លោកជំទាវ ឧបបាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៌បន្តថា សុខមាលភាពជនពិការត្រូវបាន កែលម្អរឲ្យប្រសើរឡើងស្របតាមដំណើរការនៃការអភិវឌ្ឍន៌ប្រទេស។ លោកជំទាវបន្ថែមថាជនពិការ ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើស ឲ្យចូលបំរើការងារតាមក្រសួងស្ថាប័នរដ្ឋចំនួន៤០។ រាជរដ្ឋាភិបាល បានផ្តល់ដីធ្លីជូនយោធិនពិការ នៅតំបន់អភិវឌ្ឍជនពិការ ៣២៧ តាកែនកោះស្លា ស្រុកឈូក ខេត្តកំពត និងស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅដ្ឋាន និងធ្វើអាជីវកម្មកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅសហគមន៌ ដើម្បីចូលរួមចំណែកជួយជនពិការក្រីក្រ និងលើកំពស់ជីវភាព។
នៅក្នុងឱកាសប្រារព្ធជនពិការនៅថ្ងៃនេះដែរ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៌លើកឡើងថា បច្ចុប្បន្នចំនួនជនពិការនៅកម្ពុជាមានចំនួនថយចុះ ដោយាសារសង្គ្រាមត្រូវបានបញ្ចប់ កំនើនសេដ្ឋកិច្ច បានរួមចំណែកកាត់បន្ថយអត្រាជនពិការ កម្មវិធីបង្កាពិការភាពដល់ប្រជាពលរដ្ឋគ្រប់រូប លទ្ធភាពនៃ ការដោះមីន និងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៌ជាដើម។ ជនពិការមានសមត្ថភាពចូលរួមប្រកួតប្រជែង ក្នុងទីផ្សារពលកម្ម អាចរកប្រាក់ចំណូលដើម្បីធានានិរន្តភាពជីវភាព និងសេចក្តីថ្លៃថ្នូរតាមរយៈ ការបណ្តុះបណ្តាលសមត្ថភាពជនពិការ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៌បន្តថា រាជរដ្ឋាភិបាលបានជំរុញការអនុ វត្តច្បាប់ស្តីពីសិទ្ធិជនពិការ ជាក់ស្តែងក្នុងឆ្នាំ២០១៥នេះ មានជនពិការចំនួន២៣២០នាក់ បានចូលបំរើការងារក្នុងស្ថាប័នរដ្ឋចំនួន៤០។ ជនពិការប្រមាណ២ម៉ឺននាក់ បានទទួលស្តារលទ្ធភាពពលកម្មកាយសម្បទាដោយឥតគិតថ្លៃ។ ជនពិការ មានសមត្ថភាពរកប្រាក់ចំណូល សម្រាប់លើកស្ទួយជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារប្រមាណ២ម៉ឺនគ្រួសារ ព្រមទាំងចងក្រងក្រុមជួយខ្លួនឯងនៃជនពិការចំនួន ១៩៥៥ក្រុម ជនពិការបានទទទួលការបណ្តុះបណ្តាល សមត្ថភាពជំនាញមានចំនួន១៦៩៣១នាក់ផងដែរ៕