យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការក្រមប្រតិបត្តិអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ពិធីនេះរៀបចំឡើងនៅបរិវេណទីធ្លាខាងមុខប្រាសាទអង្គរវត្ត។ ដូច្នេះដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលដល់ការរៀបចំកម្មវិធី អាជ្ញាធរជាតិអប្សរា នឹងធ្វើការប្ដូរទិសចរាចរណ៍ផ្លូវ នៅខាងមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង៦:០០នាទីព្រឹក រហូតដល់ចប់កម្មវិធី។
ការប្តូរទិសចរាចរណ៍នៅមុខប្រាសាទអង្គរវត្តនេះ គឺនឹងមានការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់ យានជំនិះគ្រប់ប្រភេទចូលទីលានខាងមុខប្រាសាទអង្គរវត្ត តាមច្រកចូលទាំង៣គឺចំណុចកែងផ្លូវ ប៉មយាមនគរបាលបេតិកភណ្ឌ ចំណុចកែងផ្លូវមកពីព្រលានយន្តហោះ និងចំណុចកែងផ្លូវខាងជើង ត្រពាំងសេះ។ ទីលានមុខប្រាសាទអង្គរវត្ត អនុញ្ញាតតែចំពោះដំណើរថ្មើរជើងប៉ុណ្ណោះ។
ជាមួយគ្នានេះ ផ្លូវចាប់ពីចំណុចកែងចំបក់កំណប់បត់កែងកសិណខាងលិចអង្គរវត្ត ទៅជើងទល់នឹង ប៉មយាមនគរបាលបេតិកភណ្ឌ បត់ទៅលិចទល់នឹងផ្លូវថ្មី ត្រូវបង្វែរជាផ្លូវឯកទិស (ពីកើតទៅលិច) ហើយយានជំនិះគ្រប់ប្រភេទ ដែលត្រឡប់មកពីអង្គរធំ ឬភ្នំបាខែង ត្រូវបើកបរតាមផ្លូវវាងត្រពាំងសេះ មកទិសខាងលិច បត់ទៅផ្លូវព្រលានយន្តហោះ ឬទៅខាងត្បូងតាមផ្លូវថ្មីឆ្ពោះទៅផ្លូវកូម៉ៃ៕