សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កន្លងមកបក្សប្រឆាំងតែងតែបង្កនូវរឿងរ៉ាវជាច្រើនជាពិសេសចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣រួចមក។ សម្តេចក៏បានបន្ថេមទៀតថា សម្តេចបាន យោគយល់អធ្យាស្រ័យជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែចាប់តាំងពីពេលនេះទៅ សម្តេចមិនអាចយោគយល់បានទៀតឡើយចំពោះការចោទប្រកាន់បែបមិនទទួលខុសត្រូវប្រាសចាកពីការ ពិត។
ដោយឡែកពាក់ព័ន្ធបញ្ហាគណបក្សប្រឆាំងថាចង់បន្តគាំទ្រវប្បធម៌សន្ទនា ជាពិសេសគឺកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ សម្តេចតេជោ ក៏មិនបានបដិសេធដែរ ដោយសម្តេចបានមានប្រសាសន៍ថា សម្តេចបានប្រើប្រាស់វប្បធម៌សន្ទនានេះជា យូរមកហើយក្នុងការចរចារបញ្ចប់សង្រ្គាមស៊ីវិល និងដោះស្រាយបញ្ហាជាតិធំៗ មិនមែនទើបតែមានជាមួយគណបក្សសង្រ្គោះជាតិនោះទេ។ សម្តេចក៏បានបន្ថែមទៀតថា បើបក្សប្រឆាំងចង់បន្តគាំទ្រវប្បធម៌ សន្ទនា គឺមេបក្សត្រូវអប់រំផ្ទៃក្នុងបក្ស កុំឱ្យជេរប្រមាថគេ កុំឱ្យយកការជេរប្រទិចធ្វើជាមុខរបរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សម្តេច ក៏ដូចជាប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជា។