Monday, November 16, 2015

លោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ រដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំគណៈកម្មការធិការអចិន្រ្តៃយ៍ រដ្ឋសភា ដោយក្នុងនោះមានរបៀបវារៈដូចជា៖ . ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០១៦ . សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ និង . សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍។ ជាពិសេសរបៀបវារៈអំពី ការពិនិត្យរបាយការណ៍ស្តីពីសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តន៍ទោសទៅលើទណ្ឌិត ឈ្មោះ សម រង្ស៊ី។
បន្ទាប់ពីបានបើកកិច្ចប្រជុំ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសដោយយោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត មាត្រា ១៣៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើស​​រើសតំណាងរាស្រ្ត ដោយបានឃើញសាលក្រមព្រហ្មទណ្ឌលេខ ៨៩ () ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ និងសាលដីកាស្ថាពរលេខ ១៧ ក្រ៥. ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍។
នៅក្នុងប្រការ១ នៃសេចក្តីប្រកាសនេះបានឱ្យដឹងថា ឯកឧត្តម សម រង្ស៊ី ត្រូវបាត់បង់នូវសិទ្ធិ បុព្វសិទ្ធិ និង សមាជិកភាពរដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥។
ដោយយោងតាមសេចក្តីប្រកាសនោះផងដែរ រដ្ឋសភាក៏បានណែនាំឱ្យអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវទទួលអនុវត្តនិងបិទផ្សាយសេចក្តីប្រកាសនេះក្នុងរដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ សាធារណជន បានដឹងយ៉ាងច្បាស់ថា ការអនុវត្តចំណាត់ការផ្លូវ ច្បាប់ណាមួយ ទៅលើលោក សម រង្ស៊ី ដូចជាករណីមានការចាប់ខ្លួនជាដើម គឺជាការធ្វើឡើងត្រឹមត្រូវតាម នីតិវិធី គឺចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដែលជាការអនុវត្តតាមអំណាចសាលដីកាស្ថាពរ មិនមែនជាការចាប់ ខ្លួនអ្នកតំណាងរាស្រ្តដូចមជ្ឍដ្ឋានមួយចំនួនបកស្រាយប្រាសចាកពីការពិតនោះឡើយ៕

អត្ថបទៈ តាំង ករុណា