ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាន នៅក្រោយ ជំនួបនេះថា នៅក្នុងជំនួបនេះ គណៈប្រតិភូបច្ចេកទេស បានគោរពរាយការណ៍ជូនសម្តេចតេជោថា បន្ទាប់ពីរាជរដ្ឋាភិបាលបានជ្រើសរើសយក ជម្រើសសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោហើយ ក្រុម ប្រឹក្សាបច្ចេកទេសបានរៀបចំកែសម្រួល ដាក់បញ្ចូលរចនាបទផ្ការំដួល ដែលឆ្លុះបញ្ចាំង អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពហុកីឡដ្ឋានជាតិនេះផងដែរ។លោកជំទាវបានបន្តថា ពហុកីឡដ្ឋានជាតិនេះ ត្រូវបានសាង់សង់មានដំបូល ដែលអាចចាំងពន្លឺ និងខ្យល់ចេញចូលបាន ដើម្បីធ្វើយ៉ាងណាឲ្យមានពន្លឺ និងខ្យល់ត្រជាក់នៅក្នុងនោះ ដោយមានស្រះទឹកព័ទ្ធជុំវិញ ហើយអាចទទួលទស្សនិកជន បានប្រមាណ៦ម៉ឺននាក់។ ជារួមស្ថាបត្យកម្មពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានឆ្លុះបញ្ជាំងពីវប្បធម៌ខ្មែរពិតៗ និងបរិស្ថានបៃតង បន្ថែមទៅដោយរចនានិងការធ្វើចរាចរណ៍យ៉ាងងាយស្រួល។
ជាមួយគ្នានេះពហុកីឡដ្ឋានជាតិនេះ អាចធ្វើជាកន្លែងប្រគុំតន្រ្តីការិយាល័យធ្វើការ កីឡាបាល់ទាត់ កន្លែងតាំងពិព័រណ៌ អត្តពលកម្មទៀតសោតគឺអាចជួលសម្រាប់ទាញយកកំរៃ ដើម្បីយកមកថែទាំពហុកីឡដ្ឋានជាតិដោយខ្លួនឯង។ លោកជំទាវបានបញ្ជាក់ថា បើតាមគម្រោងនៃសាងសង់ពហុកីឡដ្ឋានមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមឆ្នាំ២០២០។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ការជ្រើសរើសគំរូប្លង់ដោយយកលំនាំតាមរាងសំពៅ គឺមានមូលហេតុថា ប្រវត្តិសាស្ត្រចិនធ្វើទំនាក់ទំនង ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់សំពៅ ។ បន្ថែមលើសពីនេះ យុទ្ធសាស្ត្រថ្មីរបស់ចិន គឺផ្លូវសូត្រសមុទ្រសតវត្សន៍ទី២១ រួមទាំងនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយផងដែរ ។មូលហេតុនេះហើយបានជាសម្តេចជ្រើសរើសគំរូប្លង់ជារាងសំពៅនេះ។ សម្តេចបានសម្តែងនូវការរីករាយ ដែលក្រុមបច្ចេកទេសបានយកចិត្តទុកដាក់ទៅលើបញ្ហាជម្លៀស និងថែទាំពហុកីឡដ្ឋានជាតិនេះ។ សម្តេចបានបន្តថា តាមបទពិសោធន៍កន្លងមក ការសាងសង់គឺជារឿងលំបាកមួយហើយ ប៉ុន្តែការថែទាំគឺជារឿងលំបាកមួយទៀត៕