យោងតាមរបាយការណ៍ប្រជាសាស្ត្រ ដែលបានលើកឡើងក្នុង ទិវាជាតិអាហាររូបត្ថម្ភ លើកទី២ បានបង្ហាញថា៖ អត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់កុមារ អាយុពី០-៦ខែដំបូង បានធ្លាក់ចុះពី ៧៣,៥% ក្នុងឆ្នាំ២០១០ មកត្រឹម ៦៥% ក្នុងឆ្នាំ២០១៤។ បន្ថែមពីលើនេះការបន្តបំបៅកូនដោយទឹកដោះម្តាយសម្រាប់កុមារអាយុពី ១២ដល់១៥ខែ ក៏មានការធ្លាក់ចុះផងដែរ។
សម្តេចតេជោ បានលើកឡើងក្នុងសារថា បច្ចុប្បន្នកុមារអាយុក្រោម៥ឆ្នាំ ម្នាក់ក្នុងចំណោម បីនាក់នៅកម្ពុជា មានសភាពក្រិសក្រិន (កម្ពស់ទាបធៀបនឹងអាយុ) ម្នាក់ក្នុងចំណោមបួននាក់ មានទម្ងន់មិនគ្រប់គីឡូ (ស្គមខ្លាំងធៀបនឹងអាយុ) ហើយម្នាក់ក្នុងចំណោមដប់នាក់ បានទទួលរង ឥទ្ធិពលបញ្ហាកង្វះអាហាររូបត្ថម្ភស្រួចស្រាវ ធ្ងន់ធ្ងរជាលក្ខខណ្ឌមួយគំរាមកំហែង ដល់ជីវិតកុមារ ដែលតម្រូវឲ្យមានការព្យាបាលជាបន្ទាន់។ ជាទូទៅកត្តាដែលរួមចំណែកធ្វើឲ្យកុមារមានបញ្ហា កង្វះអាហាររូបត្ថម្ភ រួមមាន៖ ការថយចុះនូវការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ទៅតាមអនុសាសន៍ដែលបានណែនាំ និងការផ្តល់អាហារបន្ថែមមិនបានគ្រប់គ្រាន់ដល់កុមារ។
លើសពីនេះ ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងធ្វើការលើផ្នែកគាំពារមាតា និងទារក សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឱ្យបន្តកិច្ចប្រឹងប្រែង និងសកម្មភាព ដើម្បី៖ ១-បង្កើន កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីធានាឱ្យបាននូវអាហាររូបត្ថម្ភ សម្រាប់មាតា និងកុមារ ដែលក្នុងនោះការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុត ដើម្បីកាត់ បន្ថយបញ្ហាកង្វះអាហាររូបត្ថម្ភ, ២-បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសារៈសំខាន់ នៃការបំបៅ កូនដោយទឹកដោះម្តាយ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ, ៣-បន្តផ្តល់សេវា សុខភាព និងយកចិត្តទុកដាក់ថែទាំមាតា និងទារកតាមរយៈការពង្រីកបន្ថែមមន្ទីរពេទ្យ និងសហគមន៍ ស្រឡាញ់ទារកនៅទូទាំងប្រទេសកម្ពុជា, ៥-ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ត្រូវបន្តផ្សព្វផ្សាយ និងបង្កើតកម្មវិធីផ្សេងៗឱ្យសកម្មពាក់ព័ន្ធ នឹងអាហាររូបត្ថម្ភ និងការបំបៅ កូនដោយទឹកដោះម្តាយប្រកបដោយអត្ថន័យ និងខ្លឹមសារអប់រំ៕