សម្តេចតេជោ ហ៊ុន សែន ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងបន្តជំរុញ និងយកចិត្ត ទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការបំផុសការយល់ដឹង ការផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាជន ក្នុងការរួមគ្នាលើកកម្ពស់អនាម័យជនបទ ដែលជាមូលដ្ឋានសំខាន់មួយនៃការលើក តម្កើងសុខុមាលភាពសង្គម និងសេដ្ឋកិច្ចជាតិរបស់យើង។
សម្តេចតេជោ បានបញ្ជាក់ថា ជាការពិតការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនបាន លុះត្រាតែ យើងខិតខំអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹង ចំណេះធ្វើ កាយសម្បទាមាំមួនប្រកប ដោយសីលធម៌រស់នៅល្អ ចេះរួមរស់ជាមួយគ្នា និងចេះស្រឡាញ់សុខសន្តិភាពជាដើម។ ក្នុងន័យនេះ ការលើកកម្ពស់អនាម័យ គឺជាមូលដ្ឋានស្នូល ដោយសារតែការលើកកម្ពស់ អនាម័យនេះមានទំនាក់ទំនង មិនអាចកាត់ផ្តាច់បានអំពីវិស័យផ្សេងៗទៀត ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ហើយក៏ជាកិច្ចការដែលមានលក្ខណៈអន្តរវិស័យ និងការទទួលខុសត្រូវរួមគ្នា។
ផ្តើមចេញពីស្មារតី និងខ្លឹមសារដូចដែលបានគូសបញ្ជាក់មកនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវនូវចំនុចសំខាន់ៗ៦យ៉ាង៖ ទី១. ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ បណ្តុះឆន្ទៈមន្ត្រីប្រតិបត្តិក្នុងការងារ នេះឲ្យអនុវត្តការងារជាប់ជាប្រចាំ ទទួលខុសត្រូវខ្ពស់ ក្នុងភាពម្ចាស់ការលើការងារលើកម្ពស់អនាម័យជនបទនេះ។ ទី២. ក្រសួង អភិវឌ្ឍន៍ជនបទត្រូវបន្តបង្កើន ការយកចិត្តទុកដាក់ក្នុងការដឹកនាំ និងសម្របសម្រួលតាម គ្រប់ទម្រង់ គ្រប់រូបភាព ដើម្បីកៀរគរធនធានពីវិស័យឯកជន អង្គការនានា ក្នុងការជំរុញការងារ លើកកម្ពស់អនាម័យ និងផ្គត់ផ្គង់ទឹកជនបទឲ្យកាន់តែកើនឡើងជាលំដាប់។ ទី៣. អាជ្ញាធរថ្នាក់ ក្រោមជាតិត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការដឹកនាំ និងពិនិត្យតាមដានការអនុវត្តន៍ផែនការ ដែលមាន ហើយត្រូវធានាឲ្យស្ថានភាពអនាម័យ និងទឹកស្អាតជនបទក្នុងខេត្ត ស្រុក ឃុំ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ខ្លួនមានការប្រែប្រួលរីកចម្រើនជាប្រចាំ។ ទី៤. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ចូលរួមដឹកនាំ និងគាំទ្រគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយការងារលើកកម្ពស់អនាម័យ និងការងារផ្គត់ផ្គង់ទឹកស្អាតជនបទសមស្របទៅ តាមអាណត្តិការងាររបស់ខ្លួន ដោយយកចិត្តទុកដាក់ជាពិសេសលើការបង្កើនធនធាន កិច្ចសហ ប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា។ ទី៥. នៅតាមគ្រឹះស្ថានសិក្សា និងសាលាចំណេះដឹងទូទៅទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ សាង់សង់សម្ភារៈរូបវ័ន្តទឹកស្អាត និងអនាម័យ ការអប់រំជាមូលដ្ឋានឲ្យសិស្សានុសិស្សបានយល់ ដឹងអំពីផលវិបាកនៃកង្វះអនាម័យ និងមានទម្លាប់ប្រតិបត្តិអនាម័យល្អ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ទាំងនៅក្នុងសាលា និងនៅក្នុងគ្រួសារ។ ទី៦. គ្រប់ក្រុមគ្រួសារនៅ តាមសហគមន៍ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវសង់បង្គន់ អនាម័យសម្រាប់ប្រើប្រាស់ ក្នុងគ្រួសារ ដើម្បីរួមចំណែកធ្វើឲ្យភូមិ ឃុំ និងស្រុករបស់ខ្លួន ប្រែក្លាយជាសហគមន៍ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដែលប្រការនេះនិងរួមចំណែក ក្នុងការអភិវឌ្ឍន៍ បង្កើតនូវសេចក្តីថ្លៃថ្នូរក្នុងគ្រួសារ និងសហគមន៍៕
អត្ថបទ៖ ច័ន្ទ ទេវី