ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា លោក អាក់សែលបានជំរាបជូនសម្តេចថានេះជាដំណើរទស្សនកិច្ចលើកទី១មកកាន់ ប្រទេសកម្ពុជាហើយលោកបានឃើញដោយផ្ទាល់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ លោកមានប្រសាសន៍ថាក្នុងអាស៊ីនេះ ប្រទេសកម្ពុជាមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងកំពុងបន្តរីកចម្រើនថែមទៀតទោះបីជាសេដ្ឋកិច្ចក្នុងពិភពលោក ស្ថិតក្នុងស្ថានភាព ស្មុកស្មាញយ៉ាងណាក៍ដោយ។ លោកសូមសំដែងនូវការអបអរសារទចំពោះសម្តេច នាយករដ្ឋមន្ត្រីដែលទទួលបានជោគជ័យយ៉ាងឆាប់រហ័សលើកាកាត់បន្ថយភាពក្រីក្រ។
លោកអនុប្រធានធនាគាពិភពលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្ត ត្បូងឃ្មុំ និងខេត្តសៀមរាប ដោយបានសង្កេតឃើញថា ប្រជាពលរដ្ឋនៅទីនោះមានការដាំដុះ និងផលិតនូវផលិតផលដែលជំរុញអោយពូកគាត់ទទួលបានចំណូលរស់នៅបានសមរម្យ។ លោកបានបញ្ជាក់ថា ធនាគារពិភពលោកចង់ចូលរួមអោយសកម្មថែមទៀតជាដៃគូរជាមួយ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការចូលរួមជំរុញវិស័យសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។
ជាការឆ្លើយតបសម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចក៍ដូចជាការកាត់ បន្ថយភាពក្រីក្ររបស់កម្ពុជាគឺទទួលបានពីកិច្ចខិតខំប្រឹងប្រែង និងការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក៍ដោយកម្ពុជានៅតែមានសក្កានុពលក្នុងការជំរុញ សេដ្ឋកិច្ចអោយកាន់តែមានការរីកចំរើនកាន់តែខ្លាំងថែមទៀត និងកាត់បន្ថយភាពក្រីអោយបានកាន់តែច្រើនថែមទៀត ព្រមជាមួយនេះ កម្ពុជាក៍នឹងបន្តលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជនអោយបានកាន់តែល្អថែមទៀតផងដែរ។ ក្នុងន័យនេះសម្តេចសង្ឃឹមថា នឹងបន្តធ្វើការជាមួយធានាគារពិភពលោក និងស្នើសុំអោយធានាគារពិភពលោកធ្វើជាការជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកម្ពុជាលើអ្វីដែលបានពិភាក្សាគ្នាហើយនោះ។