Wednesday, November 18, 2015

រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញនូវឆ​ន្ទះបន្ត រួមវិភាគទាន​​បដិភាគតទៅទៀត​ដល់​សាលាក្តី​ខ្មែរក្រហម

កម្ពុជានៅតែបន្តគាំទ្រដល់ដំណើ​ការ នៃសាលាក្តីកាត់ទោសមេ​ដឹកនាំ​ខ្មែរក្រហម​ដោយបានសន្យាជួយ​ជាវិ​ភាគទាន​សម្រាប់​ភាគី​កម្ពុជាតទៅទៀត ដើម្បីជួយទ្រទ្រង់​ដល់ដំណើរការរបស់​អង្គជំនុំជំរះ​នៃតុលា​ការកូន​កាត់​មួយនេះ។



នៅ​​ក្រោយជំនួប​រវាង​ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ  អានឧ​បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគ​ណៈរដ្ឋមន្រ្តី ជាមួយ ឯកឧត្តម Stephen Mathias ជំនួយការ​អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការច្បាប់ លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាន បានឲ្យក្រុមអ្នកយកព័ត៌​មានដឹ​ង​ថា ភាគី​ទាំងពីរបានពិភាក្សាគ្នា ដោយ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់សំខាន់ លើ​ដំណើរ​ការវិវឌ្ឍទៅមុខ នៃ​កិច្ចសហប្រតិ​បត្តិ​ការអំពី​ការងារ​​សាលាក្តីកាត់ទោ​សមេដឹកនាំខ្មែរក្រហម ​ដោយ​ភាគីកម្ពុជានៅតែបន្តគាំទ្រក្នុងការចូល​ រួមវិភាគទាន​បដិ​ភាគ​ដល់​សាលាក្តី​នេះ​​បន្តទៀត។



លោក ឯក ថា​ បានឲ្យដឹងទៀតថា នៅក្នុងជំនួបប្រជុំ រវាងភាគីកម្ពុជា និងភាគីអង្គការស​ហប្រជាជាតិ នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី   នាថ្ងៃទី១៧ខែវិច្ឆិកានេះ ឯកឧត្តមបណ្ឌិ​តសភាចារ្យ សុខ  អាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា​សម្រាប់​អង្គជំ​នុំជំរះវិសាមញ្ញក្នុងតុលា​ការកម្ពុជា បានជំរាបជូ ឯកឧត្តម Stephen Mathias ​ថាសម្រាប់៦ខែ នៅដើម​ឆ្នាំ២​០១៦ ​ខាង​មុខ​នេះ​​រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ថវិការបដិភាគប្រ​មាណជាង៤លានដុល្លារសហរដ្ឋអាមេរិក ​ដើម្បី​ប្រតិបត្តិ​ការប្រើ​ប្រាស់​នៅក្នុងអង្គជំនុំជំរះវិសាមញ្ញនៅក្នុងតុលាការនេះ និងបូកបញ្ចូ​​លសម្រាប់ប្រាក់ខែ របស់​បុគ្គលិកខាងភាគី​ជាតិ​កម្ពុជាផងដែរ។



ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិ​បាលកម្ពុជាក៏បានសំដែងការគាំទ្រដល់គណកម្មការ សម្រាប់រៃអង្គាស​ថវិកា​រជួយ​ទ្រ​ទ្រង់ដល់អង្គជំនុំជំរះវិសាមញ្ញ​នៅក្នុង​តុលា​ការនេះ​ ដើម្បីធ្វើ​យ៉ាង​ណាឲ្យ​អង្គ​ជំនុំជំរះវិសាមញ្ញនេះ​អាចដំ​ណើរ​ការ​ទៅ​សម្រេច​បាននូវកិច្ចការរបស់ខ្លួន ។



សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចសន្ទនានេះ ទាំងភាគីកម្ពុជាក៏ដូចភាគីរបស់អង្គការសហប្រជា​ជាតិគឺសុទ្ធតែបាន​សំដែង​នូវ​ការ ពេញចិត្តចំពោះលទ្ធផលដែលភាគីទាំងពីរបានធ្វើ កិច្ចសហការដ៏ល្អជា​មួយគ្នា ទាំងខាងចៅក្រមសើប​អង្កេតជាតិ និង​ចៅក្រម​សើបអង្កេតអន្តរជាតិ បាននិងកំពុងធ្វើការជាមួយ​គ្នាទៅតាមនីតិវិធីរបស់តុលាការយ៉ាងរ​លូនល្អនៅ​ក្នុងក្រប​ខណ្ឌនៃ​អង្គ​ជំនុំ​ជំរះ​​វិសាមញ្ញ​នៃតុលាការកម្ពុជានេះ។



ភាគីទាំងពីរក៏បា​នអបអរសាទរលើភាព ជោគជ័យនៃ​ ការផ្សព្វផ្សាយរបស់​អង្គជំនុំជំរះ​វិសាមញ្ញក្នុង​តុលាការកម្ពុជា​ដោយ​ទទួលបានមនុស្សជា​ង៣០ម៉ឺននាក់ មកចូលរួមតាមដាន​ស្តាប់​ នៅក្នុងដំណើរការ កាត់សេចក្តីនៃអង្គសវនា​ការរបស់​តុលា​ការ​នេះ។ ទន្ទឹមនិងនេះក៏មានដើមបណ្តឹង និងជនរងគ្រោះប្រមា​ណ៤ពាន់ នាក់ ដែលបានចូលរួមស​ហការដ៏ល្អ តាំងពី​ដើម​​​រៀងមកដែលបានជំរុញឲ្យ​ការេងាររបស់អង្គជំនុំជំរះវិសាមញ្ញ​នៅក្នុង​តុលា​ការកម្ពុជានេះ សម្រេចបាន លទ្ធផលជោគ​ជ័យជា​ប្រវត្តិ​​សាស្ត្រនៅក្នុងតុលាការកាត់ទោសឧក្រិដ្ឋកម្មធំៗជាអន្តរជាតិនេះ។

ភាគីទាំងពីរក៏បានពិភាក្សា អំពីភាពចាំបាច់ នៃ មជ្ឈ​មណ្ឌលរក្សាទុក​ឯកសារ​ ដែលជាជំនួយ​ឧបត្ថម​​​ពីរដ្ឋា​ភិបាល​ជប៉ុន មាន​ទឹកប្រាក់ប្រមាណ​ជាង២​លាន​ដុល្លារអាមេរិក​។ មជ្ឈ​មណ្ឌលនេះ និងបាន​ជាប្រយោជន៏​ក្នុងការប្រើប្រាស់​សម្រាប់​តម្កល់​ឯកសារ​ទាំងឡាយដែលបញ្ចេញដោយ​អង្គជំនុំ​ជំរះ​វិ​សាមញ្ញ​នៅក្នុងតុលា​ការកម្ពុជា ដើម្បីយកទៅថែរក្សាទុកនៅទីនោះ៕



អត្ថបទ៖ សុវណ្ណតារា