Friday, November 13, 2015

ទស្ស​នៈ ដោយ​៖ ពង្ស សុ​ក្រឹត្យុ,ត្រីកំពុង​នៅក្នុងបឹង​នៅឡើយ បែរជាបក្ស​ប្រឆាំង នាំ​គ្នាគិតពី​រឿង អាំង ឆា ស្ងោ​រទៅវិញ

ជារឿយៗ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​តែង​ឆ្លៀត​លើក​យក​ព្រឹត្តិ​ការ​ណ៍​នយោបាយ​ដែល​​​​បាន​​កើត​ឡើង​​​​ពី​ប្រទេស​ផ្សេង​ៗ​ ទាំង​នៅ​ក្នុង​ពិភពលោក​ ក៏​ដូច​ជាក្នុង​តំបន់​ និង​ប្រទេស​​ជិត​ខាង​​​​មក​​ប្រៀប​ធៀប​​​ស្ថាន​ភាព​នយោបាយ​នៅកម្ពុជា​ ដើម្បី​​កេង​ចំណេញ​នយោបាយ​​សម្រាប់​គណ​បក្ស​​​ខ្លួន​។​
កន្លង​មក​នៅពេល​ដែល​មាន​ចលនាបដិវត្តន៍ពណ៌​ផ្ដួលរំលំនៅប្រទេសនានា​ មេដឹក​បក្ស​​ប្រឆាំង​​​តែងតែ​និយាយថា​ចលនា​នេះ​ជិតកើតឡើង​នៅ​កម្ពុជា​ដែរ​ហើយ​ និង​បាន​ដើរ​ញុះញង់​​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ទឹក​ចិត្ត​ពុះកញ្ជ្រោល​ចង់​ធ្វើ​តាម​ប្រទេស​ទាំង​នោះ​ ប៉ុន្តែ​នៅ​ពេល​​ដែល​ចលនា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទាំង​នោះ​នាំមក​នូវ​អសន្តិសុខ​ និង​សង្គ្រាម​បង្ហូរ​ឈាម​​គ្នា​ យើង​មិន​ដែល​ឮ​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា ​ចេញ​មុខ​បក​ស្រាយ​ពី​ផល​វិបាក​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ​ឡើយ​​។​
ថ្មីៗនេះ​ ជុំវិញ​ព្រឹត្តិការណ៍​បោះឆ្នោត​នៅប្រទេស​មីយ៉ាន់ម៉ា​ ក៏​ត្រូវ​បាន​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​ និង​ក្រុម​អ្នក​វិភាគ​ដែល​មាន​និន្នាការ​ប្រឆាំង​ លើក​យក​មក​ធ្វើ​ជា​ប្រយោជន៍​ដើម្បីវាយ​ប្រហារបក្ស​កាន់អំណាច និង​​រាជរដ្ឋាភិបាល​ យ៉ាង​ងងើល​ ដោយ​ធ្វើ​ការ​ប្រៀបធៀប​ថា​នឹង​មាន​ស្ថាន​ភាព​ដូច​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​។​ រឿង​​នេះ​វាហាក់​ដូច​ជា​ការ​​ស្រមើ​​ស្រម៉ៃ​ ដូច​រឿង​ព្រេង​និទាន​ «ចៅចាក់​ស្មុគ្រ»​ អញ្ចឹង​ដែរ​។​
និយាយ​​ពី​ថ្នាល​នៃ​លទ្ធិប្រជាធិបតេយ្យ​វិញ​ គឺ​ប្រទេស​កម្ពុជា​បាន​ចេញ​ដំណើរ​មុន​ប្រទេស​​​មីយ៉ាន់​ម៉ា​ តាំង​ពី​២២ឆ្នាំ​មុន​មក​ម្លេះ​។​ ស្ថាន​ភាព​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នេះ​ គឺ​បាន​កើតមាន​​នៅ​​កម្ពុជា​​រួច​​​ហើយ​ តាំង​ពី​​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​២០១៣​ កន្លងទៅនេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​នៅកម្ពុជា​ មិនមែន​ទៅ​គាំ​ទ្រ​​គណបក្ស​ប្រឆាំង​នោះទេ​ គឺ​ពួក​គាត់​ក៏​ទៅ​បោះ​ឆ្នោត​គាំ​ទ្រគណបក្ស​​ដឹក​នាំ​​ប្រទេស​​យ៉ាងលើសលប់​​ទៅវិញ ទើប​រហូត​មក​ដល់​ពេល​​នេះ​ គណបក្ស​ប្រជាជនកម្ពុជា​​នៅ​តែជា​គណបក្ស​ឈាន​មុខ​សម្រាប់​ដឹក​នាំ​ប្រទេស​។​​​
ដូច្នេះ​ ការ​លើក​យក​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​នៅប្រទេស​មីយ៉ាន់ម៉ា​ មក​ប្រដូច​ការ​បោះ ឆ្នោត​ឆ្នាំ​២០១៨​នៅកម្ពុជា​ គឺ​ជារឿង​ខុសគ្នា​ស្រឡះ​ ខុស​ទាំង​របបនយោបាយ​ សេដ្ឋកិច្ច​ សង្គម​ ខុសទាំង​សន្តិសុខ​​​ផ្ទៃក្នុង​​ប្រទេស​ ខុសទាំង​ភាព​លំបាក និង​ភាព​ងាយស្រួល​ ដែល​សូម្បី​​តែ​ការ​បោះ​ឆ្នោត​ក៏ខុសគ្នា​ដែរ​ គឺ​ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​ជាសកល​ចំនួន​៥ដង​រួច​មក​ហើយ​ រី​ឯប្រទេស​ មីយ៉ាន់​ម៉ា​ វិញ​មានការ​ខក​ខាន​ការ​បោះ​ឆ្នោត​រយៈ​ពេល​២៥ ឆ្នាំ​ឯណោះ​​។ ដូចនេះ​ ប្រជាពលរដ្ឋ​ភូមា​ មិន​ទាន់​បាន​ស្គាល់​ពី​រស់​ជាតិ​ល្វីង​ ជូរ​ ចត់​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដូច​កម្ពុជា​នោះ​ទេ​។​
បើ​និយាយ​អំពី​ចរិត​លក្ខណៈ​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា និង​មេដឹក​នាំបក្ស​ប្រឆាំង​​នៅ​កម្ពុជា​ គឺ​រឹត​តែ​​ខុស​គ្នា​ស្រឡះ​។ លោក​ស្រី​ អ៊ុង សាន​ស៊ូជី​ គឺ​ជាមេដឹក​នាំ​ដែល​មាន​ចរិត​បង្រួប​បង្រួម​ជាតិ​ មិន​ញុះញង់​ ចងគំនុំ​ សងសឹក​ បើ​ទោះ​បី​ជា​របបយោធា​ភូមា​ បាន​​ធ្វើ​ទុក្ខ​បុកម្នេញ​លោក​ស្រី​អស់​ជាច្រើន​ឆ្នាំ​ក្តី​។ គឺ​ជាមេដឹក​នាំ​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព​។ ចំណែក​ចរិត​លក្ខណៈ​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​ គឺ​ផ្ទុយ​ស្រឡះ​ពី​លោកស្រី​ ។ ​​លោក​ កឹម សុខា​ ធ្លាប់​មាន​ប្រវត្តិ​​លួច​អង្ករ​ និង​មាន​ប្រពន្ធ​ច្រើន​ ជាពិសេស​​គឺ​ចរិត​ភូត​កុហក់​ បោក​ប្រាស់​ សន្យា​ខ្យល់​រាប់​មិន​អស់​ជាមួយប្រជាពលរដ្ឋ។​​​ ​ រីឯ​​លោក សម រង្ស៊ី ធ្លាប់​មាន​ប្រវត្តិ​ឪពុក​ជាជន​ក្បត់​ជាតិ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដូច្នេះ​ហើយ​ទើប​មាន​គំនុំ​គ្រួសារ​ជាមួយ​រាជវង្ស​រហូត​មក​ដល់​ពេល​នេះ​ និង​មិន​ស្តាប់​ព្រះ​រាជ​បន្ទូល​ណែនាំ​របស់​ព្រះ​មហា​ក្សត្រ​​​។​ បន្ថែម​​លើ​នេះ​ទៀត​ នយោបាយ​រើសអើង​ជាតិ​សាសន៍​ ចង​គំនុំ​ ចោទប្រកាន់​ត្រូវ​បានលោក​ សម រង្ស៊ី​ យក​មក​ប្រើ​ប្រាស់​ជាប្រធាន​បទ​ឃោសនា​​វាយ​ប្រហារ​គណបក្ស​ដឹកនាំ​ប្រទេស​​ ដើម្បី​តែ​ប្រយោជន៍​គណបក្ស​នយោបាយ​ខ្លួន​ ក្នុង​គោល​បំណង​ដណ្តើម​អំណាច​តែ​មួយ​គត់ គឺ​មិន​ដែល​គិត​គូរ​ពី​ប្រយោជន៍​ជាតិ​ឡើយ​។​
ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​របស់​លោកស្រី​ អ៊ុង​ សាន​ស៊ូជី​ គឺ​ក្រោយ​ពី​មាន​ការ​ប្រកាស​លទ្ធ​ផល​ពី​ការ​កើន​ឡើង​សម្លេង​ខ្ពស់​របស់​គណបក្ស​ខ្លួន​មក​ លោក​ស្រី​បាន​ប្រកាស​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រកាន់​នូវ​ជំហរ​មាន​ការ​អត់ឱន​ លើក​លែង​ មិន​សងសឹក​ចំពោះ​អ្នក​ចាញ់​ ដែល​នេះ​ជាចរិត​ដ៏ថ្លៃ​ថ្នូរ​ក្នុង​ភាព​ជាមេដឹក​នាំ​។ ផ្ទុយ​ទៅ​វិញ​ មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​​ មិន​ទាន់​ទាំង​មាន​ការ​បោះ​ឆ្នោត​ផង​ ក៏ហ៊ាន​ប្រកាស​ថា​នឹង​បង្កើត​តុលាការ​កាត់​ទោស​ប្រជាពលរដ្ឋ​ដែល​រក​ស៊ី​មាន​បាន​ និង​អ្នក​វិនិយោគ​ ព្រម​​ទាំង​រឹប​អូស​ដីពី​អ្នក​មាន​ទៅ​ឲ្យ​អ្នក​ក្រទៅ​ហើយ​ ដែល​បង្ហាញ​ថា​​​មេដឹក​នាំបក្ស​ប្រឆាំង​នៅកម្ពុជា​ នឹង​ប្រែក្លាយ​​ប្រទេសដែល​កំពុង​មាន​សន្តិភាព​ ឲ្យ​ទៅ​ជាប្រទេស​មាន​សង្គ្រាម​ស៊ីវិល​ឡើង​វិញ​។ ម្យ៉ាងទៀតការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មិនទាន់​ខិត​ជិត​មក​ដល់​ផង បក្សប្រឆាំង បានដើរអំពាវនាវឲ្យបរទេស មកបង្ខំរដ្ឋាភិបាលស្របច្បាប់ ឲ្យ​រៀប​ចំ​ការ​ផ្ទេរ​អំណាច​​ដល់ក្រុមខ្លួនទៅហើយ នៅពេលដែលលទ្ធផលឆ្នោត ឬការសម្រេចចិត្តរបស់​ប្រជា​ពល​រដ្ឋ​​យ៉ាង​ណានោះឡើយ។ សកម្មភាពរបស់បក្សប្រឆាំងបែបនេះ គឺជាការមើលងាយមើលថោក អធិបតេយ្យរបស់ពលរដ្ឋខ្មែរជាង១៥ លាននាក់ទាំងស្រុង។
ដូច្នេះ​ ការ​វាយ​តម្លៃ​អំពី​ជោគជ័យ​នៃការ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​នៅ​ភូមា​ ថា​នឹង​ដូច​​ការ​​បោះ​ឆ្នោត​នៅ​កម្ពុជា​​សម្រាប់​​ឆ្នាំ​២០១៨​ខាង​មុខ​​​​ របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ និង​ក្រុម​អ្នក​វិភាគ​ដែល​ជា​បក្ខ​ពួក​ គឺ​មិន​បាន​ឆ្លុះបញ្ចាំង​គ្នា​បន្តិច​ណាសោះ​ ពី​ព្រោះ​ស្ថាន​ភាព​បែប​នេះ​​បាន​កន្លង​ផុត​សម្រាប់​ការ​បោះ​ឆ្នោត​នៅកម្ពុជា​រួច​ទៅ​ហើយ​ ហើយ​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ គឺបាន​​ទទួល​បរាជ័យជាបន្តបន្ទាប់​រួច​ហើយ​ដែរ​ បើ​ទោះបី​ជាមាន​ការ​រួប​រួម​គ្នា​ រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ រួច​ហើយ​ក្តី​។ ដូច្នេះ​ ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា​ បាន​ត្រឹម​តែ​ដេក​ស្រមើស្រម៉ៃ​នូវ​ក្តី​សង្ឃឹម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​ «ត្រី​កំពុង​នៅក្នុង​បឹង​នៅ​ឡើយ​ បែរ​ជា​​បក្ស​ប្រឆាំង​ នាំគ្នា​គិត​ពី​រឿង​ អាំង​ ឆា​ ស្ងោរ​ របៀប​ចៅចាក់​ស្មុគ្រ»​ បែបនេះ​៕​​