Tuesday, November 10, 2015

ព្រះមហាក្សត្រស្តេចយាងប្រទានភ្លើងជ័យអបអរសាទរខួបលើកទី៦២នៃទិវាបុណ្យឯករាជជាតិ

ប្រជាពល​រដ្ឋ​ខ្មែរគ្រប់​ស្រទាប់វណ្ណៈ​ នៅទូទាំងប្រទេស​កម្ពុជា​បាន​សម្តែង​ការអប់​អសាទរ និងដឹងគុណជានិច្ច ចំពោះ ថ្ងៃ៩វិច្ឆិកា ជាថ្ងៃប្រវត្តិសាស្រ្ត ដែលមាតុភូមិ និង​ប្រជាពល​រដ្ឋ​កម្ពុជា បានរួចចាក់ផុត ពីនឹមអាណានិគមនិយមបារំាង​ដែលប្រព្រឹត្តិធ្វើឡើងនៅព្រឹកថ្ងៃទី ០៩ខែ​វិច្ចិកា ឆ្នំា២០១៥ នេះ

ប្រទេស​កម្ពុជា​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បែប​អាណានិគម​និយម​បារាំងអស់​រយៈ​ពេល​ជិត​មួយ​សតវត្សរ៍ គឺ​ចាប់​តាំង​ពី​ឆ្នាំ ១៨៦៣ រហូត​ដល់​ ឆ្នាំ១៩៥៣ ទើប​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ទាំង​​​ស្រុង​ពីអាណានិគម​បារាំង នា​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ ។ ឆ្នាំ២០១៥នេះ គឺជាខួប​លើក​ទី៦២​ហើយដែលកម្ពុជា​ទទួលបាន ឯករាជ្យពីប្រទេសបារំាង។

នេះជាខួប​ទី៦២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ២០១៥ ត្រូវ​បាន​រៀបចំ​ឡើង ​ក្រោម​ព្រះ​រាជាអធិបតី​ភាពដ៏ ខ្ពង់ខ្ពស់ បំផុត ​របស់​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី ព្រះ​មហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​នឹង​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ព្រមជាមួយ នឹងសមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ​ គ្រប់ក្រសួង​ ស្ថាបន័ ប្រជាពលរដ្ឋ​ កងកម្លាំង​ប្រដាប់​អាវុធ​ លោកគ្រូ អ្នកគ្រូ​ និង​សិស្សានុសិស្ស​យ៉ាងច្រើនកុះករ។ ក្រៅពីនេះ​ បណ្តា​អង្គទូតនានា​ប្រចាំ​ព្រះរាជា​ណា​ចក្រកម្ពុជា ក៏មានវត្តមាននៅក្នុងពិធីនេះដែរ។

នៅក្នុងពិធីដ៏មហោឡារឹកនេះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហមុនី ព្រះអង្គ​បាន​សព្វព្រះ​រាជហឬទ័យ សម្តេចយាងប្រទានកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងជ័យ​ជានិមិត្តរូប​ នៃការ​ចាប់​ផ្តើម​ការប្រារព្វ​ពិធី​អបអរ​សាទរខួបលើកទី៦២ នៃថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា​១៩៥៣- 9 វិច្ឆិកា ២០១៥។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់លើទំព័រ Facebook​ របស់សម្តេចថា «ចាប់តាំង​ពីព្រះរាជា ណា ចក្រ កម្ពុជា បានទទួលឯករាជ្យ ពេញលេញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ថាបនា និង​អភិវឌ្ឍន៍កម្ពុជាឥតឈប់ឈរ ដែលបានធ្វើឲ្យប្រទេសយើងរីក ចម្រើន គ្រប់វិស័យ។ នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសដែលមានឥទ្ធិពលមួយនៅអាស៊ី ដែល ប្រជារាស្រ្ត​រស់​នៅ ដោយសុខសាន្តបំផុត ក្រោមការដឹកនាំរបស់ព្រះអង្គ»។ ជាមួយសមិទ្ធផល ​និងព្រះរាជ​តម្រិះ​ដ៏ល្បី​រន្ទឺ របស់អតីតព្រះមហាក្សត្រខ្មែរ ក្នុងសម័យសង្គមរាស្រ្តនិយមនេះ សម្តេចតេជោ បាន​ប្រកាស​ប្តេជ្ញាបន្តនូវមរតកជាតិ ដ៏​ឧត្តុង្គ​ឧត្តមនេះ ដើម្បដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា ស្របតាម​ព្រះរាជ​តម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ធ្វើឲ្យកម្ពុជា ទាំង​មូល រីកលូតលាស់ខ្លាំងឡើង។

សម្តេច​តេជោ ហ៊ុន សែន ក៏បានប្តេជ្ញាផងដែរថា គណបក្សប្រជាជន ដែលមានសម្តេចជាប្រធាន និងជានាយករដ្ឋមន្រ្តី គឺប្តេជ្ញាការពាររដ្ឋធម្មនុញ្ញា ការពារព្រះមហាក្សត្រ និងការពារសុខសន្តិភាព ជូន​កម្ពុជាអោយខានតែបាន។ បន្ទាប់ពីនេះ សម្តេចតេជោ ​នាយករដ្ឋមន្រ្តី​​ នៃព្រះរាជា​ណាចក្រ​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍ថា ទិវា៩វិច្ឆិកា ជាទំព័រប្រវត្តិសាស្រ្ត​នៃការប្រកាស​ឯករាជ្យពេញ​លេញ​របស់​កម្ពុជា ក្រោម​ព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់​ព្រះករុណា​ព្រះបាទសម្តេច​ព្រះ​នរោត្ត​សីហនុ ព្រះ​មហាវីរៈក្សត្រ ​ព្រះវរៈរាជបីតា ឯករាជ្យ​បូរណភាពទឹក​ដី និងឯកភាព​ជាតិខ្មែរ​ជាទីគោរព​សក្ការៈដ៏ខ្ពងខ្ពស់បំផុត ដែលព្រះអង្គបានដណ្តើម​ឯករាជ្យ​ពីអា​ណា​និគមបារាំងមកវិញ។ សម្តេច​តេជោបន្ត​ថា តាំងនាមឲ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស នឹងចង់​ចាំ​ជាប់​ជានិច្ចក្នុងក្រអៅបេះដូង ​ចំពោះ​ព្រះ​មហាវីរក្សត្រ ដែល​ព្រះអង្គបានបូជា ព្រះកាយពល និងព្រះ​បញ្ញា​ញាណដ៏ឈ្លាសវៃបំផុត ដើម្បី​បុព្វហេតុ​ឯករាជ្យ បូរណភាពទឹកដី សេចក្តីសុខសាន្ត​នៃ​ការ​រីក​ចំរើន​របស់សង្គមជាតិ។

ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តសីហមុនី ព្រះ​មហាក្ស​ត្រ ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់​បានរំលឹកឡើងវិញនូវ​ប្រវត្តិ​ខ្លះៗ​ ក្នុងទិវា៩វិច្ឆិកាឆ្នាំមុនៗថា ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបរមរតនកោដ្ឋ​នៃ​យើង។ នៅ​ក្នុង​ឆ្នាំ១៩៥២ ចលនា​រាជ​បូជនីយកិច្ច​ ដើម្បី​ឯករាជ្យ​ពេញទី​នៃ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ដែល​​ប្រជាជាតិ​ទាំង​មូល  ព្រះសង្ឃ និង​ប្រជារាស្រ្ដ​ទាំង​បុរស ទាំង​ស្រ្ដី ទាំង​ក្មេង ទាំង​ចាស់ បាន​គាំទ្រ​អបអរ​សាទរ​យ៉ាង​ខ្លាំង និង​យ៉ាង​សកម្ម​ជា​អតិបរមា។ ក្នុងន័យនេះហើយ បានដក​ជាប់ក្នុង​ក្រអៅបេះដូងរបស់​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់រូប ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុងនានា ទាំងរស់នៅក្នុងស្រុក និង​ក្រៅ​ប្រទេស តែងតែបានចូលរួមក្នុងពិធីនេះ ហើយបានសម្តែង​ការសប្បាយរីករាយ និងដឹងគុណជានិច្ច មិនអាច​បំភ្លេច​បាន  ចំពោះព្រះវរៈរាជបិតាឯករាជ្យជាតិខ្មែរ ដែល​ខំប្តូរ​ផ្តាច់​យក​អស់កម្លាំងកាយ  កម្លាំងចិត្ត  ក្នុងការ​ដណ្តើម​ឯករាជ្យ​ពី​អាណា​និគមនិយមបារំាង ហើយបានចាត់ទុកថា បុណ្យឯករាជ្យជាតិនេះ ជានិមិត្តរូប នៃប្រជា​ពលរដ្ឋ​ខ្មែរៗគ្រប់ស្រទាប់ ដែល​បាន​ធ្វើ​អោយប្រទេសជាតិមានសេចក្តីសុខ សន្តិភាព សំបូរសប្បាយ និងការរីកចំរើន​ អភិវឌ្ឍ​ដូចសព្វថ្ងៃនេះ។


សូមបញ្ជាក់ថា ប្រសិនជាគ្មានថ្ងៃ៩វិច្ឆិកានេះទេ ប្រទេសកម្ពុជា និងប្រជា​ពលរដ្ឋ​ក៏ពុំមាន​សិទ្ធិពេញបរិបូរណ៍បានដែរ។ ដែលទាំងអស់នេះ គឺជាគុណដ៏មហាធំធេង រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះ​ព្រះមហាវីរៈក្សត្រ និងបុព្វបុរសខ្មែរទាំងអស់ ដែល​បានពលីជីវិត និងបូជាជីវិតដើម្បីរំដោះ ជាតិមាតុភូមិ ពីអាណានិគមបារំាង ដែលប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ​បានទទួលឯករាជ្យ ដោយជោគជ័យពេញបរិបូរណ៍ ពីអណានិគមនិយមបារំាង ក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃ របស់សម្តេចឪ សម្តេចតា ព្រះបាទនរោត្តមសីហនុ ដែលមាន​ការសាមគ្គីភាព​ជាធ្លុងមួយ​រវាង​រាជរដ្ឋាភិបាលកម្ពុជា​ព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារីក្លាហាន ​បាន​ធ្វើឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​មាន​ឋានៈជារដ្ឋ​ឯករាជ្យ​ពេញ​បរិបូរណ៍ជារៀងរហូតមក៕