ឆ្លើយតបនិងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងការលើកឡើងរបស់ លោក កឹម សុខា ថា អំពើឃោរឃៅនៅកម្ពុជាក្នុងរយៈពេលថ្មីៗនេះ ធ្វើឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនអាចធ្វើសកម្មភាពតាមតួនាទីរបស់ខ្លួនបាន ហើយ បានជំរុញឲ្យរាជរដ្ឋាភិបាល ធ្វើការស៊ើបអង្កេតឲ្យបានឆាប់រហ័ស រកជនដៃដល់ដែលបាន ប្រើអំពើហិង្សាលើអ្នកតំណាងរាស្ត្រ ញ៉យ ចំរើន និង គង់ សភា ដែលករណីនេះបានធ្វើឲ្យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដ៏ទៃទៀត មានការព្រួយបារម្ភអំពីសុវត្ថិភាព និងមិនអាច បំពេញតួនាទីជាអ្នកតំណាងរាស្ត្រឲ្យបានពេញលេញនោះ ត្រូវបានឯកឧត្តម សុខ ឥសាន្ត កត់សំគាល់ថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ គឺជាកម្មវត្ថុមួយដែលរាជរដ្ឋាភិបាល បានគិតគូររួចហើយ នឹងបានបង្កើតគណៈកម្មការស្រាវជ្រាវ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតករណីនេះ ហើយក៏កំពុងតែដំណើរការតាមនីតិវិធីដែរ។ ឯកឧត្តម សុខ ឥសាន្ត មានសុឆន្ទៈថា «យូរនឹងឆាប់គង់តែវែកមុខរកជនល្មើសដែលប្រើអំពើហិង្សាលើអ្នកតំណាង រាស្ត្រទាំងពីររូបឃើញ ប៉ុន្តែរឿងមួយៗយើងមិនអាចកើតភ្លាម ចាប់បានភ្លាមនោះទេ ករណីខ្លះ ក៏ចាប់បានភ្លាម ករណីខ្លះក៏ត្រូវទាមទារពេលវេលាស្រាវជ្រាវ គឺមានរយៈពេលមួយកំណត់ដែរ ហើយខ្ញុំមានសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលក៏ដូចជាគណៈកម្មាការ ដែលបានបង្កើតឡើងនេះ នឹងវែកមុខជនល្មើសឃើញនាពេលខាងមុខនេះ»។
ចំពោះការលើកឡើងថា មានភ័យខ្លាចដល់អ្នកតំណាងរាស្ត្រផ្សេងទៀត ឯកឧត្តម សុខ ឥសាន្ត បានមានប្រសាសន៍ថា ការលើកឡើងបែបនេះវាហាក់ដូចជាភ័យខ្លាចហូសហេតុ ព្រោះពីមុន គណបក្សសង្គ្រោះជាតិតែងតែនិយាយថា សំឡុតមិនខ្លាចទិញមិនលក់ នេះជាទិស្លោករបស់បក្សខ្លួន គឺតាំងពីមុនឆ្នាំ២០១៣មកម្លេះ ជាពិសេសតាំងពីបង្កើតគណបក្សសង្គ្រោះជាតិមក គឺពួកគាត់ និយាយថាសំឡុតមិនខ្លាច ទិញមិនលក់ ដូច្នេះឥឡូវនេះមិនគួរខ្លាចនោះទេ។
ដោយឡែកចំពោះការដែលមិនបានបំពេញតួនាទីជាអ្នកតំណាងរាស្ត្រ និងជាសមាជិកសភា ហើយសន្មតថា ករណីអំពើហិង្សាលើអ្នកតំណាងរាស្ត្រខ្លួនពីររូប ធ្វើឲ្យភ័យដល់តំណាងរាស្ត្រ ដ៏ទៃទៀតរបស់បក្សសង្គ្រោះជាតិនោះមិនហ៊ានធ្វើការ និងរង់ចាំទាល់តែចាប់បានជនល្មើសនោះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជានកម្ពុជា លើកឡើងថា «ខ្ញុំយល់ថាមិនគួរចាំនោះទេ ពីព្រោះសភាពការណ៍ឥឡូវនេះ វាគ្មានអ្វីដែលគួរឲ្យភ័យខ្លាច គាត់គួរតែបំពេញកាព្វកិច្ច ដែលប្រជាពលរដ្ឋប្រគល់ជូនគាត់ ត្រង់ថាគាត់ធ្វើរឺមិនធ្វើអាហ្នឹងជារឿងគាត់ទេ»។
ឯកឧត្តម សុខ ឥសាន្ត ក៏បានលើកឡើងទៀតថា កន្លងមកគណបក្សសង្គ្រោះជាតិ ធ្លាប់បាន កែនមនុស្សរាប់សែននាក់ យកមកធ្វើបាតុកម្មគគ្រឹកគគ្រេង បិទផ្លូវ ធ្វើឲ្យស្ទះចរាចរ ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងទីក្រុងភ្នំពេញ រហូតមានផ្ទុះអំពើហិង្សាញឹកញាប់ តែតំណាងរាស្ត្រ គណបក្សប្រជាជននៅតែបំពេញការងារ និងតួនាទីភារកិច្ចរបស់ខ្លួនដដែល ទាំងការចុះមូលដ្ឋាន ការប្រជុំតាមរបៀបវារៈ ការងារដែលបំរើផលប្រយោជន៍ប្រជាជន នៅតែមានដំណើរការដដែល ទោះបីជាគណបក្សសង្រ្គោះជាតិ បង្កសកម្មភាពគញ្ជ្រោកសភាពការណ៍ យ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជននៅតែដំណើរការជារធម្មតា មិនមានបញ្ហាអី ធ្វើឲ្យរាំងស្ទះ ដល់ដំណើរការ ការងាររដ្ឋសភានោះទេ។ ជាពិសេសចំពោះហេតុការណ៍ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ តើគណបក្សសង្គ្រោះជាតិបានធ្វើសកម្មភាពអីខ្លះ? ដូច្នេះការបំពេញតួនាទី ដែលរាស្ត្រខំបោះឆ្នោត ឲ្យវាក៏អាស្រ័យទៅលើគោលជំហររបស់បុគ្គលម្នាក់ៗ និងគោលនយោបាយរបស់គណបក្សដែរ បើសិនជាគ្រាន់តែមានព្រឹត្តិការណ៍អីមួយ ភ័យខ្លាចរត់គេចខ្លួនអាហ្នឹងជាការមិនល្អទេ៕
អត្ថបទ៖ ច័ន្ទ ទេវី