាពទីស្តីការគណរដ្ឋមន្ត្រី
កាលពីល្ងាចថ្ងៃទី១៩ តុលា ភាគីទាំងពីរបានពិភាក្សាគ្នាលើការងារសំខាន់ទាក់ទងនឹងគម្រោង
RIA គឺគម្រោងសម្រាប់ធ្វើការវិភាគលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។
គម្រោងវិភាគផលប៉ះពាល់លើផ្នែកលិខិតបទដ្ឋានគតិយុត្តនេះ
គឺជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច
សង្គម និងវប្បធម៌នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតពិសេសលើការធ្វើការងារមកលើផ្នែកច្បាប់
ដើម្បីធ្វើឲ្យប្រាកដថាលិខិតបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញទៅនោះ គឺទទួលបាននូវផលប្រយោជន៍ក្នុងការបម្រើឲ្យរាជរដ្ឋាភិបាល
ដើម្បីកុំឲ្យមានកុំហុសឆ្គងណាមួយកើតឡើង។
គួរបញ្ជាក់ដែរថា ក្នុងពេលកន្លងមក ក្រុមអ្នកជំនាញរបស់ធនាគារអភិវឌ្ឍន៏អាស៊ី
បានធ្វើការជាមួយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមនិងវប្បធម៌កម្ពុជា ដោយបានវាយតម្លៃមកលើការអនុវត្តន៍លិខិតបទដ្ឋានគតិយុត្ត
នៅកម្ពុជាកន្លងមកនោះគឺបានប្រព្រឹត្តទៅយ៉ាងល្អ។ កម្មវិធីវាយតម្លៃលើផលប៉ះពាល់
នៃលិខិតបទដ្ឋានគតិយុត្តរបស់ ADB នេះបានចាប់ផ្តើមអនុវត្តន៏ចាប់តាំងពីឆ្នាំ២០១០
ដោយបានអនុវត្តន៏លើក្រសួងស្ថាប័នរដ្ឋចំនួន៧។ នៅក្នុងជំហានដំបូងនោះ
គម្រោងកម្មវិធី RIA នេះ មានទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
ហើយសម្រាប់ដំណាក់កាលទី២ មានទឹកប្រាក់ប្រមាណជាង២លានដុល្លារសម្រាប់ជួយកម្មវិធីគម្រោងនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៏ថា មកដល់ពេលនេះយើងពង្រីកបាន១៩
ក្រសួងស្ថាប័នហើយសម្រាប់ការអនុវត្តគម្រោងនេះ ហើយរាជរដ្ឋាភិបាលនឹងប្តេជ្ញាចិត្តខិតខំធ្វើយ៉ាងណាឲ្យការអនុវត្តន៏លិខិតបទដ្ឋានគតិយុត្តទាំងឡាយបំរើឲ្យផលប្រយោជន៏ដល់រាជរដ្ឋាភិបាលកម្ពុជា
ពិសេសគឺធ្វើឲ្យច្បាប់ទាំងឡាយបានកាន់តែប្រសើរឡើង កាន់តែមានសុក្រឹត្យភាព
កាត់បន្ថយអំពើរពុករលួយ និងធ្វើឲ្យមានតម្លាភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបង្ហាញពីការរីករាយជាមួយការអនុវត្តន៍គម្រោងវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានកតិយុត្តរបស់ក្រុមប្រឹក្សា
សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលសម្រេចបាននូវលទ្ធផល ដ៏ជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនិងការ
ពេញចិត្តពីធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ ។
លោក Kelly
Bird លើកឡើងថាធនាគារអភិវឌ្ឍន៍អាស៊ីនៅតែគាំទ្រយ៉ាងពេញលេញទៅលើគម្រោងស្តីពីការវិភាគលើផលប៉ះពាល់
នៃលិខិតវទដ្ឋានគតិយុត្តនេះហើយលោកសន្យាថានិងខិតខំក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាបន្តទៀត៕