Thursday, November 5, 2015

បទអត្ថាធិប្បាយ ដោយ៖ ពង្ស សុក្រឹត្យ ទិញមិនលក់ សំឡុតមិនខ្លាច

ក្រោយពីមាន​ឧបទ្ទេវហេតុ​ដោយចៃដន្យ ​ដែលមាន​ជនល្មើសមួយ​ក្រុម បង្ក​អំពើហិង្សាទៅ​លើតំណាងរាស្ត្រ​២រូបរបស់​ខ្លួនមក ​ទាំងមេដឹកនាំ ​និងកូនចៅនៃ​គណបក្សសង្គ្រោះ​ជាតិ ហាក់ដូចជា​បង្ហាញនូវ​ចរិតចុះញ៉ម​ ដូចឆ្មារលាក​ទឹកក្តៅ ​នាំគ្នារត់ចោល​ទីស្នាក់ការ​ទាំងអស់គ្នាតែម្តង។​ បើឲ្យតែមាន​ស្អីបន្តិចរត់ៗ ​បែបនេះ ​តើខំដើរតួជាអ្នក​នយោបាយខ្មោច​យក៍អី? តើអ្នកគាំ​ទ្រខ្លួននៅ​ក្នុងប្រទេស​សង្ឃឹមអ្វី? ​

មួយថ្ងៃៗ ​ឃើញតែចេញ​សេចក្តីថ្លែង​ការណ៍មិនស្វាង ​តែចំពោះការ​ខិតខំស្វះស្វែង​ជួយរកភស្តុតាង​ និងចង្អុល​បង្ហាញជនល្មើស ​និងការសហ​ការជាមួយ​សមត្ថកិច្ចក្នុង​នាមជាសាក្ស៊ីក៏យឺត​ និងពន្យាពេល​ដូចអូសឫស្សី​បញ្ច្រាសចុង។​ តែទីបំផុតចង់​ឲ្យសមត្ថកិច្ច​មានចំណាត់ការ​ឲ្យបានលឿន។​

នៅក្នុង​សេចក្តីថ្លែង​ការណ៍របស់​គណបក្ស​សង្គ្រោះជាតិ ​សុទ្ធតែបាន​លើកឡើងថា ​រយៈពេលជា​ច្រើនថ្ងៃមកនេះ ​ការស៊ើប​អង្កេតរបស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​មិនបាន​បង្ហាញពន្លឺ ​និងទំនុកចិត្ត​ ដល់មហា​ជនខ្មែរឡើយ ​ហើយថាការ​ដែលខ្វះទំនុក​ចិត្តនេះ ធ្វើ​ឱ្យតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ​ដ៏ទៃទៀត ​នៅតែព្រួយ​បារម្ភអំពីសុវត្ថិភាពក្នុ​ងការបំពេញតួនាទី​ជាអ្នកតំណាង​រាស្រ្តឱ្យបាន​ពេញលេញ។​

ចំណុចនេះ ​បង្ហាញយ៉ាង​ច្បាស់នូវភាព​ខ្សោយ និង​ភាពកំសាក​ របស់ក្រុម​តំណាងរាស្ត្រគណបក្ស​ប្រឆាំង ​យ៉ាងពិតប្រាកដ​ ដោយហេតុថា ​ពួកគេបានប្រើ​លេសនៃអំពើ​ហិង្សានេះ ថាជាកា​រគម្រាមកំហែង​ពីសុវត្ថិភាព​ និងបានបោះបង់​ចោលនូវតួនាទី​ និងភារកិច្ច​ ដែលប្រជាពលរដ្ឋ​ខំបោះឆ្នោត​ទុកចិត្ត ​ឲ្យធ្វើការតស៊ូ​មតិក្នុងរបបប្រជា​ធិបតេយ្យ ​សេរីពហុបក្ស ទៅវិញ។ ​រឿងនេះវាអាច​ជាហេតុផលនយោ​បាយមួយក្នុង​ការដាក់សម្ពាធ ​គាបសង្កត់​មកលើសមត្ថកិច្ច​ក្នុងការវែក​មុខជនប្រព្រឹត្តិ​អំពើហិង្សាតែ​ប៉ុណ្ណោះ។ ​នៅប្រទេសប្រជាធិប​តេយ្យផ្សេង​ៗទៀត ក៏ធ្លាប់​កើតមានអំពើ​ហិង្សាដល់តំណាងរាស្ត្រដូច​គ្នានេះដែ​រ រហូតដល់មានការវាយ​តប់គ្នានៅក្នុង​សាលប្រជុំថែម​ទៀត ដូចជានៅ​ប្រទេសជប៉ុន​ ហ្វីលីពីន ​ជាដើម។ ប៉ុន្តែ ​ក្រុមតំណាងរាស្ត្រ​ផ្សេងៗទៀត​របស់គេ​ គឺនៅតែបន្ត​កិច្ចការរបស់​គេជាបន្តទៀ​ត ដោយមិនបាន​យកបញ្ហានេះ​មកធ្វើជា​ចំណាប់ខ្មាំង​នយោបាយដូច​គណបក្សប្រឆាំង ​នៅកម្ពុជានោះទេ។​
ការលើក​បញ្ហាឡើង​របស់គណបក្ស​ប្រឆាំងនៅពេលនេះ ​គឺជាការព្រួយ​បារម្ភជ្រុល​ហួសហេតុរបៀប​កេងចំណេញ​នយោបាយ​តែប៉ុណ្ណោះ ​ពីព្រោះកន្លង​មកគណបក្សប្រ​ឆាំងមួយនេះតែង​ស្រែកក្តែងៗថា ​ទោះជាក្នុងកាលៈទេសៈ​ណាក៏ដោយ ​ក្រុមរបស់គេគឺ ​«ទិញមិនលក់ ​សំឡុតមិនខ្លាច»​ ឡើយ តើហេតុ​អ្វីបានជាពេលនេះ ​ខិតខំបំប៉ោង​សភាពការណ៍ របៀប​បំភ្លៃបែបនេះ​ទៅវិញ? ឬមួយ​ក៏ចង់ទទួល​បាននូវការអាណិត​ពីប្រជាពលរដ្ឋ​ ឬមួយឆ្លៀតកេង​ចំណេញនយោបាយ​ដ៏ពិសពុល​របស់ខ្លួន?​

ម្យ៉ាងទៀត ​ការមិនបាន​បំពេញតួនាទី​ជាអ្នកតំណាង​រាស្ត្រក្នុងការ​អនុម័តច្បាប់ ​ឲ្យបានពេញលេញ​នាពេលនេះ ​ដោយយក​លេសអំពើហិ​ង្សាកន្លង​មកនោះ ​វាជាការបោះបង់​នូវតួនាទី និងភារៈកិច្ចរ​បស់ខ្លួន ​ដែលប្រជាពលរដ្ឋ​បានប្រគល់ឲ្យ។ ​ដូច្នេះការ​សម្រេចចិត្ត​របស់ពួកគេ គឺប្រជាពលរដ្ឋ​ផ្ទាល់ជាអ្នក​វិនិច្ឆ័យក្នុង​ការជ្រើសរើស​ពួកគេមក​បម្រើតទៅទៀត​ឬយ៉ាងណា? ​បើគ្រប់ពេល​ដែលមានបញ្ហា ​គឺពួកគេតែង​តែបោះបង់ចោល​នូវសុខទុក្ខរបស់ប្រ​ជាពលរដ្ឋ​បែបនេះ។​

ជាការកត់​សម្គាល់កន្លង​មក រាល់​ការញុះញង់ ​ប្រមូលផ្តុំ​បាតុកម្ម ​និងអំពើហិង្សា​ដែលបង្កឡើង​ដោយគណបក្ស​សង្គ្រោះជាតិ ​ធ្វើឲ្យមានភាព​វឹកវរ កក​ស្ទះពេញទីក្រុង ​រហូតដល់​មានអ្នកស្លាប់​ និងរបួសនោះ ​គឺក្រុម​តំណាងរាស្ត្របក្ស​ប្រឆាំង ​មិនបានលើក​ឡើងពីការ​ព្រួយបារម្ភអំពី​សុវត្ថិភាពក្នុង​ការបំពេញតួនាទីជា​អ្នកតំណាង​រាស្រ្តឲ្យបានពេញ​លេញនោះទេ ​ចុះហេតុអ្វីពេលនេះ​បែរជាចេញ​ភាពកំសាក​បែបនេះ? ​ឬមួយអំពើហិង្សា​មុនៗ មិនបាន​ប៉ះចំលើសាច់ឯង​ គឺប៉ះចំតែ​លើប្រជាពលរដ្ឋ​ដែលខ្លួន​ញុះញង់ឲ្យ​មកចូលរួ​ម?

ក្នុងស្មារតី​គិតគូរសុខទុក្ខ​របស់ប្រជា​ពលរដ្ឋគ្រប់រូប​ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល ​រាជរដ្ឋាភិបាលបាន​ថ្កោលទោស ​និងចេញបទ​បញ្ជាដោយប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បីចាត់វិធាន​ការជាបន្ទាន់​ចំពោះជនល្មើស​រួចហើយ ​និងបានបង្កើត​គណកម្មការ​ស៊ើបអង្កេត ​ស្រាវជ្រាវ ដឹកនាំ​ដោយក្រសួង​មហាផ្ទៃ។ ​ដោយសារតែការ​ចាត់វិធានការក្តៅ​គគុក សកម្ម ​និងល្អិតដូចសំណាញ់​នោះ បានធ្វើឱ្យ​ជនល្មើសដែល​ជាជនដៃដល់​ចំនួនបីនាក់ ​បានចេញម​កសារភាពចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​ករណីបង្ករបួស​ស្នាមលើអ្នក​តំណាងរាស្ត្ររួចហើយ ​កាលពីថ្ងៃទី០​៣ ខែវិច្ឆិកានេះ។​ ហើយនេះកំពុង​ដំណើរការតាម​នីតិវិធីរបស់​តុលាការ។ ​

ដោយឡែក ​សាក្ស៊ីនៅក្នុង​ហេតុការណ៍ផ្ទាល់ ​ដែលជាអ្នក​បើកបររថយន្ត​ឲ្យតំណាងរាស្ត្រ មិន​ទាន់ចូលខ្លួន​មកបំភ្លឺ​ និងមិនទាន់​បានទទួលពាក្យប​ណ្តឹងជាផ្លូវការ​ពីមេធាវីជនរ​ងគ្រោះនៅឡើយដែរ​។

ជារួម​ ក្នុងនាមជាអ្នក​តំណាងរាស្ត្រ ​ដែលប្រជាពល​រដ្ឋបានបោះឆ្នោតឲ្យ ​គឺត្រូវមានភារៈកិ​ច្ច និងតួនាទីរ​បស់ខ្លួនជាចាំ​បាច់ក្នុងការ​បម្រើប្រជាពលរដ្ឋ​ ទោះបីជាមាន​ឧបសគ្គចំពោះមុ​ខក៏ត្រូវតែហ៊ាន​លះបង់ ​ដែរ មិនមែន​គ្រាន់តែមាន​ព្រឹត្តិការណ៍បន្តិច​បន្តួចដូច​មេដឹកនាំ ​និងតំណាងរាស្ត្រ​គណបក្សស​ង្គ្រោះជាតិ ​យកលេសឡាំប៉ា ​មិនចូលធ្វើការ​ នាំគ្នារត់ចោលពលរដ្ឋ​បែបនេះទេ៕​