នៅក្នុងពិធីសម្ពោធ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ជំហានទី៣ ក្នុងរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ជប៉ុន នៅទីតាំងសួនច្បារ មុខវត្តបទុមវត្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនសាធារណៈជនទាំងអស់ថា តាមការព្យាករណ៍ថា ទៅដល់ថ្ងៃបុណ្យអុំទូនៅសល់៤ម៉ែត្រប៉ុណ្ណោះ។ សម្តេចបានបន្ថែមថា «នៅក្នុងកិច្ចប្រជុំសភា កាលពីសប្តាហ៍មុន យើងក៏បានពិភាក្សាផងដែរអំពីការ បន្ថយចំណាយទីប្រណាំង ពី១៧០០ម៉ែត្រ មក១៥០០ម៉ែត្រ ដោយសារបញ្ហាកំពស់ទឹកពេលដែលយើងកំពុងប្រជុំហ្នឹង នៅសល់ជាង៥ម៉ែត្រ ចុះទំរំាធ្លាក់ចុះជាងហ្នឹងទៀតតើវាអុំម៉េចទៀត? អុំវាមិនកើត ជាបច្ចេកទេសទៅវាមិនរួច»។
សម្តេចតេជោ បានមានប្រសាសន៍ថា «សូមអ្នកធ្វើអត្ថាធិប្បាយចេញមកដើម្បីនិយាយគ្នាឲ្យច្បាស់ លោកឯងយកទូកមកអុំទៅ ទឹកប៉ុណ្ណឹងឲ្យលោកឯងអុំទៅ ខ្ញុំជួយចេញលុយឲ្យជាពិសេស អ្នកវិភាគ។ ពិសេសជាអ្នកនយោបាយខ្លះ រហូតថារាជរដ្ឋាភិបាលមិនហានព្រោះ ខ្លាចគណបក្ស សង្គ្រោះជាតិធ្វើបាតុកម្ម សូមអញ្ជើញចេញមកធ្វើបាតុកម្មចុះ»។ សម្តេចបន្ថែមថា «ឥឡូវថ្នាក់ ដល់រាជរដ្ឋាភិបាលខ្លាចប្រជាជនហើយ? ការពិតខ្ញុំចង់ឲ្យប្រជាជនមកលេងក្រុង ភ្នំពេញណាស់ ទោះបីមិនមានបុណ្យអុំទូកមែន ក៏ប៉ុន្តែគឺមានពិធីដ៏ទៃទៀត ដូចការរៀបចំប្រគុំតន្ត្រី និងស្តង់ ពិពរណ៍ទំនិញជាដើម»។ សម្តេចបានលើកឡើងថា ទូកដែលល្បីហើយលឿនៗ គឺទូកមកពីកំពង់ធំ ប៉ុន្តែទម្លាក់មកតាមណា អាចធ្វើឲ្យទូកខូច អុំឆ្នាំក្រោយមិនកើតទៀត ហើយអត់ចំណុះទូកទៀត ព្រោះបញ្ហាឥឡូវនេះ ពួកគាត់ត្រូវធ្វើស្រែប្រដេញទឹក ព្រោះវាអត់ទឹកហើយការតើទម្លាក់ទូក មកតាមណារួច បើវាអត់ទឹកពីដើមទម្លាក់មកតាមទន្លេសាប ទើបបានទាញទូកយកមកអ៊ុំឥឡូវទន្លេសាបអត់ទឹកចេញមិនរួចទេ។ សម្តេចតេជោ មានប្រសាសន៍ថា «អ្នកនៅតាមទន្លេមេគង្គ បើអត់១ម៉ឺនដុល្លារទេ គឺយកទូកនិងចិញ្ចឹមចំណុះទូកនៅភ្នំពេញកើតទេ សូមអ្នកវិភាគយល់ឲ្យ ច្បាស់កុំព្រហើន»។
សម្តេចបានសង្កត់ធ្ងន់ថា សម្តេចជាអ្នកទទួលខុសត្រូវដឹកនាំប្រទេសនេះ ហើយអ្នកទាំងអស់នោះ មានសិទ្ធិប៉ុន្តែសូមអស់លោក មានភាពថ្លៃថ្នូរគិតពិចារណាឲ្យបានម៉ត់ចត់ កុំអាងតែខ្លួនមានសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិដោយខ្វះការទទួលខុសត្រូវ ខ្វះវិចារណញ្ញាណ។ សម្តេចបន្តថា «ខ្ញុំដឹងហើយ ល្បែងអស់លោកគឺចឹង បើមិនធ្វើវិភាគចឹងគេមិនឲ្យលុយទេ ព្រោះលោកឯង ស៊ីឈ្នួលវិភាគ ហើយវិភាគវ៉ៃរដ្ឋាភិបាលរហូត ប៉ុន្តែសូមអស់លោកត្រូវចាំមួយម៉ាត់ឲ្យច្បាស់ថា រាជរដ្ឋាភិបាលមានអ្នកគាំទ្រច្រើនជាងបក្សប្រឆាំងទៅទៀត»។ សម្តេចតេជោ បានបញ្ជាក់ថា «បើអ្នកឯងមានសិទ្ធិធ្វើបាតុកម្ម គេក៏មានសិទ្ធិដូចអ្នកឯងដែរ អ្នកប្រឆាំងមានសិទ្ធិធ្វើបាតុកម្ម អ្នកគាំទ្រក៏មានសិទ្ធិធ្វើបាតុកម្មដែរ ខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើបាតុកម្មទេ ហើយខ្ញុំកាន់តែប្រឆាំង នឹងអំពើហិង្សា តែអ្នកទាំងឡាយចូលចិត្តណាស់ ប្រមាថនាយករដ្ឋមន្ត្រី ប្រមាថរាជរដ្ឋាភិបាល ថាប្រជាជនចូលក្រុងច្រើនពេកធ្វើបាតុកម្ម ឥឡូវចូលមកប៉ុន្មាននាក់? ខ្ញុំរៀបចំប្រគុំតន្ត្រីឲ្យច្រើន ឲ្យទស្សនាសប្បាយ»។ សម្តេចបានអញ្ជើញប្រជាពលរដ្ឋឲ្យមកលេងទីក្រុងភ្នំពេញ ក្នុងរយៈ ពេលបុណ្យអុំទូក ព្រោះគ្រាន់តែអត់មានកម្មវិធីអុំទូកប៉ុណ្ណោះ ឯកម្មវិធីកំសាន្តផ្សេងទៀត នៅដដែល ហើយបើអ្នកណាចង់អុំ ហើយអុំកើតមកអុំទៅគ្រាន់តែក្រៅផ្លូវការប៉ុណ្ណោះ។ សម្តេចតេជោ នឹងបង្វែរ ថវិកាដែលសំរាប់ចំណាយពេលបុណ្យអុំទូក ទៅទិញប្រេងបូមទឹកដាក់ស្រែ សង្គ្រោះស្រូវ នៅខេត្តដែល ខ្វះទឹកធ្វើស្រែ តើរឿងហ្នឹងអ្នកវិភាគគិតយ៉ាងម៉េច? សម្តេចបានរំលឹកថា «នៅឆ្នាំមុនគឺទឹកទន្លេទាប ដែរ៦ម៉ែត្រជាង ចំណុះទូកអុំចង់ដាច់ខ្យល់។ កំរិតទឹកល្អគួរ៧ម៉ែត្រ តែបើឡើងលើស ពី៨ម៉ែត្រកន្លះទៅ១០ម៉ែត្រពិបាកទៀត ព្រោះខ្លាចគ្រោះថ្នាក់ ព្រោះឆ្នាំមួយនោះ មានបរទេស មកអុំទូកស្លាប់អស់ប៉ុន្មាននាក់ ព្រោះទឹកហូរគួចខ្លាំង អាអត់ហូរក៏ពិបាកអុំដែរ»។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ព្រោះការប្រមាថតាមការរយៈការធ្វើអត្ថាធិប្បាយនេះ និងការវិភាគបែបនេះ គឺជាការព្រហើនដែលមិនអាចទទួលយកបាន។ សម្តេចតេជោបន្តថា ក្នុងនាមខ្ញុំជាអ្នកចុះ ហត្ថលេខា រឿងនេះ សម្តេចបានធ្វើការពិភាក្សាជាមួយប្រធានរដ្ឋសភា ពិគ្រោះជាមួយបណ្តាឧបនាយក រដ្ឋមន្ត្រី គឺពិភាក្សាគ្នាម៉ត់ចត់ណាស់ ហើយក៏ឆ្លៀតទូលសម្តេចម៉ែ ព្រះមហាក្សត្រថាឆ្នាំនេះអុំទូក អត់កើតទេ ព្រោះទឹកទន្លេទាបពេក។ សម្តេចរំលឹកថា ដូច្នេះកុំឲ្យវិភាគថា រឿងអីក៏ដោយគឺមាន នយោបាយនៅពីក្រោយរហូត និងកុំឲ្យកំដៅ នយោបាយកាន់តែខ្លាំងដោយសារអស់លោក៕