ស្ថានភាពវិវត្តន៍យ៉ាងឆាប់រហ័ស និងគួរឱ្យភ្ញាក់ផ្អើលផ្នែកនយោបាយ របស់កម្ពុជាថ្មីៗនេះ បានធ្វើឱ្យអ្នកសង្កេតការណ៍ និងមន្រ្តីការទូតបរទេសព្រមទាំងអ្នក នយោបាយ និងអ្នកវិភាគក្នុង ស្រុកបានចោទជាសំនួរថា “តើមានរឿងអ្វីកើតឡើងនៅកម្ពុជា?”
ចំពោះមនុស្សដែលមិនដឹង និងមិនយល់ច្បាស់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមិនអាច យល់ពីស្ថានភាពនេះទេ ប៉ុន្តែនៅពេលគេស្វែងយល់ពីឬសគល់ និងវិភាគលើអត្តចរិត របស់លោក ហ៊ុន សែន នោះគេប្រាកដជាមើលឃើញយ៉ាងច្បាស់ពីស្ថានភាពបច្ចុប្បន្ន។
រដ្ឋបុរសដ៏ឈ្លាសវៃម្នាក់នេះ តែងតែធ្វើមិនឱ្យគេប៉ាន់ស្មានបានទុកជាមុន ពីសម្មភាពរបស់ គាត់ឡើយ។ នេះជាភាពប៉ិនប្រសប់ និងគំនិតច្នៃប្រឌិត របស់គាត់ពីកំណើត ប៉ុន្តែពេលខ្លះ វាក៏ជាគំនិតរបស់ទីប្រឹក្សា ជាច្រើនដែលនៅពីក្រោយឆាកផងដែរ។
គុណសម្បត្តិរបស់គាត់មួយទៀត ដែលគាត់មានលើសគូបដិបក្ខបច្ចុប្បន្ន និងអតីតកាល គឺសេចក្ដីក្លាហានរបស់គាត់។ គាត់មិនដែលភ័យខ្លាចនឹងការដាក់ខ្លួន ក្នុងស្ថានភាពលំបាក នោះទេ ដូចជានៅពេល ដែលគាត់ដឹកនាំកងកម្លាំងប្រដាប់អាវុធទៅចាប់ខ្លួនលោក ប៉ែន សុវណ្ណ ដើម្បីសម្អាតផ្លូវរបស់គាត់ ឈានទៅកាន់តំណែងកំពូលនាដើមទសវត្ស៨០ ការដឹកនាំក្រុម របស់គាត់ ដើម្បីចរចាកិច្ចព្រមព្រៀង សន្តិភាព ជាមួយសម្ដេចសីហនុ និងរដ្ឋាភិបាលត្រីភាគី នាចុងទសវត្សទី៨០ ការប្រជែងជាមួយ គណបក្សហ៊្វុន ស៊ីនប៉ិច ដើម្បីរក្សាតំណែងជា នាយករដ្ឋមន្រ្តីទី២ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ការតស៊ូនៅក្នុងជម្លោះ ប្រដាប់អាវុធជាចំហជាមួយព្រះអង្គម្ចាស់ រណឬទ្ធិ ក្នុងឆ្នាំ១៩៩៧ ហើយក្រោយមកគាត់ជា មេបញ្ជាការ ដែលបើកប្រើសិទ្ធិស្វ័យការពារតាមផ្លូវយោធាទប់ទល់នឹងការឈ្លានពានពីសំណាក់ប្រទេសថៃនៅតំបន់ប្រាសាទព្រះវិហារ និងនៅតាមព្រំដែនខាងជើង។
សេចក្ដីក្លាហាន និងអាកប្បកិរិយាដែលមិនអាចស្មានទុកមុនរបស់គាត់ តែងតែនាំមកនូវជ័យជំនះ ដល់គាត់ជានិច្ច។ តើគាត់មានសំណាងជាងគេ ឬយ៉ាងណា?គេអាចថាដូច្នេះក៏បានដែរ! សំណាងតែងតែដើរ តួសំខាន់ក្នុងជីវិតម្នាក់ៗ ហើយសំណាងតែងតែលម្អៀងទៅរកអ្នក ដែលបានត្រៀមខ្លួនជាមុន។ ប៉ុន្តែសម្រាប់នយោបាយនិងយុទ្ធសាស្រ្តជាតិ ការពឹងផ្អែកលើ សំណាងត្រូវតែបង្រួមឱ្យតូចបំផុត។ តាមការពិត លោក ហ៊ុន សែនតែងតែមានសន្លឹកបៀរ ជាច្រើនលាក់ទុកលេង ពេលមានតម្រូវការ ប៉ុន្តែមិនមែនមាន ន័យថាគាត់លួចបន្លំនោះទេ។
គេនៅចាំបានថាក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយ សម្ដេច សីហនុ អំឡុងពេលចរចារ សន្តិភាព នាទសវត្សឆ្នាំ៨០ សម្ដេច សីហនុ បាននិយាយទៅអ្នកកាសែតជាភាសាបារាំងថា គាត់លេងបៀដាក់លើ តុទាំងអស់"jouer cartes sur table" ហើយលោកសូមឱ្យលោកហ៊ុន សែន ធ្វើដូចគ្នាដែរ។ ប៉ុន្តែ ការបក ប្រែតាមន័យត្រង់ពាក្យ “cartes sur table” នោះមានន័យថា សូមបង្ហាញសន្លឹកបៀទាំងអស់ ដែល ការណ៍នេះត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោល។ គាត់ចង់រក្សាសន្លឹកបៀក្នុងដៃ ខ្លះទុកសម្រាប់លេងពេលក្រោយ។
ត្រឡប់មកស្ថានភាពបច្ចុប្បន្នវិញ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ចំពោះការដកតំណែង អនុប្រធាន រដ្ឋសភារបស់លោក កឹម សុខា និងការបង្ខំអនុវត្តសាលដីការបស់សាលាឧទ្ធរណ៍ លើប្រធានគណបក្ស សង្គ្រោះជាតិលោក សម រង្ស៊ី។ លោក ហ៊ុន សែន បានព្រមាន ជាច្រើនលើកច្រើនសារួចមកហើយ ពីការដកតំណែងអនុប្រធានរដ្ឋសភារបស់លោក កឹម សុខា ព្រោះតំណែងនេះគាត់ បានមកពីសន្លឹកឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ហើយគាត់ក៏អាច ត្រូវទម្លាក់ចេញវិញ ដោយសន្លឹកឆ្នោតគណបក្ស ប្រជាជនដែរ ថែមទាំងដោយគ្មានប៉ះពាល់ ដល់កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៤ទៀតផង ដោយហេតុថាក្នុងកិច្ចព្រមព្រៀងនោះ គេមិនបានបញ្ជាក់ថានរណាត្រូវតែជាអនុប្រធានរដ្ឋសភា ឬប្រធាន គណៈកម្មការផ្សេងៗ នៅក្នុងរដ្ឋសភា និងព្រឹទ្ធសភានោះទេ គឺគ្រាន់តែកំណត់ថា គណបក្សមួយណា មានកូតាចំនួន ប៉ុន្មានតែប៉ុណ្ណោះ។
ការរៀបចំសន្លឹកបៀរទុកនេះ ក៏ប្រហែលមានដូចគ្នាដែរចំពោះករណីលើកលែង ទោសរបស់ លោក សម រង្ស៊ី។ព្រះរាជក្រឹត្យបានបញ្ជាក់ច្បាស់ថា ទោសមួយណាដែលត្រូវបានលើកលែង ប៉ុន្តែទោសដែលពាក់ ព័ន្ធនឹងរឿងក្ដីជាមួយលោក ហោ ណាំហុង មិនត្រូវបានដាក់បញ្ចូល ឱ្យលើកលែងទេ។ តើជាការធ្វើដោយ ចេតនាឬអត់គ្មាននណាអាចដឹងបានឡើយ។ តែគ្រប់គ្នា ដឹងថា គ្រប់យ៉ាងទាក់ទងនឹងច្បាប់ ឬបទប្បញ្ញត្តិ ផ្សេងៗ ត្រូវតែមានការពិនិត្យឱ្យបានល្អិតល្អន់ ព្រោះអន្ទាក់គេដាក់នៅក្នុងសេចក្តីលម្អិតនេះឯង តែមនុស្ស គណបក្សសង្គ្រោះជាតិ និងទីប្រឹក្សា បរទេសរបស់ពួកគេ ហាក់បីដូចជាមិនមានសមត្ថភាព ឬមានការ យកចិត្តទុកដាក់គ្រប់គ្រាន់ដើម្បីគេចពីអន្ទាក់នេះសោះ។
ការអសមត្ថភាពនេះ បានធ្វើឱ្យគណបក្សសង្គ្រោះជាតិខាតបង់យ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើពួកគេ អាចឡើង កាន់អំណាច ការខ្វះចន្លោះផ្លូវច្បាប់បែបនេះនឹងធ្វើឱ្យជាតិទាំងមូលខាតបង់ប្រយោជន៍ ឬធ្លាក់ក្នុងគ្រោះ ថ្នាក់ផងមិនដឹង។ ដូចនេះ តើនឹងមានអ្វីកើតឡើងក្នុងពេលខាងមុខ? មិនខុសពីកាលឆ្នាំ១៩៩៧ ទេ លោក ហ៊ុន សែន នឹងមិនធ្វើរដ្ឋប្រហារឡើយ។ ស្តេចអុករូបនេះ តែងកំចាត់កូនអុកដែលគំរាមខ្លួន ហើយដាក់អង្គស្ដេច គូប្រឆាំងនិងបិទផ្លូវ ទូក គោ សេះ របស់សត្រូវឱ្យដើរជាន់ជើងគ្នា។ បើនិយាយពីស្តេចបៀវិញគាត់កាន់លាក់សន្លឹកបៀបានយ៉ាងល្អ ដោយមិនឱ្យនរណាម្នាក់អាចដឹងថា គាត់កាន់បៀអ្វីក្នុងដៃ ឬគាត់នឹងលេងសន្លឹកបៀគាត់របៀបណាឡើយ។ កុំថាឡើយតែគូបដិបក្ខរបស់គាត់ ឬទីប្រឹក្សាបរទេសរបស់លោក សម រង្ស៊ី សូម្បីតែក្រុមជំនិត បំផុតរបស់លោក ហ៊ុន សែន ផ្ទាល់ក៏មិនអាចដឹងដោយជាក់ច្បាស់ថា លោកនឹងលេងសន្លឹកបៀណាដែរព្រោះតែផែនការអាចផ្លាស់ប្ដូរគ្រប់ពេលវេលា។
ដោយសារតែភាពមិនច្បាស់លាស់បែបនេះគ្មាននរណាម្នាក់អាចផ្ដល់យោបល់ឱ្យលោក សម រង្ស៊ី ថាត្រូវ ធ្វើបែបណានោះទេ សូម្បីតែមិត្តភក្ដិការទូតជិតស្និទ្ធរបស់គាត់ក៏មិនហ៊ានប្រថុយដែរ។ គ្មាននរណាម្នាក់ អាចធានាបានថា លោក សម រង្ស៊ី អាចគេចផុតពីការជាប់ពន្ធនាគារ ឬថាការជាប់ពន្ធនាគារ អាចផ្ដល់ ផលល្អសម្រាប់ចលនារបស់គាត់នាពេលអនាគតនោះទេ។
ជាការពិតលោក សម រង្ស៊ី នៅតែជាក្បាលម៉ាស៊ីនរបស់គណបក្សប្រឆាំង ដោយគ្មាននរណា ផ្សេងមកជំនួសបាន។ សេរីភាពរបស់លោក សម រង្ស៊ី មានសារៈសំខាន់ណាស់ ដើម្បីការធានា ឯកភាពរួម របស់គណបក្សទោះក្នុងសភាពលោកជានិរទេសជនក៏ដោយ ។ ក៏ប៉ុន្តែនៅពេល ដែលលោកស្ថិតក្នុងពន្ធនាគារ នោះគណបក្សនឹងបែកបាក់។
ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់ហ៊ានផ្ដល់យោបល់ឱ្យលោកសម រង្ស៊ី វិល ត្រឡប់ មកកម្ពុជាវិញ។ ម្យ៉ាងវិញទៀត អាយុលោក សម រង្ស៊ី កាន់តែចាស់គួបផ្សំនឹង ការបាក់ស្បាតរបស់គាត់កាលពីវ័យក្មេងនៅក្នុងជំរំជនភៀសខ្លួន របស់វៀតណាមផងនោះ ប្រហែលជាគាត់មិនហ៊ានប្រថុយជាប់ ពន្ធនាគារទេ។
តើលោក ហ៊ុន សែន ត្រៀមដាក់លោកសម រង្ស៊ី ក្នុងពន្ធនាគារពិតមែនឬទេ? បើទោះបីជាវាហាក់ ដូចជាគួរឱ្យអស់សំណើច ដែលកំហុសបច្ចេកទេសក្នុងការលើកលែងទោសលោក សម រង្ស៊ី បាននាំឱ្យ មានមោឃភាពលើការតែងតាំងជាសមាជិកសភារបស់លោក សម រង្ស៊ី ក៏ដោយ ក៏វាមិនមែនបញ្ហា ចំពោះ លោក ហ៊ុនសែន នោះទេ ដោយសារនៅលើឆាកអន្តរជាតិ មានទិដ្ឋភាពអាក្រក់ជាងប្រទេសកម្ពុជា ទៅទៀត។
ដូចជាករណីប្រទេសថៃ រដ្ឋាភិបាលដែលកើតចេញពីរដ្ឋប្រហារយោធា តែងតែធ្វើទុក្ខបុកម្នេញ អតីត នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា និងសមាជិកគណបក្សគាត់តាមរយ:តុលាការ។ ករណីប្រទេស ម៉ាឡេស៊ីប្រធានគណបក្សប្រឆាំងនៅជាប់ពន្ធនាគារនៅឡើយ។ នេះគឺជាបញ្ហា ដែលកំពុងកើតឡើង ក្រោមការបិទភ្នែកមើលមិនឃើញពីសំណាក់លោកខាងលិច។
បើប្រៀបធៀបនឹងករណីខាងលើ ករណីកម្ពុជារបស់លោក ហ៊ុន សែន មិនអាក្រក់លើសគេទេ។ ប៉ុន្តែការដាក់លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ និងការកំទេចគណបក្សសង្រ្គោះជាតិ ក៏មិនអាចធានា ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាបានដែរ ពិសេសក្នុងរយៈពេលយូរ អង្វែងប្រសិនបើគ្មានកំណែទម្រង់នោះទេ។ ហើយការបំផ្លាញគណបក្សប្រឆាំងនេះ នឹងក្លាយ ជាគ្រោះថ្នាក់ដល់ប្រទេសជាតិថែមទៀតផង។ លោក ហ៊ុនសែន បានដឹងរឿងនេះច្បាស់ ណាស់។
កំណែទម្រង់ គឺជាសន្លឹកបៀបន្ទាប់ដែលគាត់នឹងលេងបន្ទាប់ពីសន្លឹកបៀ "ដាក់គុកលោក សម រង្ស៊ី"។ជ័យជំនះ៩០អសនៈរបស់គណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៤ គឺជាមេរៀនយ៉ាង ជូរចត់មួយ សម្រាប់លោក ហ៊ុន សែន។ គាត់ដឹងថា ប្រសិនបើរដ្ឋមន្រ្តី និងឧត្ដមសេនីយ៍ របស់គាត់មានអារម្មណ៍សុវត្ថិភាពគ្រប់គ្រាន់នោះពួកគេនឹងរំលោភអំណាចដើម្បីភាពមានបាន។
ជាទូទៅ ការលោភលន់គ្មានព្រំដែននោះទេ។ ការរំលោភអំណាច និងភាពអសកម្មរបស់មន្រ្តី នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា បាត់បង់ប្រជាប្រិយភាព ហើយឈានទៅដល់ការរលំរលាយ ដោយយកទាំង ប្រទេសជាតិទាំងមូលទៅផងដែរ ព្រោះនៅពេលប្រជាជនគ្មានជម្រើស និងអស់ជំនឿហើយ វាមិនចាំ បាច់មានបរទេសរៀបចំជាបដិវត្តន៍ពណ៌នោះទេ ប៉ុន្តែបដិវត្តន៍ របស់ប្រជាជន នឹងកើតឡើងតែម្តង! ដូច្នេះ មានតែការកំណែទម្រង់ទេ ដែលអាចសង្គ្រោះ គណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូលបាន។
មូលហេតុដែលលោក ហ៊ុន សែន ត្រូវតែដាក់លោក សម រង្ស៊ី ក្នុងពន្ធនាគារ និងធ្វើឱ្យ គណបក្សប្រឆាំង ទន់ខ្សោយ គឺដោយសារតែគណបក្សប្រឆាំងនេះ ជាដើមឫសបង្អាក់ ដល់ការកែទម្រង់ពិតប្រាកដ។
យុទ្ធនាការឃោសនា និងការវាយប្រហារឥតឈប់ឈរបស់គណបក្សប្រឆាំង បានរារាំង លោកហ៊ុន សែនមិនឱ្យចាត់វិធានការកែទម្រង់ពិបាកៗ ពីព្រោះវិធានការមួយចំនួន នឹងអាច ប៉ះពាល់ធ្ងន់ធ្ងរ ដល់មន្ត្រីធំៗរបស់បក្ស ហើយមួយចំនួនទៀត នឹងប៉ះពាល់ដល់មន្រ្តី គណបក្សប្រជាជនកម្ពុជាជាទូទៅដែលអសកម្ម។
ដរាបណាគណបក្សប្រឆាំងនៅតែប្រកាន់ ឥរិយាបថឱកាសនិយម លោក ហ៊ុន សែន មិនអាចធ្វេស ប្រហែសឬធ្វើឱ្យអ្នកគាំទ្ររបស់គាត់បាក់ទឹកចិត្តនោះទេ។ លោកត្រូវតែរក្សា សាមគ្គីភាព ផ្ទៃក្នុងរបស់ គណបក្ស។
ប៉ុន្តែនៅពេលគណបក្សប្រឆាំងបានចុះខ្សោយ កំណែទម្រង់ស៊ីជម្រៅពិតប្រាកដ នឹងអាចចាប់ ផ្ដើមបាន។ហើយអ្នកមិនដើរតាមការកែទម្រង់នេះ នឹងមិនមានផលល្អឡើយ។ ពេលដែល គណបក្សប្រឆាំងអស់លក្ខណ៍កំណែទម្រង់បន្ទាន់នោះ គឺយុត្តិធម៌សង្គម តាមរយៈការអនុវត្ត ច្បាប់ ពង្រឹងស្ថាប័ន និងបង្កើត គោលនយោបាយប្រទាក់ក្រឡា ដើម្បីការអភិវឌ្ឍពិតប្រាកដ។
នេះស្ដាប់ទៅដូចជាកម្មវិធីរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសតតីយលោកអញ្ចឹង ប៉ុន្តែវាមិនមែន ជាពាក្យសម្ដីនិយាយចោលនោះទេ នៅពេលដែលគេអនុវត្តដោយឆន្ទៈ នយោបាយមុតមាំ តាមការចង្អុលបង្ហាញរបស់បុរសខ្លាំង ជាមួយក្រុមមនុស្សដ៏មាន សក្ដានុពល។
ទីបញ្ចប់ ការប្តូរគ្នារវាងគណបក្សប្រឆាំងប្រជាភិថុតិ និងការធ្វើកំណែទម្រង់ពិតប្រាកដនោះ គួរត្រូវបានគេយកមកពិចារណា។ តើយើងគួរជ្រើសរើសកំណែទម្រង់ស៊ីជម្រៅ ឬរូបភាពជា ប្រទេសប្រជាធិបតេយ្យ?