Thursday, October 8, 2015

មតិប្រតិកម្មរបស់បុគ្គលិកសិក្សា សិស្ស និស្សិត ចំពោះមេបក្សសង្គ្រោះជាតិ!

ព័ត៌មាន​ទាន់​ហេតុការណ៍!
មតិប្រតិកម្មរបស់បុគ្គលិកសិក្សា សិស្ស និស្សិត ចំ​ពោះ​មេបក្ស​សង្គ្រោះ​ជាតិ!
សិស្ស និស្សិត លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ បញ្ញាវ័ន្ដ ដែលមានសញ្ញាប័ត្រនៅស្រុកខ្មែរចាត់ទុក​សំដី​លោកសម រង្ស៊ី ថា ជាការប្រមាថដល់បញ្ញវ័ន្ដខ្មែរ!
បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានរិះគន់សញ្ញបត្រនៅស្រុកខ្មែរថា គ្មានគុណភាព​រួច​មក សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបញ្ញាវ័ន្ដ ដែលរៀនបានសញ្ញាប័ត្រនៅ​កម្ពុជាបានចាត់ទុកសំដីលោក សម រង្ស៊ី ថា ជាការប្រមាថទៅលើពួកគាត់យ៉ាងខ្លាំង។
ប្រធានគណបក្សសង្គ្រោះជាតិ បានប្រមាថសញ្ញាបត្រដែលរៀននៅស្រុកខ្មែរ ដូចនេះ បើសង្គ្រោះជាតិ​ឈ្នះ​​​ឆ្នោតពួកខ្ញុំជាសាស្ត្រាចារ្យ និស្សិត សិស្ស អ្នកគ្រូ លោកគ្រូ ទាំងអស់គ្នាប្រហែលមិនមានការ​ងារ​ធ្វើ​ទេ ព្រោះគាត់យកតែអ្នករៀននៅក្រៅប្រទេស! ពិតជាភ័យណាស់ មានតែបន់កុំឲ្យគាត់ឈ្នះឆ្នោតតែម្ដង​។
​នេះជាសំណេរនៅក្នុងគណនីហ្វេសបុករបស់សាស្ត្រាចារ្យម្នាក់ ដែលបង្រៀនមុខវិជ្ជាច្បាប់ នៅតាម​បណ្ដា​មហាវិទ្យាល័យច្បាប់នៅកម្ពុជា។ សាស្ត្រាចារ្យច្បាប់រូបនេះ មានសរសេរនៅក្នុងវង់ក្រចកនៃ​អត្ថ​បទ​​របស់គាត់ថា មាត់អត់គំរប។ ន័យនេះ គឺចង់សំដៅទៅលើប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលបានមើលងាយចំពោះសញ្ញាប័ត្រនៅស្រុកខ្មែរ។
ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​មក​លើ​វិស័យ​អប់រំនៅកម្ពុជា​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា លោក ហង់ ជួនណារ៉ុន បានបញ្ចេញ​​ប្រតិកម្មខ្លាំងៗ ដោយ​បានចាត់ទុក​សម្តី​របស់​​លោក ​សម រង្ស៊ី ​ជាការ​មើលងាយ និង​វាយប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដែល​​មិនអាច​ទទួលយក​បាន។ លោក​រដ្ឋមន្ត្រី ក៏បាន​អះអាងថា ក្រោយពី​ការលើកឡើង​នេះ មាន​គ្រូ​បង្រៀន​​ខ្លះ​ចង់​បបួល​​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ​ជាមួយគ្នា ដើម្បី​រក​អ្នកខ្សោយ និង​អ្នក​ខ្លាំង។
គួររំលឹកបន្តិច​ថា កាលពីថ្ងៃទី៤ខែតុលា លោក សម រង្ស៊ី បានបោះពាក្យប្រមាថសញ្ញាប័ត្រនៅស្រុកខ្មែរ​ថា គ្មាន​តម្លៃ​នោះទេ គឺនៅចំពោះមុខសកម្មជនរបស់គណបក្សសង្គ្រោះជាតិ គ្រាដែលមេបក្សប្រឆាំង​រូប​នេះ​បាន​ជំទើត​ខ្លួន​​ចែកសញ្ញាប័ត្រ ដល់សកម្មជនក្នុងបក្សនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ​នៅ​ចាក់​អង្រែ។ គេ​មិនដែលឃើញប្រធានគណបក្សប្រឆាំងចែកសញ្ញាប័ត្រនេះទេ កាលពីមុន ទើបតែពេល​នេះ​បាន​ចែក​សញ្ញាបត្រ អត្ថន័យនេះ ក៏ទំនងជាគេអាចសន្និដ្ឋានបានថា មេបក្សប្រឆាំងកំពុងរៀបឬក​រៀប​ពារ​​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រីឧទាហរណ៍សិន ទំរាំចាំអ៊ុតមើលលទ្ធផលឆ្នោតឆ្នាំ២០១៨។
រឿងរៀបឬករៀបពារធ្វើនាយករដ្ឋមន្ត្រីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​ចំអកឲ្យ​ម្ដង​រួច​ហើយ ព្រោះ​បាន​ឃើញ​ការរៀបឬករៀបពារនេះម្ដងហើយម្ដងទៀត ឲ្យតែមុនបោះឆ្នោតចាប់ផ្តើម​រៀប​ឬកពារ​​ជា​នាយក​រដ្ឋមន្ត្រីឧទាហរណ៍បណ្ដើរៗ តែក្រោយការបោះឆ្នោត គេមិនដែលឃើញបានខ្មេះ​ស្អី​នោះ​ទេ​។
ងាកមកសញ្ញាប័ត្រវិញ សម្រាប់អ្នកនយោបាយបានចាត់ទុកចរិករបស់មេបក្សប្រឆាំងថា ជារឿងធម្មតា​ទៅហើយ ព្រោះគេមិនដែលឃើញលោក សម រង្ស៊ី សរសើរចំណុចណាររបស់រាជរដ្ឋាភិបាលនោះទេ ខណៈ​ដែលខ្លួនគ្រប់គ្រងតែបក្សមួយមិនទាន់បានល្អឥតខ្ចោះផងនោះ។
មាត់ឥតគំរបរបស់មេបក្សប្រឆាំង ត្រូវបានរងការរិះគន់ពេញទំហឹងពីក្រុមនិស្សិត សាស្ត្រាចារ្យ និង​បញ្ញា​វ័ន្ដនៅស្រុកខ្មែរ។ បើតាមលោក សម រង្ស៊ី សញ្ញាប័ត្រនៅស្រុកខ្មែរគ្មានតម្លៃនោះទេ។ ទំនង​ជា​ត្រូវ​ខ្លះ​ដែរ​​​ព្រោះចឹងហើយ បានជាគេមិនឃើញលោក សម រង្ស៊ី ទុកកូនឲ្យរៀននៅសាលាក្នុងស្រុកខ្មែរ គឺ​បញ្ជូន​​ឲ្យ​​រៀននៅក្រៅប្រទេសអស់ៗ តែអ្នកមានកូនទៅរៀននៅស្រុកគេ នៅក្នុង​ជួរ​គណបក្ស​ប្រឆាំង​មិន​មាន​​ច្រើន​ទេ គឺមានតែកូនរបស់មេដឹកនាំគ្រាក់ៗក្នុងបក្សតែប៉ុណ្ណោះ មានដូចជាកូនស្រីលោក កឹម សុខា កូន​របស់លោកស្រី មួរ សុខហួរ ជាដើម។ តែកូនអ្នកទាំងនោះទៅរៀននៅស្រុកគេហើយ មក​ដើរ​ប្រួក​ប្រាច​​​ពាសពេញផ្លូវនៅស្រុកខ្មែរដែរ ពោលគឺទៅរៀននៅស្រុកគេច្រើនតែចេះបាតុកម្មតាមឪ។ បាតុកម្ម​នៅ​ទី​ណាមិនបាតុទេ បាតុតែនៅក្នុងរាជធានីភ្នំពេញ និងចេះជំនាញមួយទៀត គឺដកខ្លួន មាន​ហេតុផល​ថា ទៅបំពេញទស្សនកិច្ចក្រៅស្រុក នៅពេលមានរឿងក្នុងស្រុកម្ដងៗ។
ដល់ចំណុចនេះ គឺមានន័យថា ក្រៅអំពីអ្នករៀននៅក្រៅប្រទេសនោះ បញ្ញជនដែលនៅក្នុង​ស្រុកខ្មែរ កាន់ស​ញ្ញាប័ត្របណ្ឌិត អនុបណ្ឌិត បរិញ្ញាប័ត្រ បាក់ឌុប ឌីប្លូម ឬសញ្ញាប័ត្រជំនាញជាដើម​ គឺ​គ្មាន​តម្លៃ​ទេ អញ្ចឹងមានន័យថា អ្នករៀនស្រុកខ្មែរគ្មានចេះអីទេ ចេះតែក្រុមកូនលោកដែលបានទៅរៀន​នៅ​បរ​ទេស​​តែប៉ុណ្ណោះ។ សូម្បីតែសាស្ត្រាចារ្យដែលកាន់សញ្ញាប័ត្រនៅស្រុកខ្មែរក៏គ្មានសមត្ថភាពដែរ។​
ប្រសិនបើអ្វីៗដូចជាការលើកឡើងរបស់លោក សម រង្ស៊ី មែន នោះសាស្ត្រាចារ្យដែលបង្រៀន​នៅ​ស្រុក​ខ្មែរ​​​អាចប្រឈមនឹងការបាប់បង់អាជីព ព្រោះបង្រៀនអត់សមត្ថភាព និងសញ្ញប័ត្រគ្មានតម្លៃ ហើយនិង​គ្មាន​កន្លែងសម្រាប់​ឈរជើងនោះទេ។ សិស្សានុសិស្សរាប់លាននាក់ កំពុងរៀនចំណេះដឹងទូទៅ និស្សិត​នៅតាមបណ្ដាមហាវិទ្យាល័យ អ្នកគ្រូលោកគ្រូ សាស្ត្រាចារ្យ និងបញ្ញាវ័ន្ដដែលសិក្សានៅកម្ពុជានឹងក្លាយ​ទៅជាគ្មានតម្លៃផ្នែកចំណេះដឹងនោះទេ។ គឺពួកគេរាល់គ្នានឹងមានសញ្ញាប័ត្រខ្ពស់ៗ តែគ្មានគំនិត គ្មាន​ចំណេះនោះទេ មានតែអ្នកដែលបានទៅរៀននៅបរទេសតែប៉ុណ្ណោះ។
ជាទូទៅគេដឹងថា លោក សម រង្ស៊ី និយាយនេះ ក៏ដើម្បីតែនយោបាយដែរ ក៏ប៉ុន្ដែភាពប្រជាភិថុតិ ឬភាព​បោក​ប្រាស់ដើម្បីបំរើនយោបាយបក្សពួកខ្លួនតែមួយក្រុមនេះ វានឹងធ្វើឲ្យបញ្ញាវ័ន្ដជនជាតិខ្មែរ គ្មាន​តម្លៃ​នោះទេ សម្រាប់ឆាកអន្តរជាតិ ហើយកិត្តិយសរបស់បញ្ញាវ័ន្ដមានដូចជា គ្រូបង្រៀនដែលអ្នកផងគោរព​និងឲ្យតម្លៃជាបញ្ញាវ័ន្ដនោះ អាប់ងើបមុខគ្មានរួចនោះទេ។ ក៏ព្រោះតែភាពចំណេញនយោបាយមេបក្ស​ប្រឆាំងបានទំលាក់តម្លៃគ្រូបង្រៀន ទំលាក់តម្លៃរបស់អ្នកបង្រៀនសិស្សទទួលបាន​សញ្ញា​ប័ត្រថា គ្មាន​តម្លៃ។ បើគិតៗទៅ ធម្មតាទៅហើយ ព្រោះតែចំណុចណាមួយក្នុងវិស័យរាជរដ្ឋាភិបាលក៏ធ្លាប់រងនូវការ​រិះគន់ មានរហូតរិះគន់បំផ្លើសនូវចំណុចដែលរាជរដ្ឋាភិបាលបាន​ និង​កំពុងធ្វើ។
ចំពោះសញ្ញាប័ត្រនៅក្នុងវិស័យអប់រំនេះដែរ លោក សម រង្ស៊ី ពិតជាពូកែរិះគន់មែន ព្រោះគេក៏មិនដែល​ឃើញលោក សម រង្ស៊ី បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬកៀរគររកចំណូលឯណាទៅជួយសាងសង់​សាលារៀន មានតែគៀរគរចំណូលចូលរួមជួយធ្វើបាតុកម្ម ញុះញង់ឲ្យមានការដុតបំផ្លាញឡានប៉ូលីស ឡានទឹក ដុត​កង់ឡាន​ គៀរគររកលុយធ្វើចំការម្រេច ល្ហុងខ្វង អាហ្នឹងប្រហែលអាចមាន។
ជារួម ទោះបែបណាក្ដី សំដីមួយមាត់នេះ គឺវាបានលើសពីការឃោសនានយោបាយបាត់ទៅហើយ ព្រោះ​​ថា មានមនុស្សច្រើនណាស់ដែលបានប្រាស្រ័យផលរបស់សញ្ញាបត្រនៅកម្ពុជានេះ ជាស្ពានក្នុង​ការ​សាងអនាគត មិនថា ទៅរៀនបន្ដនៅស្រុកក្រៅ មិនថា ធ្វើការនៅស្រុកក្រៅ ឬធ្វើការនៅស្រុកខ្មែរ និង​​ធ្វើជំនួញរកស៊ីជួញដូរនានា។
តែទោះយ៉ាងណាគេនៅមិនទាន់ដឹងថា តើគ្រូបង្រៀន សាស្ត្រាចារ្យ ​និស្សិ​ត​ នឹងមានប្រតិកម្មខ្លាំង​ក្លា​យ៉ាង​ណា​ទៀត ប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះ​ជាតិ​នោះ​ទេ នេះ​មិន​ទាន់​គិត​អំពី​ទំ​ហំ​ទឹក​ចិត្ត​ នៃ​ការ​ខឹង​សម្បាររបស់មាតាបិតាសិស្ស​ប្រឡង​ជាប់ ដែល​ពួក​គាត់​បាន​ប្រឹង​ប្រែង​ លំបាកសព្វ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​រក​ថវិកាចិញ្ចឹម​ និង​ផ្គត់​ផ្គង់​ឲ្យ​កូន​គាត់​បាន​រៀន​សូត្រ​ ទម្រាំប្រឡងជាប់​នោះ​ឡើយ ដែល​ពុំ​គួរ​គប្បី​ត្រូវ​បាន​មេបក្ស​ប្រឆាំង​មាក់ងាយ តម្លៃ​នៃ​ការ​ខិតខំ​របស់​ពួក​គាត់​ និង​កូន​របស់​ពួក​គាត់​បែប​នេះ​ឡើយ​៕

ដោយ៖ សុខ សុវណ្ណ