បទអត្ថាធិប្បាយ
ដោយ៖
សួន ចំរើន
អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត
ជំនឿអរូបីយ
មិនមែនមានតែប្រជាពលរដ្ឋកម្ពុជានោះទេ ទាំងជាតិសាសន៍អឺរុប និងសាសន៍ដទៃលើពិភពលោក
ក៏មានជំនឿលើរឿងអរូបីយនេះដែរ ជាពិសេសប្រជាជនបារាំងតែម្តង
តែងជឿជាក់ថានឹងមានរឿងមិនល្អកើតឡើងមកលើពួកគេ នៅថ្ងៃសុក្រ
ទី១៣ ដែលជាថ្ងៃដ៏អាក្រក់បំផុតប្រចាំឆ្នាំ។ ព្រឹត្តិការណ៍បាញ់ប្រហារ
និងបំផ្ទុះគ្រាប់បែកដោយក្រុមភេរវករ នៅទីក្រុងប៉ារីស កាលពីយប់ថ្ងៃសុក្រ
ទី១៣ ខែវិច្ឆិកានេះ បានបង្កឲ្យមានមនុស្សស្លាប់ និងរបួសរាប់រយនាក់
ដែលធ្វើឲ្យលោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន
និងបិទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់។
ប្រហែលជាចំថ្ងៃសយបំផុត
របស់លោក សម រង្ស៊ី ដែរហើយមើលទៅ ព្រោះលោកក៏ជាជនជាតិបារាំងម្នាក់ដែរ
ហើយត្រូវបានតុលាការ ប្រកាសចាប់ខ្លួនដាក់ពន្ធនាគារ ចំថ្ងៃសុក្រ ទី១៣
ដែរ។
កាលពីរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា
ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក
សម រង្ស៊ី ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍ជាសាធារណៈ
និងញុះញង់ឲ្យមានការរើសអើង» ដែលមានលោក ហោ ណាំហុង ជាដើមបណ្តឹងដែលសុំឲ្យតុលាការអនុវត្តសាលក្រម
និងសាលដីកា ដែលលោកបានឈ្នះក្តីលើ លោក សម រង្ស៊ី ដែលប្រព្រឹត្តនៅសារមន្ទីរជើងឯក
សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ ហើយដែលនៅក្នុងសាលដីកាស្ថាពរនោះ
តុលាការបានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន
៨លានរៀល។
បើពិនិត្យមើលអង្គហេតុនៃរឿងនេះ
វាពិតជាបទល្មើសព្រហ្មទណ្ឌដែលកើតឡើង រវាងបុគ្គល និងបុគ្គលសុទ្ធសាធ
គឺមិនមែនជារឿងដែលទាក់ទងជាមួយសមាជិករាជរដ្ឋាភិបាល ឬជាមួយអ្នកតំណាងរាស្ត្រអីនោះទេ។
អ្នកនយោបាយខ្លះបែរជាមានមតិយល់ថា ករណីតុលាការចេញដីកាចាប់ខ្លួនលោក សម
រង្ស៊ី នៅពេលនេះគឺជារឿងនយោបាយទៅវិញ។
តាមពិតនេះគឺជារឿងក្តីដែលកើតឡើងតាំងពីឆ្នាំ២០០៨ មុនពេលដែលលោក សម
រង្ស៊ី មិនទាន់ក្លាយជាតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភាទៅទៀត។ ដូច្នេះការចេញដីកាបង្គាប់ឲ្យចាប់ខ្លួននេះគឺមិនមានការប៉ះពាល់ទៅដល់អ្នកតំណាងរាស្ត្រ
ឬប៉ះពាល់ដល់អភ័យឯកសិទ្ធិតំណាងរាស្ត្រអីនោះទេ។ អ្នកនយោបាយខ្លះទៀតក៏យល់ដែរថា
លោក សម រង្ស៊ី
បានទទួលការលើកលែងទោសដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្ររួចអស់ហើយដែរ
ប៉ុន្តែ តាមពិតវាជាការយល់ខុស ដោយមិនបានពិនិត្យមើលអត្ថន័យ
និងខ្លឹមសារនៃព្រះរាជក្រឹត្យឲ្យបានល្អិតល្អន់។
ការដែលមានព្រះរាជក្រឹត្យលើកលែងទោសលោក
សម រង្ស៊ី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ គឺបានបញ្ជាក់ថា «លើកលែងទោសឲ្យទណ្ឌិតឈ្មោះ
សម រង្ស៊ី ភេទប្រុស អាយុ៦២ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ
តាមអំណាចសាលដីកាលេខ៣២ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ របស់តុលាការកំពូល ដែលនេះគឺជាព្រះរាជក្រឹត្យលើកលែងទោសសម្រាប់បទល្មើសមួយករណី
និងមានការលើកលែងទោសមួយករណីទៀត តាមអំណាចសាលដីកាស្ថាពរដែរ លេខ៨៤
ក្រ៣ឃ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ របស់សាលាឧទ្ធរណ៍»។ នេះមានន័យថា
ព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ គឺរួមបញ្ចូលបទល្មើសតែពីរករណីប៉ុណ្ណោះ
ដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តិ គឺមិនរាប់បញ្ចូលនូវបទល្មើសទាំងអស់នោះទេ។
ចំណែកសំណុំរឿង
ដែលបានតតាំងគ្នាជាចុងក្រោយនៅឆ្នាំ២០០៨ រវាងលោក ហោ ណាំហុង និងលោក សម
រង្ស៊ី នៅសាលាឧទ្ធរណ៍ គឺជាសំណុំរឿងព្រហ្មទណ្ឌមួយផ្សេងទៀត ដែលលោក ហោ ណាំហុង ជាភាគីអ្នកឈ្នះក្តី
តាមសាលដីកាចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ មកម្ល៉េះ រហូតដល់សាលក្រមនេះបានចូលជាស្ថាពរ។
ដូច្នេះហើយទើបសាលដីកានេះ នៅតែមានអាជ្ញាយុកាលអនុវត្តមកដល់ពេលនេះ។ ដោយមិនទាន់បានអនុវត្តសាលដីកាស្ថាពរនេះនៅឡើយ
ទើបមេធាវីរបស់លោក ហោ ណាំហុង បានស្នើសុំ ដែលនាំឲ្យមានដីកាបង្គាប់ឲ្យចាប់ខ្លួនលោក
សម រង្ស៊ីនៅថ្ងៃសុក្រ ទី១៣ នេះដូច្នេះ។
តើការចេញដីកាចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី នៅពេលនេះ
គឺជារឿងខុសនីតិវិធីច្បាប់ ដោយមិនបានដកអភ័យឯកសិទ្ធិសភា ជាមុន
ឬយ៉ាងណា?
យោងមាត្រា១៤នៃច្បាប់ស្តីពីលក្ខន្តិកៈរបស់សមាជិកសភា
បានចែងច្បាស់ថា «តំណាងរាស្ត្រ ដែលមានសាលក្រមស្ថាពរ
ឬសាលដីកាស្ថាពរ សម្រេចថាជាទណ្ឌិតជាប់ពន្ធនាគារ
ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា»។
បើតាមអ្នកជំនាញច្បាប់បានបកស្រាយថា
ករណីចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី របស់តុលាការ
គឺជាដែនសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ចំណែកពាក់ព័ន្ធនឹងករណីការពារអភ័យឯកសិទិ្ធរបស់
លោក សម រង្ស៊ី គឺជាដែនសមត្ថកិច្ចការពារពីសំណាក់រដ្ឋសភា ព្រោះលោក សម រង្ស៊ី
បានប្រព្រឹត្តបទល្មើសបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ពីសំណាក់បណ្តឹងរបស់លោក
ហោ ណាំហុង កាលពីឆ្នាំ២០០៨ ហើយជាបទល្មើសព្រហ្មទណ្ឌ មិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
ករណីដែលតុលាការចេញដីកាចាប់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ គឺជានីតិវិធីបន្តរបស់តុលាការ
តាមការស្នើសុំរបស់គូភាគីប៉ុណ្ណោះ។
ផ្អែកតាមច្បាប់លក្ខន្តិកៈរបស់តំណាងរាស្ត្រ
និងនីតិវិធីរបស់តុលាការ ដែលបានចែងច្បាស់នោះ សមត្ថកិច្ចពិតជាអាចចាប់ខ្លួនទណ្ឌិត
សម រង្ស៊ី បានដោយរលូន ប្រសិនបើលោក សម រង្ស៊ី
ពិតជានឹងត្រឡប់មកពីក្រៅស្រុកវិញនៅថ្ងៃទី១៦ ខែវិច្ឆិកាមែននោះ។
រួមសេចក្តីមក
រឿងរ៉ាវដែលបង្កើតជាគ្រោះសម្រាប់លោក សម រង្ស៊ី នៅពេលនេះ គឺវាបានកើតឡើងដោយសារតែអណ្តាត
អត់ឆ្អឹង និងមាត់អត់គម្រប់របស់លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ៕