ខ្ញុំបានរំលឹក និងសរសេរអំពីការចងចាំប្រវត្តិរឿងពិតនៃកូនប្រុសកំសត់របស់ខ្ញុំ នៅពេលកំពុងធ្វើដំណើរ តាមយន្តហោះពីទីក្រុងប៉េកាំងមកកម្ពុជា ក្រោយពីបានបញ្ចប់ការចូលរួមប្រជុំសំខាន់ៗ មួយចំនួននៅ ប្រទេសចិន កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ។
កូនប្រុសដ៏កំសត់របស់ពុក នៅសល់តែប៉ុន្មានថ្ងៃទៀតទេគឺដល់ខួប ៣៩ ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់ កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៥)។ ពុក និងម៉ែកូន មិនដែលភ្លេចទេ នូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះ។ ការរៀបចំ ឡើងនូវផ្នូររបស់កូន នឹងចម្រៀង “អនិច្ចាកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ឋកូន និងការឈឺចាប់នាពេល នោះ។
ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ ១៩៧៦ ក្រោយពេលកូនប្រ សូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱយកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែ ធ្វើឱយកូនបាក់ឆ្អឹងខ្នងនឹង ធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើដំណើរពី ភូមិ ក្តុល ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំងនៅអតីត អនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំ ពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះ មិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិ តិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយ រៀបចំឱយ ពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំ នាពេលនោះ ដែលពុកមានឱកាស ចូលមើលម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។
ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នក ជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅ រកកូន ឃើញឈាមកូនកំពុងហូរចេញតាមមាត់។ ពុកប្រឹងស្រែកឱយគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន នឹងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់ផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបានទេកូន។ ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែនគ្រូពេទ្យទេ” “បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ” “មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ” “ការងារអង្គការសំខាន់ជាងការងារបុគ្គល” ។ល។
ឈឺចាប់ណាស់កូន។ តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱយកូនក្រៅតែពីក្រម៉ាមួយ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយ និងដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូនកំសត់នេះ ហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។
ពួកគេបង្ខំឱយពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ បីថ្ងៃក្រោយមក ទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱយឆ្មបបូរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូន តាំងពីទសវត្សឆ្នាំ ១៩៨០ មក។
រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក សូម្បីតែពេលពុកកំពុងវាយអត្ថបទនេះ គឺទឹកភ្នែកពុកហូរស្រក់លើម៉ាស៊ីនទូរស័ព្ទ។ នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ នឹងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត៕