Wednesday, November 18, 2015

សេច​ក្តីថ្លែងការណ៍​រួម របស់ឯកឧត្តម ​សុខ អាន ឧ​បនាយ​ករដ្ឋមន្ត្រី និង ឯកឧត្តម Stephen ​Mathias ឧបកា​រីអគ្គ​លេ​ខាធិ​ការ ទទួលបន្ទុកកិ​ច្ចការច្បាប់ នៃអ​ង្គការសហប្រ​ជាជាតិ

សេចក្តីថ្លែងការណ៍រួម
របស់ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ  គណៈរដ្ឋមន្រ្តី
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកសាលាក្ដីខ្មែរក្រហម និង ឯកឧត្តម Stephen Mathias ឧបការីអគ្គលេខាធិការ​ ទទួលបន្ទុកកិច្ចការច្បាប់ នៃអង្គការសហប្រជាជាតិ
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥
ក្រោយពីកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ភាគីទាំងពីរបានស្វាគមន៍ចំពោះការ​ចាប់ផ្តើម​សវនាការ​​លើ​ បណ្តឹងសារទុក្ខក្នុងសំណុំរឿង ០០២/០១ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុតុលាការកម្ពុជា (អ.វ.ត.ក) និងការរីក​ចម្រើន​​​ផ្នែកកិច្ចការតុលាការរបស់ អ.វ.ត.ក។

ភាគីទាំងពីរទទួលស្គាល់នូវគុណតម្លៃនៃការចូលរួមចំណែករបស់ អ.វ.ត.ក ក្នុងផ្នែកការចូលរួម​របស់​ជនរង​​គ្រោះនិងផ្នែកកិច្ចការផ្សព្វ​ផ្សាយ​ ដែលក្នុងនោះរួមមានការចូលរួមយ៉ាង​ទូលំទូលាយ​នៅក្នុងសវនាការ​ជា​សាធារណៈ។ បទពិសោធន៍ក្នុងវិស័យទាំងនេះរបស់ អ.វ.ត.ក បានក្លាយជាចំណុចនាំមុខដ៏សំខាន់​ក្នុងការ​អភិវឌ្ឍនូវ​ការ​អនុវត្ត ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ។

ភាគីទាំងពីរបានពិភាក្សាគ្នាទៅលើទស្សនៈខុសគ្នាដែលកំពុងតែកើតមានជាបន្ត ដូចដែលបានរំលេចនៅ ក្នុង​លិខិត​​ឆ្លងឆ្លើយការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និង អ.ស.ប ទាក់ទងនឹងការ​អនុវត្ត​កាតព្វ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ពេញ​​ លេញដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបង្កើត​ អ.វ.ត.ក ពាក់ព័ន្ធនឹងសំណុំរឿងចំនួន២ ដែលបច្ចុប្បន្ន នេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត។ ភាគីទាំងពីរបានឯកភាព​គ្នា ថាការសម្រេចបាន​ឆាប់រហ័សនូវដំណោះស្រាយគួរជាទីពេញចិត្ត ដែលអនុលោមតាមលក្ខខណ្ឌដែលមានចែងនៅក្នុង​កិច្ចព្រមព្រៀង​នេះ គឺមានសារៈសំខាន់ ណាស់ជាមួយនឹងវិធានការពាក់ព័ន្ធនានា​នឹងត្រូវដាក់​ចេញ​​ ដោយរាជរដ្ឋាភិបាលកម្ពុជា។

ភាគីទាំងពីរ បានស្វាគមន៍ចំពោះសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់សំណើរបស់អគ្គលេខា ​ធិការ​ អ.ស.ប. ដាក់ជូនមហាសន្និបាត អ.ស.ប ទាក់ទងនឹងការឧបត្ថម្ភធនសម្រាប់ប្រតិបត្តិការរបស់ អ.វ.ត.ក ក្នុងឆ្នាំ២០១៦ ព្រមទាំងសុឆន្ទៈរបស់ខ្លួនក្នុងការបន្តផ្ដល់វិភាគទានគ្រប់គ្រាន់ និងដោយផ្ទាល់ដល់ភាគីជាតិ នៃ អ.វ.ត.ក ដើម្បីធានាឲ្យបានថវិកាគ្រប់គ្រាន់ ដោយពិចារណាទៅលើការចូលរួមវិភាគទានពីប្រទេស​ម្ចាស់ជំនួយ​អន្តរជាតិ​នានា។ ហើយសង្ឃឹមថាវិធានការទាំងនេះនឹងផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុ សម្រាប់ អ.វ.ត.ក ក្នុងឆ្នាំ២០១៦។

ឯកឧត្ដមឧបការីអគ្គលេខាធិការ អ.ស.ប មានសេចក្តីសោមនស្សរីករាយក្នុងការបំពេញទស្សនកិច្ចនៅ អ.វ.ត.ក. នៅពេលនេះ ដោយ​​​​ហេតុថា​នេះជាដំណាក់កាលសំខាន់នៃសំណុំរឿង ០០២/០១ ក្រោយពីការចូលរួម​​របស់ឯកឧត្តម​ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសសាលក្រម ក្នុងដំណើរការនី​តិវិធីកាលពីខែសីហា ឆ្នាំ២០១៤។ កិច្ចការរបស់ អ.វ.ត.ក នៅក្នុងផ្នែកនេះ បានឆ្លុះបញ្ចាំងអំពីការបេ្ដជ្ញាចិត្តរួមរវាងរាជរដ្ឋាភិបាលកម្ពុជា អ.ស.ប និងសហគមន៍អន្តរជាតិ ដើម្បីពង្រឹងការស្វែងរកយុត្តិធម៌ និងការទទួលខុសត្រូវលើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម។