សហភាពសហព័ន្ធយុវជនកម្ពុជា បានរំលឹកថា កាលពី៣៧ឆ្នាំមុន អតីតយុវជនកម្ពុជាដែលប្រឈមមុខ នឹងការសម្លាប់រង្គាល ការបំផ្លិចបំផ្លាញប្រទេសផ្ទើរតែទាំងស្រុង បានមូលផ្គុំជាសមាគមយុវជនសាមគ្គី សង្គ្រោះជាតិកម្ពុជា ចូលរួមក្រោកឡើងតស៊ូ រំដោះ និងសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីនរកអវីចី នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ក្នុងរយៈពេល៣៧ឆ្នាំមកនេះ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសហភាពសហព័ន្ធយុវជន កម្ពុជាជាបន្តបន្ទាប់ បានចូលរួមយ៉ាងសកម្មក្នុងការរំដោះប្រទេសចេញពីជ្រោះមរណៈ ការស្វែងរក និងរក្សាសន្តិភាពស្ថិរភាព ការស្តារ និងកសាងឡើងវិញនៃប្រទេសកម្ពុជា ការលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិនិងការសម្រេចបានសមិទ្ធផលដ៏ធំធេងថ្មីៗ។ ដោយឈរលើស្មារតី ២ធ្នូ ពោលគឺស្មារតី រួបរួមសាមគ្គីភាព ការលះបង់ខ្ពស់ ជាមួយសមត្ថភាព ចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើប ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងបន្តមាគ៌ានេះ ដើម្បីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសគឺ ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការងារសង្គម មនុស្សធម៌ និងវប្បធម៌។
សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអំពាវនាវដល់យុវជនទាំងអស់ សូមចូលរួមជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជា គឺរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីឲ្យកម្ពុជាកាន់តែរឹងមាំ និងរុងរឿង ព្រោះការរួបរួមគ្នានេះ នឹងផ្តល់ឲ្យយុវជនជំនាន់ក្រោយ ទទួលបាននូវកាលានុវត្តភាព និងឱកាសអប់រំ ការងារ កិត្តិយស ព្រមទាំងភាពសុខដុមរមនាកាន់តែល្អ ប្រសើរឡើង៕